![អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញ](https://cdn.cambonomist.com/media/images/photo_2022-10-19_15-17-46.2e16d0ba.fill-960x540.jpg)
ប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញនេះ នឹងដាក់នៅលើគេហទំព័ររបស់អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ដែលមានអាសយដ្ឋាន www.acledasecurities.com.kh សម្រាប់វិនិយោគិន និងសាធារណៈជន ធ្វើការបើកគណនីជួញដូរដោយខ្លួនឯងតាមរយៈទូរស័ព្ទចល័ត ថេបផ្លេត ឬកុំព្យូទ័ររបស់ខ្លួន ។ ប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញនេះ ផ្តល់អត្ថប្រយោជន៍ដល់វិនិយោគិន និងសាធារណៈជន ដូចខាងក្រោម៖
-មិនចាំបាច់មកកាន់ការិយាល័យ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី
-មិនចាំបាច់ចំណាយពេលវេលាក្នុងការធ្វើដំណើរមកកាន់ការិយាល័យ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី
-សន្សំការចំណាយក្នុងការធ្វើដំណើរមកកាន់ការិយាល័យ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី
-អាចធ្វើប្រតិបត្តិការបើកគណនីជួញដូរដោយខ្លួនឯងពីទីកន្លែងណាក៏បាន និងពេលណាក៏បានក្នុងម៉ោង នៃថ្ងៃបើកទីផ្សារមូលបត្រ
![asss](https://cdn.cambonomist.com/media/images/asss.original.png)
បណ្ឌិត ព្រំ វិសុទ្ធ អគ្គនាយកនៃអេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី បានមានប្រសាសន៍ថា “ នេះគឺជាសមិទ្ធិផលដ៏អស្ចារ្យមួយទៀតរបស់អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ដែលខ្លួនបានប្តេជ្ញាចិត្តក្នុងការផ្តល់សេវាកម្មដែលមានលក្ខណៈកាន់តែងាយស្រួលដល់វិនិយោគិន និងសាធារណៈជនទូទៅ ។ តាមរយៈប្រព័ន្ធនេះ វិនិយោគិន និងសាធារណៈជន អាចធ្វើការបើកគណនីជួញដូរដោយខ្លួនឯងតាមរយៈទូរស័ព្ទចល័ត ថេបផ្លេត ឬកុំព្យូទ័ររបស់ខ្លួន ពីទីកន្លែងណាក៏បាន និងពេលណាក៏បានក្នុងម៉ោង នៃថ្ងៃបើកទីផ្សារមូលបត្រ ជាពិសេសនឹងទាក់ទាញវិនិយោគិនថ្មីៗបើកគណនីជួញដូរកាន់តែច្រើនបន្ថែមទៀតនៅក្នុងទីផ្សារមូលបត្រកម្ពុជា ដែលនឹងអាចធ្វើឱ្យសកម្មភាពវិនិយោគ និងការជួញដូរមូលបត្រនៅលើទីផ្សារមូលបត្រកាន់តែសកម្មឡើង ព្រមទាំងជំរុញឱ្យវិស័យមូលបត្រកម្ពុជាកាន់តែរីកចម្រើន“ ។