វិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជា

ក្រុមអ្នកជំនាញថា វិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជានៅតែរឹងមាំនៅដើមឆ្នាំនេះ


ការដួលរលំនៃធនាគារធំៗជាបន្ដបន្ទាប់នៅអាមេរិក កំពុងត្រូវបានស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗមួយចំនួនដូចជា IMF ចាត់ទុកថា គឺជាហានិភ័យមួយដែលគំរាមកំហែងដល់សេដ្ឋកិច្ចតំបន់អាស៊ី និងពិភពលោកនៅឆ្នាំនេះ។ ទោះបីជាស្ថិតក្នុងបរិការណ៍នេះក្ដី សម្រាប់ក្រុមអ្នកជំនាញនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជា អះអាងថា សុខភាពរបស់វិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជានៅតែរក្សាបាននូវភាពល្អប្រសើរនៅដើមឆ្នាំ២០២៣នេះ ពោលគឺមិនមានអ្វីប្រែប្រួលគួរឲ្យកត់សម្គាល់នោះទេ ហើយប្រតិបត្តិការក្នុងវិស័យនេះ ក៏នៅតែមានភាពប្រក្រតីជាធម្មតា។
ក្រុមអ្នកជំនាញថា វិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជានៅតែរឹងមាំនៅដើមឆ្នាំនេះ

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា អះអាងថា នៅក្នុងត្រីមាសទី១ដើមឆ្នាំនេះ វិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជា មានការរីកលូតលាស់ល្អទៅតាមអ្វីដែលបានគ្រោងទុក។ ហើយបើទោះបីជានៅប្រទេសលោកខាងលិច កំពុងតែជួបនូវបញ្ហាការដួលរលំធនាគារធំៗជាបន្តបន្ទាប់មែន ប៉ុន្តែវាមិនបានផ្តល់ផលប៉ះពាល់ទៅដល់វិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជានោះទេ ដោយសារតែប្រភពទុន ដែលធនាគារនៅកម្ពុជាយកមកប្រើប្រាស់ គឺជាប្រភពទុននៅក្នុងស្រុក។ ប៉ុន្តែក៏មានប្រភពទុនមួយចំនួនតូច ដែលកម្ពុជានៅពឹងផ្អែកពីក្រៅប្រទេស រួមទាំងសហគមអឺរ៉ុប ដែលវាអាចនឹងមានប៉ះពាល់ខ្លះ គឺដោយសារតម្លៃប្រភពទុនពីក្រៅប្រទេសមានតម្លៃថ្លៃ ដែលធ្វើឱ្យអត្រានៃការឱ្យខ្ចីត្រលប់ទៅវិញមានតម្លៃខ្ពស់ជាងឆ្នាំមុនៗ។

ជុំវិញនឹងស្ថានភាពនៃវិស័យធនាគារ និងហិរញ្ញវត្ថុនេះដែរ ឧកញ៉ា ហួត អៀងតុង អគ្គនាយកប្រតិបត្តិ ធនាគារ ហត្ថា បានអះអាងថា ស្ថានភាពវិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជានៅដើមឆ្នាំ២០២៣នេះ មិនមានអ្វីប្រែប្រួលគួរឲ្យកត់សម្គាល់នោះទេ។ ទោះយ៉ាងណា លោកឧកញ៉ាគូសបញ្ជាក់ថា ហើយការដួលរំលំរបស់ធនាគារធំៗមួយចំនួននៅសហគមអឺរ៉ុប និងអាមេរិក ក៏មិនមានផលប៉ះពាល់ដល់ប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុកម្ពុជាបច្ចុប្បន្ននោះដែរ ក៏ប៉ុន្តែនៅពេលខាងមុខ បញ្ហានេះអាចនឹងប៉ះពាល់ដល់សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងពិភពលោក ហើយសម្រាប់កម្ពុជាក៏អាចទទួលឥទ្ធិពលខ្លះៗដែរ ប្រសិនបើគ្មានវិធានការទប់ស្កាត់ដែលមានប្រសិទ្ធភាព។

ដោយឡែក បើតាមស្ថាប័នរូបិយវត្ថុអន្តរជាតិ (IMF) បានគូសបញ្ជាក់នៅក្នុងរបាយការណ៍ថ្មីចុងក្រោយរបស់ខ្លួនអំពីហានិភ័យមួយចំនួនដែលអាចយាយីដល់កំណើនសេដ្ឋកិច្ចតំបន់អាស៊ី នោះគឺការបន្ដកើនឡើងនៃអតិផរណា និងការប្រែប្រួលតម្លៃទីផ្សារសកល ដែលបណ្ដាលមកពីបញ្ហាចលាចលដែលបាននិងកំពុងកើតមានឡើងនៅក្នុងវិស័យធនាគារនៅប្រទេសលោកខាងលិច។

ទោះយ៉ាងណា លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឱ្យដឹងដែរថា នៅត្រីមាសទី១ឆ្នាំនេះ វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជានៅតែរក្សាបានកំណើនវិជ្ជមាន ដែលអាចបង្ហាញពីភាពរឹងមាំនៃស្ថិរភាពទូទៅនៃវិស័យនេះ។ តួយ៉ាង នៅត្រីមាសទី១នេះ អតិថិជនដែលបានទទួលឥណទានមានចំនួនជាង ២លាន១សែននាក់ កើនឡើង ជាង១% បើធៀបនឹងត្រីមាសទី៤នៅឆ្នាំ២០២២ ខណៈដែលចំនួនឥណទានសរុបកើនដល់ ៩ពាន់៧រយលានដុល្លារអាមេរិក មានកំណើន៣%។ ដោយឡែក ចំពោះចំនួនប្រាក់បញ្ញើសរុបវិញ កើនឡើងដល់ជាង ៤ពាន់៨រយលានដុល្លារអាមេរិក កើនឡើង ២,៨% បើធៀបនឹងត្រីមាសទី៤ឆ្នាំមុន។

យ៉ាងណាក៏ដោយចុះ លោក កាំង តុងងី អះអាងថា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា កត់សម្គាល់ឃើញថាឥណទានដែលប្រឈមហានិភ័យ ពោលគឺឥណទានដែលអតិថិជនយឺតពេលមិនទាន់បានសង់ត្រលប់មកវិញលើសពី៣០ថ្ងៃ ក៏មានការកើនឡើងរហូតដល់ ៣,៣% សម្រាប់ស័យមីក្រូហិរញ្ញវត្ថុ ខណៈវិស័យធនាគារ និងហិរញ្ញវត្ថុទាំងមូលកើនដល់ប្រមាណ ៤%ផងដែរ។

តាមរបាយការណ៍ពីធនាគារជាតិនៃកម្ពុជា គិតត្រឹមចុងឆ្នាំ២០២២ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ បានផ្តល់ឥណទានដល់វិស័យឯកជនសរុបប្រមាណជាង ៥៦ពាន់លានដុល្លារអាមេរិក កើនឡើងជិត ១៩% បើធៀបនឹងចុងត្រីមាសទី៤ ឆ្នាំ២០២១៕




អត្ថបទបន្ទាប់


ចិនបង្កើនការប្រមូលទិញមាសក្នុងរយៈពេល៥ខែជាប់ៗគ្នា ខណៈស្ដុកមាសក្នុងប្រទេសនេះកើនដល់ជាង២ពាន់តោន

នៅក្នុងខែមេសាកន្លងទៅនេះ ប្រទេសចិនបានបន្ថែមមាសសុទ្ធចំនួនជាង ៨ តោន ទៅក្នុងឃ្លាំងរបស់ខ្លួន ដោយធ្វើឲ្យបរិមាណមាសបម្រុងរបស់ចិនឡើងដល់ ២ ០៧៦ ត…

សកម្មភាពសេវាកម្មរបស់ជប៉ុននៅខែមេសាកើនឡើងក្នុងល្បឿន ដែលគេបានកំណត់

សកម្មភាពក្នុងវិស័យសេវាកម្មនៅប្រទេសជប៉ុនកាលពីខែមេសាបានកើនឡើងក្នុងល្បឿនមួយដែលខ្ពស់បំផុត ដោយសារមានកំណើនក្នុងការចំណាយរបស់អ្នកប្រើប្រាស់ បន្ទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ