
ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានលើកឡើងថា នៅឆ្នាំ២០២០ អាចនិយាយបានថា ជាប្រវត្តិសាស្ត្រមួយរបស់កម្ពុជា ដោយនៅអំឡុងពេលដែលមានវិបត្តិកូវីដ-១៩ មករំខាន ប៉ុន្ដែទីផ្សារមូលបត្រកម្ពុជានៅតែទទួលបានក្រុមហ៊ុនចុះបញ្ជីដល់ទៅ ៥ក្រុមហ៊ុនឯណោះ ពិសេសគឺការបោះផ្សាយលក់ភាគហ៊ុនរបស់ធនាគារអេស៊ីលីដា ដែលជាធនាគារឈានមុខគេមួយនៅកម្ពុជា។ ឯកឧត្តម សង្កត់ធ្ងន់ថា បើគ្មានវត្តមានក្រុមហ៊ុនទាំង៥នេះទេ វិស័យផ្សារមូលបត្រកម្ពុជា នៅឆ្នាំ២០២០អាចនឹងត្រូវជួបបញ្ហាប្រឈមខ្លាំង។
ទោះយ៉ាងណា ឯកឧត្តម ហុង សុហួរ បានគូសបញ្ជាក់ថា បើគិតពីទំហំជួញដូរជាមធ្យមប្រចាំថ្ងៃ នៅឆ្នាំ២០២០ គឺមានប្រមាណ ជិត ១៤ម៉ឺនដុល្លារ មានការធ្លាក់ចុះបន្តិច បើធៀបនឹងឆ្នាំ២០១៩ ដែលមានដល់ទៅប្រមាណ ១៥ម៉ឺនដុល្លារ។

លោក ព្រំ វិសុទ្ធ អគ្គនាយកក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី បាននិយាយថា នៅឆ្នាំ២០២០ បើទោះបីជាមានកូវីដ-១៩ ប៉ុន្ដែ វាជាឆ្នាំមួយល្អ សម្រាប់វិស័យមូលបត្រកម្ពុជា ដ្បិតថា ចំនួននៃការបោះផ្សាយមូលបត្រ និងក្រុមហ៊ុនចុះបញ្ជីមានការកើនឡើងច្រើនជាងឆ្នាំមុនៗទៅទៀត។ ជាក់ស្ដែង ក្រុមហ៊ុនដែលបានចុះបញ្ជីថ្មី នៅឆ្នាំ២០២០ នៅក្នុងផ្សារមូលបត្រកម្ពុជា បានប្រមូលចំណូលពីទីផ្សារបានដល់ទៅជាង៩០លានដុល្លារអាមេរិក។ លោក ព្រំ វិសុទ្ធ មានជំនឿថា នៅឆ្នាំ២០២១ វិស័យមូលបត្រកម្ពុជា នឹងនៅតែបន្ដកំណើនថែមទៀត ខណៈដែលសេដ្ឋកិច្ចសាកលក៏ដូចជាសេដ្ឋកិច្ចកម្ពុជាផងដែរ ត្រូវបានរំពឹងថា នឹងស្ទុះងើបឡើងវិញ។
សូមជម្រាបថា គិតត្រឹមដំណាច់ឆ្នាំ ២០២០ ចំនួនក្រុមហ៊ុនបោះផ្សាយលក់មូលបត្រកម្មសិទ្ធិមាន ៧ស្ថាប័ន ដែលប្រមូលដើមទុនបានប្រមាណ ១០១លានដុល្លារអាមេរិក ខណៈក្រុមហ៊ុនបោះផ្សាយលក់មូលបត្របំណុលមាន ៦ស្ថាប័ន និងប្រមូលដើមទុនបាន ១៤៣លានដុល្លារអាមេរិកពី ទីផ្សារមូលបត្រនៅកម្ពុជា៕