ទំហំឥណទានលក្ខណៈបុគ្គល ឬឥណទានគ្រួសារ មានការកើនឡើកគួរឱ្យកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ។ ថ្នាក់ដឹកនាំសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សុទ្ធតែបានអះអាងថា កម្ចីលក្ខណៈបុគ្គល ដែលគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុផ្តល់ឱ្យអតិថិជន ភាគច្រើនយកទៅប្រើប្រាស់សម្រាប់ការធ្វើអាជីកម្មខ្នាតតូច ខណៈការប្រើប្រាស់សម្រាប់បុគ្គលផ្ទាល់ គឺមានតិចតួចប៉ុណ្ណោះ។ បើតាមការអះអាងរបស់ថ្នាក់ដឹកនាំសមាគមខាងលើ កត្តាដែលជំរុញឱ្យអតិថិជនមួយចំនួនស្នើសុំកម្ចីជាលក្ខណៈបុគ្គល តែយកទៅប្រើប្រាស់សម្រាប់គោលដៅអាជីវកម្មនេះ គឺដោយសារអាជីវកម្មពួកគេភាគច្រើនជាអាជីវកម្មខ្នាតតូច ដែលមិនបានចុះបញ្ជីអាជីវកម្ម។
ជាមួយគ្នានេះ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ទទួលស្គាល់ថា ការផ្តល់ឥណទានបុគ្គលពិតជាមានកំណើនពិតប្រាកដមែននាពេលបច្ចុប្បន្ននេះ។ បើតាមការអះអាងរបស់អ្នកជំនាញរូបនេះ ការប្រើប្រាស់ឥណទាមលក្ខណៈបុគ្គលសម្រាប់គោលដៅអាជីវកម្មហាក់មិនបានផ្តល់ផលប៉ះពាល់ ឬហានិភ័យដល់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុនោះទេ។ លោកបណ្ឌិត អ៊ិន ចាន់នី បានសង្កត់ធ្ងន់ថា ក្នុងចំណោមឥណទានខូចរបស់ធនាគារ អេស៊ីលីដា មានការរួមចំណែកពីឥណទានលក្ខណៈបុគ្គលតែ១%ប៉ុណ្ណោះ។
បើតាមរបាយការណ៍របស់ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) ចំនួននៃពាក្យស្នើសុំឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូចបានកើនឡើងជារួមមានប្រមាណ៥,៧% គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៤នេះ ខណៈអនុបាតនៃឥណទានសំណងយឺតលើសពី៣០ថ្ងៃ នៅរយៈពេលដូចគ្នានេះ គឺមានការកើនឡើងប្រមាណជាង៩% ពីកំណើនជាង៨% នៅក្នុងត្រីមាសទី២ឆ្នាំនេះ៕