ក្រុមអ្នកជំនាញមួយក្រុមមកពីប្រទេសបារាំង បានបង្ហាញការគាំទ្រ និងលើកស្ទួយសិប្បកម្ម សេរ៉ាម៉ិច ឬសិល្បៈស្មូនរបស់ខ្មែរ ក្រោយពីបានមកដល់ និងស្នាក់នៅប្រទេសកម្ពុជា ត្រឹមតែរយៈពេលខ្លី ប៉ុនណោះ ដោយក្រុមអ្នកជំនាញសន្យាថា នឹងជំរុញការផ្សព្វផ្សាយ និងរកទីផ្សារបន្ថែមសម្រាប់វិស័យនេះ។
សិប្បកម្មសេរ៉ាមិចនៅកម្ពុជា ភាគច្រើនមានការផលិតជាសម្ភារៈប្រើប្រាស់ ដូចជា ក្អម ឆ្នាំង ចាន និងវត្ថុអនុស្សាវរីយ៍ ជាដើម។ ក្រុមអ្នកជំនាញបារាំង ផ្នែកសេរ៉ាម៉ិច និងម្ហូបអាហារ បានបង្ហាញការចាប់អារម្មណ៍ខ្លាំងលើវិស័យសេរ៉ាម៉ិចខ្មែរ ដែលសិប្បកម្មក្នុងស្រុក និងការបង្កើតថ្មី របស់ប្រជាជនកម្ពុជា។ ក្រុមអ្នកជំនាញក្នុងវិស័យនេះ បានគូសបញ្ជាក់ថា អាជីវកម្មក្នុងស្រុកត្រូវការការរចនាប្រកបដោយភាពច្នៃប្រឌិត ដូច្នេះ នេះជាឱកាសមួយសម្រាប់អ្នករចនាម៉ូតអន្តរជាតិ បានប្រឈមមុខនឹងស្ថានភាពជាក់ស្តែង ព្រមទាំងស្ថានភាពលំបាកផ្សេងៗ អំឡុងពេលអនុវត្តកិច្ចការនេះ ដោយមានការគាំទ្រពីអ្នកជំនាញ។
ម្យ៉ាងវិញទៀត វាក៏ជាឱកាសមួយសម្រាប់អាជីវកម្មក្នុងស្រុក បានមើលឃើញអំពីអត្ថប្រយោជន៍ដែលអ្នករចនាម៉ូតអាចផ្តល់ដល់ពួកគេ។ ក្រុមអ្នកជំនាញបានបន្តថា ដំណាក់កាលចុងក្រោយ មានសារៈសំខាន់ណាស់ចំពោះដំណើរការរបស់ពួកគេ គឺការធ្វើទីផ្សារ ទាំងចំពោះទីផ្សារក្នុងស្រុក និងអន្តរជាតិ។
លោក សុន សីហាក់ ជាម្ចាស់សិប្បកម្ម «មរតកសេរ៉ាម៉ិចខ្មែរ» ដែលមានទីតាំងនៅខេត្តសៀមរាបបានគូសបញ្ជាក់ថា សិប្បកម្មមរតកសេរ៉ាម៉ិច បានបើកដំណើរការជិត ១០ឆ្នាំមកហើយ និងទទួលបានការគាំទ្រពីសំណាក់បណ្តាជនបរទេសច្រើនជាងខ្មែរ ដែលភាគច្រើនពួកគេទិញយកទៅដាក់តាំងនៅក្នុងហាង សណ្ឋាគារ ភោជនីយដ្ឋាន ឬទីតាំងអាជីវកម្មរបស់ពួកគេ។ ប៉ុន្តែ នៅក្នុងអំឡុងពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩នេះ វិស័យទេសចរណ៍បានធ្លាក់ចុះ បានធ្វើឱ្យការលក់របស់សិប្បកម្មស្ទើរគ្រប់ប្រភេទ មានការធ្លាក់ចុះ ផងដែរ ដោយសារតែអតិថិជនភាគច្រើនជាជនបរទេស។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី ម្ចាស់សិប្បកម្ម «មរតកសេរ៉ាម៉ិចខ្មែរ» ក៏បានបង្ហាញនូវភាពសប្បាយរីករាយ ផងដែរ ដែលវិបត្តិកូវីដ១៩ បានធ្វើឲ្យប្រជាជនខ្មែរងាកមកចាប់អារម្មណ៍ និងគាំទ្រច្រើនបន្ទាប់លើវិស័យនេះ បន្ទាប់ពីលោកបានព្យាយាមផ្សព្វផ្សាយតាមបណ្តាញសង្គម ។ លើសពីនោះ លោកក៏បង្ហាញគំនិតសុទិដ្ឋិនិយម ផងដែរ ចំពោះការចូលរួមសហការ ជាមួយក្រុមអ្នកជំនាញបរទេស ដើម្បីបង្កើនការផ្សព្វផ្សាយ និងពង្រីកសក្ដានុពលទីផ្សារបន្ថែមសម្រាប់វិស័យសេរ៉ាម៉ិចខ្មែរ ដោយលោករំពឹងថា វិស័យនេះ នឹងកាន់តែរីចចម្រើនបន្ថែមទៀត។
ម្ចាស់សិប្បកម្មសេរ៉ាម៉ិចរូបនេះ បានគូសបញ្ជាក់ទៀតថា អាជីវកម្មមួយនេះ ក៏ប្រឈមមុខនឹងបញ្ហាមួយចំនួន ផងដែរ ដូចជា កត្តាទីផ្សារ និងធនធានមនុស្ស ជាពិសេសបញ្ហាតម្លៃ ព្រោះវាជាផលិតផលធ្វើឡើងដោយដៃខុសប្លែកពីផលិតផលបរទេសដែលមានពុម្ពស្រាប់នោះទេ។ សម្រាប់តម្លៃលោកបញ្ជាក់អាចលក់បានចាប់ ១ដុល្លារ រហូត១០០ដុល្លារ អាស្រ័យទៅតាមទំហំ និងការរចនាម៉ូត។ ដ្បិតថា ចំណូលមិនសូវទទួលបានខ្ពស់ តែលោក សុន សីហាក់ បញ្ជាក់ថា លោករីករាយចំពោះអាជីវកម្មនេះ ដោយសារលោកបានចូលរួមលើកស្ទួយ និងថែរក្សាវប្បធម៌ខ្មែរផង និងអាចជួយប្រជាពលរដ្ឋមួយចំនួនឲ្យមានការងារធ្វើ។ ជាមួយគ្នានោះ លោកក៏អំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទូទៅចូលរួមផ្សព្វផ្សាយពីផលិតផលស្មូនសេរ៉ាម៉ិចខ្មែរឱ្យបានទូលាយ ក្នុងន័យជួយថែរក្សាវប្បធម៌ប្រពៃណីជាតិខ្មែរ ក៏ដូចជា ជួយគាំទ្រដល់ផលិតក្នុងស្រុក ផងដែរ៕