ក្រុមអ្នកវិភាគសេដ្ឋកិច្ចបានលើកឡើងថា ប្រជាជាតិនៅអាស៊ីអាគ្នេយ៍អាចនឹងទទួលបានអត្ថប្រយោជន៍ពីការកាត់បន្ថយពន្ធគយជាបណ្តោះអាសន្ន ក៏ប៉ុន្តែតំបន់នេះក៏ត្រូវត្រៀមខ្លួនជ្រែងជើងទប់ទល់នឹងព្យុះភ្លៀង នៃរបៀបវារៈពាណិជ្ជកម្មអាម៉េរិក ដែលមានភាពមិនច្បាស់លាស់ និង ផ្លាស់ប្តូរយ៉ាងឆាប់រហ័សដូចអាកាសធាតុ។
លោកសាស្ត្រាចារ្យ ឡរ៉េន ឡូ ( Lawrence Loh) នៃសាកលវិទ្យាល័យជាតិ សិង្ហបុរី បានសង្កត់ធ្ងន់ថា បញ្ហាស្នូលសម្រាប់អាស៊ាន គឺភាពមិនប្រាកដប្រជា មិនច្បាស់លាស់នៃពាណិជ្ជកម្មអាម៉េរិក។ លោកបានពន្យល់ថា ទោះបីតុលាការកំពូលអាម៉េរិក លុបពន្ធចោលក៏ពិតមែន ប៉ុន្តែលោក ត្រាំ បានប្រើច្បាប់ថ្មីដោយកំណត់ពន្ធថ្មីដំបូង១០% ក្រោយមក ១៥% ប៉ុន្តែពេលចូលជាធរមានជាក់ស្តែងកាលពីថ្ងៃទី២៤ អនុវត្តត្រឹមតែ១០% វិញ។
អ្នកវិភាគមើលឃើញថា វិធានការនេះជាឱកាសសម្រាប់អាស៊ាន ព្រោះកន្លងមកមានតែសិង្ហបុរីមួយគត់ ដែលទទួលបានការកំណត់ពន្ធ១០%ពីអាមេរិក ខណៈកម្ពុជា ថៃ ម៉ាឡេស៊ី ហ្វីលីពីនត្រូវជាប់ពន្ធ១៩% វៀតណាមជាប់ពន្ធរហូតដល់២០%។ ប៉ុន្តែវាគ្រាន់តែជាឱកាសខ្លីប៉ុណ្ណោះ ដ្បិតវិធានការពន្ធថ្មីនេះមានសុពលភាពត្រឹមតែ ១៥០ថ្ងៃប៉ុណ្ណោះដែលធ្វើឱ្យអនាគតពាណិជ្ជកម្មរបស់តំបន់អាស៊ានស្ថិតក្នុងភាពស្រពេចស្រពិលមិនច្បាស់លាស់នៅឡើយ។
ឆ្លើយតបនឹងបញ្ហានេះ ឧបនាយករដ្ឋមន្ត្រីសិង្ហបុរីលោក ហ្គាន គីមយ៉ុង (Gan Kim Yong) បានសង្កត់ធ្ងន់ថា តំបន់អាស៊ានត្រូវតែត្រៀមលក្ខណៈឱ្យបានរួចរាល់សម្រាប់បរិយាកាសពាណិជ្ជកម្មសកលដែលមានការផ្លាស់ប្តូលឿនដូចផ្លេកបន្ទោរ។ លោកបានអះអាងថា នេះគឺជារបត់ពិភពលោកថ្មី ដែលតំបន់អាស៊ានត្រូវប្រឈមមុខក្នុងការស្វែងរកដំណោះស្រាយដោយភាពឆ្លាតវៃ។
ពាក់ព័ន្ធបញ្ហានេះដែរ លោកស្រី ចូអាន លីន (Joanne Lin) អ្នកសម្របសម្រួលប្រចាំមជ្ឈមណ្ឌលសិក្សាអាស៊ាននៅវិទ្យាស្ថាន ISEAS–Yusof Ishak ក្នុងប្រទេសសិង្ហបុរីបានលើកឡើងថា អាស៊ានចាំបាច់ត្រូវតែសម្របសម្រួល និងព្យាយាមបន្ស៊ាំខ្លួនទៅនឹងបរិបទថ្មីនេះ ព្រោះសហរដ្ឋអាម៉េរិកនៅតែជាដៃគូសន្តិសុខ វិនិយោគ និងពាណិជ្ជកម្មមិនអាចខ្វះបាន។ ប៉ុន្តែផ្ទុយពីនេះ លោក ចាយ៉ាន មេនុន (Jayant Menon) ដែលជាសហសេវិករបស់លោកស្រីយល់ឃើញថា អាស៊ានគួរតែពន្លឿនកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើពិពិធកម្មទីផ្សារ ដើម្បីធានាថា ការកាត់បន្ថយការពឹងផ្អែកលើទីផ្សារសហរដ្ឋអាម៉េរិក គឺជាយុទ្ធសាស្ត្រដ៏ច្បាស់លាស់ក្នុងការកាត់បន្ថយហានិភ័យ។
គួរបញ្ជាក់ថា បច្ចុប្បន្នអាស៊ាន គឺជាដៃគូពាណិជ្ជកម្មលំដាប់ទី៤ របស់អាម៉េរិក ដែលមានទំហំពាណិជ្ជកម្មប្រមាណ៥៥៣ពាន់លានដុល្លារក្នុងមួយឆ្នាំ៕
ដោយៈ សរ សុជាតិ