ទីផ្សារសណ្ឋាគារនឹងឆ្អែតនៅ៤ឆ្នាំខាងមុខ

អ្នកជំនាញវាយតម្លៃថាទីផ្សារសណ្ឋាគារនឹងឆ្អែតនៅ៤ឆ្នាំខាងមុខតម្រូវឲ្យអ្នកវិនិយោគមានការប្រុងប្រយ័ត្នខ្ពស់


ការវិនិយោគនៅក្នុងវិស័យសណ្ឋាគារដែលជាផ្នែកមួយបម្រើឲ្យវិស័យទេសចរណ៍ ឃើញថាមានការរីកចម្រើនគួរឲ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាក់ស្តែងគិតត្រឹមដំណាច់ឆ្នាំ២០២២ កម្ពុជាមានសណ្ឋារសរុបប្រមាណ៧០០សណ្ឋាគារនិងមានជាង២ម៉ឺនបន្ទប់ ក្នុងនោះសណ្ឋាគារជ្រកក្រោមប្រេនឆាយអន្តរជាតិមានប្រមាណ៥០ និងសណ្ឋាគារលំដាប់ផ្កាយក្នុងស្រុកមានជាង៨០។ តាមរយៈសន្ទុះនៃរីកចម្រើននៃវិស័យនេះបានជំរុញឲ្យអ្នកវិនិយោគក្នុងវិស័យសណ្ឋាគារបានវាយតម្លៃថា ការផ្គត់ផ្គង់ក្នុងទីផ្សារសណ្ឋាគារនៅកម្ពុជាអាចនឹងលើសតម្រូវការនៅក្នុងរយៈពេលពី៤ទៅ៥ឆ្នាំខាងមុខនេះ។
ទីផ្សារសណ្ឋាគារនឹងឆ្អែតនៅ៤ឆ្នាំខាងមុខ
ដោយ

កត្តានេះបានធ្វើឲ្យអ្នកជំនាញជំរុញឲ្យអ្នកវិនិយោគក្នុងវិស័យនេះត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់សម្រាប់ការបោះទុនវិនិយោគក្នុងវិស័យនេះនាពេលខាងមុខ។
អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលជាអ្នកវិនិយោគនៅក្នុងវិស័យសណ្ឋាគារនៅកម្ពុជាបានវាយតម្លៃថា ទីផ្សារសណ្ឋាគារនៅកម្ពុជានឹងអាចឈានទៅរកការផ្គត់ផ្គង់លើសតម្រូវការក្នុងរយៈពេលពី៤ទៅ៥ឆ្នាំខាងមុខនេះ។ ការវាយតម្លៃបែបនេះ ក៏ដោយសារតែអ្នកឧកញ៉ាសង្កេតឃើញថាតម្រូវការប្រើប្រាស់បន្ទប់សណ្ឋាគារលំដាប់អន្តរជាតិបច្ចុប្បន្នមានមិនដល់៥០% ផងនៃសណ្ឋាគារសរុបនៅកម្ពុជា។ កត្តានេះហើយវាបានធ្វើឲ្យអ្នកជំនួញដ៏ល្បីល្បាញរូបនេះស្នើឲ្យអ្នកវិនិយោគទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នលើការវិនិយោគក្នុងវិស័យសណ្ឋាគារនាពេលបច្ចុប្បន្ននិងទៅថ្ងៃអនាគត។ សម្រាប់អ្នកឧកញ៉ា លាង ម៉េង ដែលចង់ក្លាយជាចលករដ៏សំខាន់មួយក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ មិនចង់ឃើញអ្នកវិនិយោគនៅកម្ពុជាវិនិយោគលើវិស័យអ្វីជាន់គ្នាច្រើនពេកនោះទេ។

បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍គិតត្រឹមដំណាច់ឆ្នាំ២០២២ កម្ពុជាមានសណ្ឋាគារសរុបប្រមាណ៧០០សណ្ឋាគារ និងមានបន្ទប់ជាង២ម៉ឺនបន្ទប់។ ក្នុងចំណោមសណ្ឋាគារទាំងនេះមានសណ្ឋាគារលំដាប់អន្តរជាតិជាង១៣០សណ្ឋាគារ ក្នុងនោះប្រមាណ៥០សណ្ឋាគារជាប្រេនឆាយរបស់អន្តរជាតិ និងជាង៨០សណ្ឋាគារជាសណ្ឋាគារលំដាប់ផ្កាយ៥ និងផ្កាយ៤ជាដើម ដែលត្រូវបានវាយតម្លៃគុណភាពដោយក្រសួងទេសចរណ៍ និងស្ថាប័នអន្តរជាតិ។ វិស័យសណ្ឋាគារត្រូវបានចាត់ទុកជាវិស័យមួយ ដែលបានរងផលប៉ះពាល់ខ្លាំងដោយសារវិបត្តិកូវីដ-១៩ ព្រោះមានសណ្ឋាគារមួយចំនួនបានផ្អាក ឬបិទអាជីវកម្មរបស់ខ្លួន ដោយសារខ្សត់ភ្ញៀវទេសចរ។
ជាក់ស្តែងក្នុងចំណោមសណ្ឋាគារលំដាប់អន្តរជាតិខាងលើមានសណ្ឋាគារជាង៥០សណ្ឋាគារបានផ្អាកអាជីវកម្មក្នុងអំឡុងវិបត្តិកូវីដ-១៩។ តែយ៉ាងណាមកទល់ពេលនេះសណ្ឋាគារទាំងនោះបានបើកដំណើរការឡើងវិញស្ទើរ១០០%ហើយ ក្រោយស្ថានភាពការឆ្លងរាលដាល់នៃជំងឺកូវីដ-១៩ នៅកម្ពុជា ក៏ដូចជាលើពិភពលោកមានភាពធូរស្បើយ។ យ៉ាងណាក៏ដោយវិស័យនេះនៅតែបន្តស្ថិតក្នុងភាពមិនច្បាស់លាស់នៃការងើបមករកប្រក្រតីភាពឡើងវិញ ដោយសារបច្ចុប្បន្នទាំងសេដ្ឋកិច្ចកម្ពុជា និងសកលលោកបន្តស្ថិតក្នុងភាពមិនប្រាកដប្រជា ដោយបង្កឡើងដោយវិបត្តិសង្គ្រាមនៅអ៊ុយក្រែន វិបត្តិអតិផរណា ការធ្លាក់ចុះខ្សែចង្វាក់ផ្គត់ផ្គង់សកល និងភាពតានតឹងពាណិជ្ជកម្មរវាងអាមេរិក និងចិនជាដើម។
បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៣លាននាក់នៅ៧ខែឆ្នាំនេះ ដែលធ្វើឲ្យឯកឧត្តមរំពឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ៥លាននាក់នៅពេញមួយឆ្នាំ២០២៣ នេះ៕




អត្ថបទបន្ទាប់


ហេតុអ្វីសេដ្ឋីគ្រាក់ៗនៅកម្ពុជាគួរតែបង្វែរការវិនិយោគចេញពីអចលនទ្រព្យ មកផ្ដោតលើវិស័យសក្ដានុពលផ្សេងទៀត?

ស្របពេលវិស័យអចលនទ្រព្យនៅកម្ពុជាកំពុងស្ថិតនៅក្នុងស្ថានភាពមិនសូវល្អប្រសើរនាប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកឧកញ៉ា សៀ ឫទ្ធី អនុប្រធានសមាគមឧកញ៉ាកម្ព…

តើការអភិវឌ្ឍនិងស្ដារផ្លូវដែកឡើងវិញនៅកម្ពុជាគួរតែពឹងផ្អែកទាំងស្រុងលើចិនឬយ៉ាងណា?

តើការអភិវឌ្ឍនិងស្ដារផ្លូវដែកឡើងវិញនៅកម្ពុជាគួរតែពឹងផ្អែកទាំងស្រុងលើចិនឬយ៉ាងណា? ជាការពិតណាស់ កម្ពុជាបានចាត់ទុកចិន គឺជាមិត្តដែកថែប ហើយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ