ចំណូលក្នុងវិស័យល្បែងពាណិជ្ជកម្មនៅមានកម្រិតទាប

ចំណូលក្នុងវិស័យល្បែងពាណិជ្ជកម្មនៅមានកម្រិតទាប ទោះភ្ញៀវទេសចរអន្តរជាតិចូលមកកម្ពុជាមានកំណើនក៏ដោយ


ការប្រមូលចំណូលក្នុងវិស័យល្បែងពាណិជ្ជកម្មនៅកម្ពុជាមិនទាន់បង្ហាញសញ្ហាវិជ្ជមានគួរឲ្យកត់សម្គាល់នៅឡើយទេមកទល់ពេលនេះ បើទោះបីជាចំនួនភ្ញៀវទេសចរអន្តរជាតិចូលមកកម្សាន្តប្រទេសកម្ពុជា នៅមួយរយៈពេលចុងក្រោយហាក់បីដូចជាមានភាពល្អប្រសើរឡើងច្រើនក្តី។
ចំណូលក្នុងវិស័យល្បែងពាណិជ្ជកម្មនៅមានកម្រិតទាប ទោះភ្ញៀវទេសចរអន្តរជាតិចូលមកកម្ពុជាមានកំណើនក៏ដោយ
ដោយ

ជាក់ស្តែង បើតាមការគូស​បញ្ជាក់របស់ថ្នាក់ដឹកនាំ​គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ការប្រមូលចំណូល​ក្នុងវិស័យនេះនៅ​ឆមាសទី១ឆ្នាំ២០២៣ សម្រេចបានជាង១០លានដុល្លារអាមេរិក ដែលស្មើនឹងជិត៣០% នៃច្បាប់ថវិកាដែលបានកំណត់។ ប៉ុន្តែចំនួននេះបើធៀបនឹង​ការប្រមូលចំណូលក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ មានការកើនឡើងជាង១០%។

ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការនៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា​បានគូសបញ្ជាក់ថា ទំហំចំណូលក្នុងវិស័យល្បែងពាណិជ្ជកម្មនៅកម្ពុជាឆ្នាំនេះ​ហាក់នៅមានកម្រិតទាបនៅឡើយ បើទោះបីស្ថានភាពវិស័យទេសចរណ៍ជាពិសេសភ្ញៀវទេសចរ​អន្តរជាតិចូលមកកម្ពុជាមានកំណើនឡើងវិញក៏ដោយ។ ជាក់ស្តែងនៅឆមាសទី១ឆ្នាំ២០២៣ ការប្រមូលចំណូលក្នុងវិស័យនេះសម្រេចបានជាង១០លានដុល្លារប៉ុណ្ណោះ ដែលស្មើនឹងជិត៣០% នៃច្បាប់ថវិកា ដែលកំណត់ឲ្យវិស័យប្រមូលចំណូលឲ្យបានជាង៤០លានដុល្លារនៅឆ្នាំនេះ។ ប៉ុន្តែចំនួនមានការកើនឡើងជាង១០%បើធៀបនឹងទំហំចំណូលដែលប្រមូលបានក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តាមរយៈទំហំចំណូលដែលប្រមូលបាននៅឆមាសទី១នេះ មន្ត្រីជាន់ខ្ពស់រូបនេះជឿជាក់ថា ការប្រមូលចំណូលនៅឆ្នាំនេះទំនងជាមិនអាចគ្រប់តាមផែនការ ដែលកំណត់ដោយច្បាប់ស្តីពីការគ្រប់គ្រងថវិកានោះទេ។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តម រស់ ភីរុណ កត្តាដែលធ្វើឲ្យការប្រមូលចំណូលក្នុងវិស័យល្បែងពាណិជ្ជកម្មបន្តស្ថិតក្នុងកម្រិតទាប គឺដោយសារការខ្សត់ភ្ញៀវទេសចរអន្តរជាតិចូលលេងល្បែងនៅតាមកាស៊ីណូ ស្របពេលដែលកាស៊ីណូមួយចំនួនបន្តផ្អាកដំណើរការ។ បច្ចុប្បន្នគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាបានផ្តល់អាជ្ញាបណ្ណជូនដល់កាស៊ីណូចំនួន១៨០ តែក្នុងចំណោមកាស៊ីណូទាំងនេះមានកាស៊ីណូមួយចំនួនមិនបានដំណើរការនោះទេ។ ហើយការផ្តល់អាជ្ញាបណ្ណទៀតសោត ក៏ពុំទាន់មានលក្ខណៈគ្រប់គ្រាន់នោះដែរ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម រស់ ភីរុណ។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តម រស់ ភីរុណ បច្ចុប្បន្ននេះរាជរដ្ឋាភិបាលបានផ្តល់អាជ្ញាបណ្ណ និងអនុញ្ញាតឲ្យដំណើរការល្បែងតែពីរប្រភេទប៉ុណ្ណោះរួមមានកាស៊ីណូនិងល្បែងផ្សងសំណាង។ ដោយឡែកសម្រាប់ល្បែងលេងតាមប្រព័ន្ធអេឡិចត្រូនិក គឺរាជរដ្ឋាភិបាលពុំមានការផ្តល់អាជ្ញាបណ្ណ ឬអនុញ្ញាតឲ្យដំណើរការនៅកម្ពុជានោះទេ ពោលគឺរាល់ល្បែងអនឡាញទាំងអស់ជាល្បែងខុសច្បាប់។

បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍មានភ្ញៀវទេសចរអន្តរជាតិប្រមាណ២លាន២៧ម៉ឺននាក់បានមកដើរលេងកម្សាន្តនៅកម្ពុជានៅឆមាសទី១ឆ្នាំ២០២៣ មានការកើនឡើង៤០៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងចំណោមភ្ញៀវទាំងនេះបានធ្វើដំណើរចូលមកកម្ពុជាតាមផ្លូវអាកាសមានចំនួន៩១ម៉ឺននាក់ កើនឡើង ២៧៩%, ផ្លូវគោកមានចំនួន១លាន៦៣ម៉ឺននាក់កើនឡើង៥២៦% និងផ្លូវទឹកមានចំនួន៣ម៉ឺននាក់កើនឡើង ៥៨៦%។ ភ្ញៀវទេសចរអន្តរជាតិទាំងនេះមកពីប្រទេសថៃ វៀតណាម ចិន ឡាវ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ឥណ្ឌូណេស៊ី បារាំង ចក្រភពអង់គ្លេស ម៉ាឡេស៊ី និងអូស្រ្ដាលីជាដើម៕




អត្ថបទបន្ទាប់


ក្រុមអ្នកជំនាញ៖ ស្ថានភាពវិស័យកាត់ដេរកម្ពុជានៅតែមានស្ថិរភាព និងមិនមានបញ្ហាប្រឈមខ្លាំងគួរឲ្យព្រួយបារម្ភឡើយ‌‌!

ព័ត៌មាន
អ្នកជំនាញនៅក្នុងវិស័យឧស្សាហកម្មបានអះអាងថា ខ្សែចង្វាក់ផលិតកម្មក្នុងវិស័យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅតាមរោង…

អបអរសាទរ “ខួប ២០ឆ្នាំនៃធុរកិច្ចប្រកបដោយបរិយាបន្នហិរញ្ញវត្ថុ” របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ

ព័ត៌មាន
កាលពីថ្មីៗនេះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានប្រារព្ធកម្មវិធីខួប ២០ឆ្នាំក្រោមប្រធានបទ “២០ ឆ្នាំនៃធុរកិច្ចប្រកបដោយបរិយាបន្នហិរញ្ញវត្ថុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ