ទាំងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឥណ្ឌា កំពុងខិតខំជំរុញឲ្យមានការតភ្ជាប់ជើងហោះហើរត្រង់កម្ពុជា-ឥណ្ឌាដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរទាំងវិស័យសេដ្ឋកិច្ច ពាណិជកម្ម ការវិនិយោគ និងវិស័យទេសចរណ៍។ ជាក់ស្តែងក្នុងជំនួបទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីដើមខែសីហា ឯកឧត្តម Subrahmanyam Jaishankar រដ្ឋមន្រ្តីការបរទេសឥណ្ឌាបានសន្យាជួយជំរុញ និងពន្លឿនការតភ្ជាប់ជើងហោះហើររវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានបង្ហាញពីគម្រោងតភ្ជាប់ផ្លូវពីឥណ្ឌាមកកម្ពុជាដោយឆ្លងកាត់ប្រទេសមីយ៉ាន់ម៉ា និងថៃផងដែរ។
បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល កម្ពុជាបានខិតខំធ្វើការក្នុងការជំរុញឲ្យមានការតភ្ជាប់ជើងហោះហើរត្រង់ជាមួយឥណ្ឌាតាំងពីមុនមិនទាន់មានការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ មកម្ល៉េះ។ ប៉ុន្តែការតភ្ជាប់នៅតែមិនទាន់អាចទៅរួច ដោយសារជួបឧបសគ្គមួយចំនួនពាក់ព័ន្ធទីផ្សារ នៃការធ្វើដំណើររវាងប្រទេសទាំងពីរនៅមានចំនួនតិចតួច។ ពាក់ព័ន្ធលិខិតបទដ្ឋានគតិយុត្តិនៃការតភ្ជាប់ជើងហោះហើរវាងប្រទេសទាំងពីរ អ្នកនាំពាក្យរូបនេះអះអាងថា មិនមានការលំបាកនោះទេ ដោយសារប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងទ្វេភាគីជាច្រើនលើកច្រើនសាររួចមកហើយ។
ពាក់ព័ន្ធការតភ្ជាប់ជើងហោះហើរជាមួយឥណ្ឌានេះ លោក ធួន ស៊ីណាន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាហ្វិកកម្ពុជាបានគូសបញ្ជាក់ថា លោកក្នុងនាមប្រតិបត្តិករទេសចរណ៍ម្នាក់បានខិតខំតស៊ូមតិ និងជំរុញឲ្យមានការតភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសទាំងពីរជាយូរមកហើយ ព្រោះលោកយល់ថា កម្ពុជាមិនគួរដាក់ក្តីរំពឹងខ្ពស់តែលើភ្ញៀវទេសចរជនជាតិចិននោះទេ ពោលគឺត្រូវផ្តោតលើប្រទេសផ្សេងៗទៀត ជាពិសេសឥណ្ឌា ដែលជាគោលដៅទេសចរណ៍ដ៏ធំមួយលើពិភពលោកតែម្តង។
សម្រាប់លោក ធួន ស៊ីណាន កម្ពុជាគួរសិក្សាពីតម្រូវការរបស់ភ្ញៀវទេសចរឥណ្ឌាឲ្យបានច្បាស់លាស់ជាមុនសិនមុនចង់ទាក់ទាញពួកគេឲ្យមកកម្សាន្តនៅកម្ពុជា បើពុំនោះទេកម្ពុជានឹងមិនអាចរក្សាភ្ញៀវទេសចរឥណ្ឌាបាននោះទេ។ សម្រាប់អ្នកជំនាញរូបនេះ កម្ពុជា នៅខ្វះគុណសម្បត្តិច្រើនក្នុងការទទួលភ្ញៀវទេសចរជនជាតិឥណ្ឌា ដែលទាមទារឲ្យមានការសិក្សាបន្ថែម។
ជាមួយគ្នានេះលោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជាបានបង្ហាញជំនឿយ៉ាងមុតមាំចំពោះការតភ្ជាប់ជើងហោះហើរត្រង់កម្ពុជា-ឥណ្ឌាក្នុងការជួយអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា។ លោកជំទាវជឿជាក់ថា ប្រសិនបើមានការតភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសទាំងពីរមែននោះ វានឹងធ្វើឲ្យវិស័យទេសចរណ៍កម្ពុជាកាន់តែសម្បូរបែប និងអាចជួយស្តារវិស័យទេសចរណ៍កម្ពុជាឲ្យមានការងើបឡើងវិញលឿន។ ព្រោះឥណ្ឌាជាទីផ្សារទេសចរណ៍ដ៏ធំមួយលើពិភពលោក ដែលអាចជំនួសឲ្យការធ្លាក់ចុះនៃចំនួនភ្ញៀវទេចរជនជាតិចិន។
បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា ចរន្តភ្ញៀវទេសចរ និងអ្នកវិនិយោគជនជាតិឥណ្ឌាចូលមកកម្ពុជាមានការកើនឡើងគួរឲ្យកត់សម្គាល់នៅមួយរយៈចុងក្រោយ។ ជាក់ស្តែងកាលពីខែមិថុនា និងខែកក្កដា ឆ្នាំ២០២២ កន្លងទៅ កម្ពុជាទទួលបានអ្នកដំណើរឥណ្ឌាជិត៨ពាន់នាក់ក្នុង១ខែៗ ក្នុងនោះភ្ញៀវទេសចរមានជាង៥ពាន់នាក់ និងអ្នកធុរកិច្ចជាង២ពាន់នាក់ មានការកើនឡើងជិត២% បើធៀបនឹងខែឧសភា។ ធុរជន និងភ្ញៀវទេសចរជនជាតិឥណ្ឌាចូលមកកម្ពុជាភាគច្រើនតាមជើងហោះរបស់ប្រទេសថៃ សិង្ហបុរី និងម៉ាឡេស៊ី៕