ហ្វាំងឡង់ចូលជាសមាជិកពេញសិទ្ធិរបស់សម្ព័ន្ធយោធាណាតូ

រុស្ស៊ីគំរាមចាត់វិធានការតបត ចំពោះការបញ្ចូលហ្វាំងឡង់ជាសមាជិកណាតូជាផ្លូវការ


ដូចអ្វីដែលគេទន្ទឹងមែន នៅទីបំផុតប្រទេសហ្វាំងឡង់បានចូលជាសមាជិកសម្ព័ន្ធយោធាណាតូជាផ្លូវការហើយនៅថ្ងៃអង្គារ ទី ៤ មេសា ឆ្នាំនេះ ជាមួយនឹងការអបអរសាទរពីអ៊ុយក្រែននិងពីបស្ចឹមប្រទេស។ វាជាទិវាដែលប្រទេសនៅសមុទ្របាល់ទិច ក្នុងទ្វីបអឺរ៉ុបភាគខាងជើងនេះ បញ្ចប់នយោបាយមិនចូលបក្សសម្ព័នយោធារយៈពេល ៧០ ឆ្នាំ ហើយក៏ជាទិវាដែលរុស្ស៊ីព្រមានថា ហ្វាំងឡង់មើលប្រវត្តិសាស្ត្រខុស និងបានគំរាមចាត់វិធានការប្រឆាំងតបវិញ។ នេះបើតាមការផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
រុស្ស៊ីគំរាមចាត់វិធានការតបត ចំពោះការបញ្ចូលហ្វាំងឡង់ជាសមាជិកណាតូជាផ្លូវការ

ដោយឡែក ប្រទេសស៊ុយអែត ដែលបានសុំចូលណាតូជាមួយហ្វាំងឡង់ដែរ មិនទាន់ត្រូវបានអនុញ្ញាតនៅឡើយទេ។

ហ្វាំងឡង់បានចូលជាសមាជិកក្នុងសន្ធិសញ្ញាសម្ព័ន្ធភាពអាត្លង់ទិចខាងជើង ដែលគេស្គាល់ថាអង្គការណាតូនោះហើយកាលពីថ្ងៃអង្គារ។ ការចូលឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែនកាលពីថ្ងៃទី ២៤ កុម្ភៈ ឆ្នាំមុន បានធ្វើឱ្យហ្វាំងឡង់ព្រួយបារម្ភកាន់តែខ្លាំង អំពីការប្រឈមផ្នែកសន្តិសុខរបស់ខ្លួន។ ស្ថានការណ៍នេះបានជំរុញហ្វាំងឡង់ឱ្យស្វែងរកកិច្ចការពារពីណាតូ ដែលមានសមាជិក ៣០ ប្រទេស ព្រោះទឹកដីហ្វាំងឡង់ជាង ១ ៣៤០ គីឡូម៉ែត្រ ស្ថិតនៅជាប់នឹងប្រទេសរុស្ស៊ី។

នៅក្នុងពេលជាប្រវត្តិសាស្ត្រនេះ លោក ចេន ស្តូលថិនប៊ើក (Jens Stoltenberg) អគ្គលេខាធិការអង្គការណាតូ បានប្រកាសក្នុងពិធីបញ្ចូលសមាជិកភាពហ្វាំងឡង់ថា៖ «ជាង ៧៥ ឆ្នាំកន្លងទៅ សម្ព័ន្ធយោធាដ៏អស្ចារ្យនេះបានជួយធានាការពារប្រជាជាតិរបស់យើង ហើយវានឹងបន្តធ្វើដូច្នោះទៀតក្នុងពេលបច្ចុប្បន្ន។ លោក ស្តូលថិនប៊ើក បានបន្តថា៖ «ប៉ុន្តែ សង្គ្រាមបានវិលមកកើតនៅអឺរ៉ុបវិញ ហើយហ្វាំងឡង់បានសម្រេចចិត្តចូលណាតូ និងបានធ្វើជាចំណែកនៃសម្ព័ន្ធភាពមួយដ៏ជោគជ័យបំផុតក្នុងពិភពលោកនេះ»។

ប្រធានាធិបតីហ្វាំងឡង់ លោក សូល នីនីស្តូ (Saul Niinisto) បានថ្លែងក្នុងសន្និសីទសារព័ត៌មានរួមជាមួយលោក ស្តូលថិនប៊ើក ថា៖ «វាជាថ្ងៃដ៏អស្ចារ្យសម្រាប់ហ្វាំងឡង់ ហើយខ្ញុំចង់និយាយថា វាជាថ្ងៃដ៏សំខាន់សម្រាប់អង្គការណាតូ»។

ប្រមុខរដ្ឋនៅសមុទ្របាល់ទិករូបនេះបាននិយាយថា ការរួមចំណែកគួរឱ្យកត់សម្គាល់បំផុតរបស់ហ្វាំងឡង់ នៅក្នុងការបង្ការនិងការការពាររួមគ្នារបស់អង្គការណាតូ គឺដើម្បីការពារទឹកដីរបស់ខ្លួនផ្ទាល់ ប៉ុន្តែលោកថានៅមានការងារសំខាន់ៗដែលត្រូវធ្វើថែមទៀត ដើម្បីសម្របសម្រួលកិច្ចការនេះជាមួយណាតូ។

ការបញ្ចប់គោលនយោបាយមិនចូលបក្សសម្ព័ន្ធយោធារយៈពេល ៧ ទសវត្សរ៍របស់ប្រទេសនៅអឺរ៉ុបខាងជើងមួយនេះ ត្រូវបានមហាអំណាចយោធារុស្ស៊ីលើកឡើងថា ខ្លួនត្រូវបង្ខំចិត្តចាត់វិធានការប្រឆាំង។ លោក ស៊ែហ្គៃ សូយហ្គូ (Sergei Shoigu) រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី បាននិយាយថា សមាជិកភាពរបស់ហ្វាំងឡង់ក្នុងណាតូ បានបង្កើនហានិភ័យកាន់តែខ្លាំងក្នុងជម្លោះនៅប្រទេសអ៊ុយក្រែន។

ក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ការបែរខ្នងដាក់គោលការណ៍មិនចូលបក្សសម្ព័ន្ធយោធាបែបនេះ គឺហ្វាំងឡង់កំពុងប្រព្រឹត្តកំហុសប្រវត្តិសាស្ត្រដ៏គ្រោះថ្នាក់ ដែលនឹងធ្វើឱ្យខូចទំនាក់ទំនងជាមួយទីក្រុងមូស្គូ។ បើតាមសេចក្ដីថ្លែងការណ៍នោះ ហ្វាំងឡង់បានបោះបង់ឋានៈរបស់ខ្លួន ក្នុងនាមជារដ្ឋដែលកសាងទំនុកទុកចិត្តនៅតំបន់សមុទ្របាល់ទិក ក៏ដូចជានៅទ្វីបអឺរ៉ុបជាទូទៅ។

ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ថា៖ «ហ្វាំងឡង់បានក្លាយជាសមាជិកតូចមួយរបស់ណាតូ ដែលមិនមានសិទ្ធិសម្រេចលើរឿងអ្វីទេ ប៉ុន្តែបានបាត់បង់សំឡេងដ៏ពិសេសរបស់ខ្លួនក្នុងកិច្ចការអន្តរជាតិ»។

មុនពិធីប្រកាសសមាជិកភាពរបស់ហ្វាំងឡង់ក្នុងអង្គការណាតូមួយថ្ងៃ រុស្ស៊ីបាននិយាយថា ខ្លួននឹងពង្រឹងសមត្ថភាពយោធានៅភាគខាងលិចនិងភាគពាយ័ព្យប្រទេសខ្លួន ទុកជាការឆ្លើយតបទៅនឹងដំណើរវិវឌ្ឍន៍នៃស្ថានការណ៍។

ចំពោះអ៊ុយក្រែនវិញ ប្រទេសនេះអបអរសាទរសមាជិកភាពរបស់ហ្វាំងឡង់ក្នុងអង្គការណាតូ។ លោកប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្ស៊ើឡិនស្គី (Volodymyr Zelenskiy) បាននិយាយនៅក្នុងសុន្ទរកថាមួយថា៖ «ខ្ញុំសូមអបអរសាទរប្រជាជនហ្វាំងឡង់ទាំងអស់។ ការឈ្លានពានរបស់រុស្ស៊ីបង្ហាញយ៉ាងច្បាស់ថា មានតែការធានាជាសមូហភាព មានតែការបង្ការជាសមូហភាពប៉ុណ្ណោះ ដែលអាចទុកចិត្តបាន»។

ការចូលជាសមាជិករបស់ហ្វាំងឡង់នាំមកឱ្យអង្គការណាតូនូវសមត្ថភាពយោធាដ៏ធំធេង។ ហ្វាំងឡង់ជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសអ៊ឺរ៉ុបមួយចំនួន ដែលនៅតម្រូវឱ្យប្រជាពលរដ្ឋបំពេញកាតាព្វកិច្ចយោធាអំឡុងពេលមានសន្តិភាពជាច្រើនទស្សវត្សរ៍។ នេះជាការរក្សាជំហរប្រុងប្រយត្ន័ជានិច្ចចំពោះប្រទេសរុស្ស៊ីដែលនៅក្បែរនោះ។ កងកម្លាំងជើងគោក ជើងទឹក និងជើងអាកាស របស់ប្រទេសហ្វាំងឡង់ សុទ្ធតែត្រូវបានបណ្តុះបណ្តាល និងបំពាក់សម្ភារៈសំខាន់ៗ ក្នុងគោលបំណងចម្បងមួយ គឺដើម្បីរុញច្រានរាល់ការវាយប្រហារណាមួយពីសំណាក់រុស្ស៊ី។

ប្រទេសហ្វាំងឡង់ និងប្រទេសស៊ុយអែត ដែលនៅជាប់គ្នា បានដាក់ពាក្យសុំចូលអង្គការណាតូជាមួយគ្នាកាលពីឆ្នាំមុន ប៉ុន្តែសំណើរបស់ស៊ុយអែតត្រូវបានផ្អិបទុកដោយសមាជិកណាតូចំនួនពីរប្រទេស គឺតូទួរគី និងហុងគ្រី។

តួកគីបាននិយាយថា ទីក្រុង ស្តុកខុំ (Stockholm) ផ្តល់ជម្រកឱ្យសមាជិកនៃបណ្ដាញដែលទីក្រុង អង់ការ៉ា (Ankara) ចាត់ទុកថាជាក្រុមភេរវករ ហើយបានទាមទារឱ្យមានការធ្វើបត្យាប័នពួកគេ ជាថ្នូរនឹងការផ្តល់សច្ចាប័នឱ្យសមាជិកភាពស៊ុយអែត ប៉ុន្តែស៊ុយអែតមិនទាន់យល់ព្រមនៅឡើយ។

រីឯហុងគ្រីវិញ ប្រទេសនេះបានលើកឡើងពីការកើតទុក្ខមិនសុខចិត្តចំពោះការរិះគន់ពីសំណាក់ស៊ុយអែតដែលថា នាយករដ្ឋមន្ត្រី វីកទើ អ័កបាន (Viktor Orban) មិនគោរពលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ៕




អត្ថបទបន្ទាប់


លោក ដូណាល់ ត្រាំ អះអាងនៅក្នុងសវនាការជុំនំជម្រះក្ដីថា រូបលោក«គ្មានទោស»នោះទេ

ព័ត៌មាន
អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ត្រូវបានតុលាការនៅខណ្ឌ ម៉ាន់ហាតាន់ ក្នុងបុរីញូវយ៉ក សហរដ្ឋអាមេរិក បើកសវនាការជំនុំជម្រះកា…

ក្រុងសៀងហៃរបស់ចិនបណ្តាក់ទុនតម្លៃ ១៥,៧ ពាន់លានដុល្លារ លើគម្រោងវប្បធម៌ និងទេសចរណ៍

ព័ត៌មាន
អាជ្ញាធរក្រុងសៀងហៃបានប្រកាសបណ្តាក់ទុនលើ ២៨ គម្រោង តម្លៃជិត ១៦ ពាន់លានដុល្លារ ទាក់ទងនឹងវប្បធម៌និងទេសចរណ៍។ ទីក្រុងដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ