ការចេញមកអះអាងបែបនេះរបស់អ្នកជំនាញ ធ្វើឡើងក្រោយមានការបង្ហោះសារលើបណ្តាញសង្គមថា វិស័យកាត់ដេរនៅកម្ពុជាកំពុងរងគ្រោះខ្លាំង រហូតធ្វើឲ្យក្រុមហ៊ុន ឬរោងចក្រមួយចំនួនបានបញ្ចប់កិច្ចសន្យាការងារ និងព្យួរការងារកម្មករ-កម្មការិនី។
លោក ហ្វា សាលី ប្រធានសហព័ន្ធសហជីពជាតិបានគូសបញ្ជាក់ប្រាប់សារព័ត៌មានឌីជីថល ខេមបូណូមីស ថា ស្ថានភាពវិស័យកាត់ដេរនៅកម្ពុជាពុំមានអ្វីប្រែប្រួលគួរឲ្យកត់សម្គាល់នោះទេ បើទោះបីការនាំចេញផលិតផលក្នុងវិស័យនេះបានធ្លាក់ចុះប្រមាណ១៨% នៅឆមាសទី១ក៏ដោយ។ សម្រាប់អ្នកជំនាញរូបនេះ ការធ្លាក់ចុះក្នុងវិស័យកាត់ដេរនៅកម្ពុជា គឺបណ្ដាលមកពីកត្តាខាងក្រៅ ដូចជា ការអូសបន្លាយសង្រ្គាមរវាងរុស្សី-អ៊ុយក្រែន ការកើនឡើងនូវអតិផរណា និងការថយចុះនូវតម្រូវការខាងក្រៅ។ លោក ហ្វា សាលី បានបន្ថែមថា ទាក់ទិននឹងបញ្ហាប្រឈមមួយចំនួន ដូចជា ការកាត់បន្ថយម៉ោងធ្វើការរបស់កម្មករ កម្មការិនី និងបញ្ហាព្យួរការងារដល់កម្មករ និយោជិតមួយចំនួនកាលពីកន្លងមក ក៏លែងជាបញ្ហាប្រឈមទៀតដែរ សម្រាប់វិស័យកាត់ដេរនៅកម្ពុជា ព្រោះកម្មករ កម្មការិនី ភាគច្រើនសុទ្ធតែទទួលបានការងារធ្វើឡើងវិញ ហើយរោងចក្រមួយចំនួនក៏បានបើកដំណើរការឡើងវិញដែរ។ លើសពីនេះទៅទៀត រោងចក្រកាត់ដេរ ដែលទើបនឹងបង្កើតថ្មីៗ កំពុងតែប្រឈមនឹងការខ្វះខាតកម្លាំងពលកម្ម និង មានតម្រូវការកម្មករ-កម្មរិនី ជាច្រើនថែមទៀតផង។
ស្រដៀងគ្នានេះដែរ លោក អាត់ ធន់ ប្រធានសហជីពកម្មករកម្ពុជា បានកត់សម្គាល់ឃើញថា ស្ថានភាពនៃវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងវាយនភណ្ឌ នៅឆមាសទី១ ឆ្នាំ២០២៣នេះ ហាក់មិនមានការប្រែប្រួលខ្លាំងគួរឲ្យកត់សម្គាល់នោះទេ ពោលគឺខ្សែចង្វាក់ផលិតកម្មក្នុងវិស័យកាត់ដេរនេះ នៅតែដំណើរការជាធម្មតា បើទោះបីជាមិនទាន់ល្អប្រសើរ១០០% ដូចមុនមានការរីករាតត្បាតជំងឺកូវីដ១៩ ក៏ដោយចុះ។
ជុំវិញបញ្ហាព្យួរ និងផ្អាកការងារកម្មករ-កម្មការិនី វិញត្រូវបានអ្នកជំនាញរូបនេះអះអាងថា ហាក់មិនមានអ្វីប្រែប្រួលគួឲ្យកត់សម្គាល់នោះទេ ពោលគឺបញ្ហានេះនៅតែបន្តកើតមាន តែក្នុងកម្រិតតិចតួចប៉ុណ្ណោះ។ លោក អាត់ ធន់ បានសង្កត់ធ្ងន់ថា អ្វីដែលជាការព្រួយបារម្ភខ្លាំងសម្រាប់វិស័យកាត់ដេរ គឺខ្លាចការកាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ GSP និង EBA ទាំងស្រុងទៅវិញទេ។
យ៉ាងណាមិញ លោក កេន លូ អគ្គលេខាធិការសមាគមនវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរកម្ពុជា(TAFTAC)បានគូសបញ្ជាក់ថា ការធ្លាក់ចុះនៃការបញ្ជាទិញពីខាងក្រៅ នៅតែជាបញ្ហាប្រឈមសម្រាប់វិស័យកាត់ដេរនៅកម្ពុជា ដែលបញ្ហានេះបានធ្វើឲ្យការនាំចេញផលិតផលក្នុងវិស័យនេះមានការធ្លាក់ចុះជាង១៨% បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅឆមាសទី១ ឆ្នាំ២០២៣ ការនាំចេញផលិតកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងវាយនភណ្ឌ របស់កម្ពុជាសម្រេចបានក្នុងទំហំទឹកប្រាក់ជាង៤ពាន់លានដុល្លារអាមេរិក មានការថយចុះជាង១ពាន់លានដុល្លារអាមេរិក បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២៕