សម្រាប់កម្ពុជា ត្រូវបានអ្នកជំនាញអះអាងថា បញ្ហានេះនៅពុំទាន់មានឥទ្ធិពលវិជ្ជមាននៅឡើយទេ ដោយសារតែកម្ពុជាមិនមានរោងចក្ររ៉ែច្រើនដូចបណ្ដាប្រទេសអភិវឌ្ឍន៍ខ្លាំង ហើយទីក្រុងក៏មិនធំ និងមានយានយន្តធ្វើចរាចរណ៍តិចតួចប៉ុណ្ណោះ បើធៀបនឹងប្រទេសជឿនលឿន។ ទោះយ៉ាងជាបែបនេះក្ដី អ្នកជំនាញបានក្រើនរំលឹកប្រជាពលរដ្ឋឱ្យមានការគិតគូរពីផលប៉ះពាល់ដល់ប្រព័ន្ធផ្លូវដង្ហើម ដែលបង្កឡើងដោយធូលីដីហុយ។
អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក នាយកប្រតិបត្តិ និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ម៉េងលី ជេ គួច អេឌ្យូខេសិន បានគូសបញ្ជាក់ថា កម្ពុជាពុំទាន់មានការបំពុលក្នុងស្រទាប់បរិយាកាសខ្លាំងដោយសារការបញ្ចេញឧស្ម័នមិនល្អពីរោងចក្ររ៉ែ និងយានយន្ត ដែលធ្វើចរាចរណ៍ក្នុងទីក្រុងនៅឡើយទេ។ ប៉ុន្តែបញ្ហានេះកំពុងកើតមាននៅក្នុងបណ្ដាប្រទេសអភិវឌ្ឍន៍ និងមានឧស្សាហកម្មរីកចម្រើនមួយចំនួនលើពិភពលោក ដែលមានរោងចក្រ និងចរាចរណ៍យានយន្តមមាញឹក។ បើតាមការអះអាងរបស់អ្នកជំនាញសុខាភិបាលរូបនេះ ការបំពុលស្រទាប់បរិយាកាសនឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធផ្លូវដង្ហើម និងបង្កឱ្យកើតមានជាជំងឺសួត និងជំងឺមហារីកជាដើម។
អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី អះអាងថា បញ្ហាបំពុលខ្យល់មិនចោទជាបញ្ហាសម្រាប់កម្ពុជានោះទេ តែអ្វីដែលជាក្តីបារម្ភសម្រាប់កម្ពុជាបច្ចុប្បន្ន គឺបញ្ហាទាក់ទងនឹងការហុយធូលីដី ដោយសារកម្ពុជាកំពុងមានសកម្មភាពសាងសង់ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និអគារច្រើន។ ទោះបីពុំទាន់មានការព្រួយបារម្ភពីសារធាតុពុលក្នុងស្រទាប់បរិយាកាសក៏ដោយ តែអ្នកជំនាញរូបនេះ ជំរុញឱ្យសាធារណជនយកចិត្តទុកដាក់ទាំងអស់គ្នា តាមរយៈការប្រើប្រេងឥន្ធនៈល្អ និងពិនិត្យយានយន្តឱ្យស្របតាមស្តងដារបច្ចេកទេសជាដើម។
ទាក់ទងនឹងការបំភាយផ្សែងយានយន្តបំពុលបរិស្ថាននេះដែរ ក្រសួងបរិស្ថាន បានកំណត់ស្តង់ដារបំភាយផ្សែង Euro4 ពីរថយន្តថ្មី និងជជុះចាប់តាំងពីខែមករា ឆ្នាំ២០២២ ខណៈស្តង់ដារប្រេងឥន្ធនៈត្រូវបានកំណត់ Euro5 ចាប់ពីខែមករា ឆ្នាំ២០២៤នេះតទៅ។ ស្រដៀងគ្នានេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកំណត់ស្តង់ដាររថយន្តថ្មី ដោយគ្រប់រថយន្តថ្មីដែលនាំចូលទាំងអស់ ត្រូវស្នើសុំអនុលោមភាព និងអនុម័តស្តង់ដារបំភាយផ្សែងរថយន្តកម្រិត Euro4 ផងដែរ ពីវិទ្យាស្ថានស្តង់ដារកម្ពុជា ទើបអាចដាក់លក់រថយន្តនៅលើទីផ្សារបាន៕
អត្ថបទ៖ បូ ដូឡា