ស្ពានឆ្លងទៅអរិយក្សត្រកំពុងជំរុញឲ្យតម្លៃអចលនទ្រព្យកើនឡើង

អ្នកជំនាញ៖ គម្រោងស្ពានឆ្លងទន្លេទៅអរិយក្សត្រ កំពុងជំរុញឲ្យតម្លៃអចលនទ្រព្យតំបន់នោះហក់ឡើង


អ្នកជំនាញក្នុងវិស័យអចលទ្រព្យជឿជាក់ថា ក្រោយមានព័ត៌មានចុះផ្សាយអំពីគម្រោងស្ពានឆ្លងទៅតំបន់អរិយក្សត្រ គេសង្កេតឃើញថា មានឈ្មួញជាច្រើនបាននាំគ្នាសម្រុកទៅទិញអចលនទ្រព្យនៅតំបន់នោះកាន់តែច្រើន ដែលជំរុញឲ្យតន្លៃអចលនទ្រព្យនៅតំបន់នោះមានការកើនឡើង។ គម្រោងស្ពាននេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាបានឯកភាពជាផ្លូវការរួចហើយ ដោយអនុញ្ញាតឲ្យក្រុមហ៊ុនកូរ៉េខាងត្បូងសាងសង់ស្ពានឆ្លងទន្លេមិត្តភាពកម្ពុជា-កូរ៉េខាងត្បូងចំនួន២ តភ្ជាប់ពីម្តុំផ្សាររាត្រីក្បែរផ្សារចាស់ឆ្ពោះទៅត្រើយសុខា ហើយបន្តទៅអរិយក្សត្រ។
អចលនទ្រព្យ​នៅ​កម្ពុជា

បើ​គ្មាន​ការ​ប្រែប្រួល​ទេ​គម្រោង​ស្ពាន​ឆ្លងទន្លេ​នេះ អាច​នឹង​បើក​ការដ្ឋាន​សាងសង់​នៅ​អំឡុង​ឆ្នាំ​២០២៣ ខាង​មុខ​នេះ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​។

ឧកញ៉ា ចេ​ង ខេ​ង អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ CPL ជឿជាក់​ថា គម្រោង​ស្ពាន​ឆ្លងទន្លេ​មិត្ត​កម្ពុជា​-​កូរ៉េ ដែល​គ្រោង​សាងសង់​នៅ​អំឡុង​ឆ្នាំ​២០២៣ វា​នឹង​ជួយ​ប្រែ​មុខមាត់​តំបន់​អរិយ​ក្សត្រ​ឲ្យ​ក្លាយជា​តំបន់​ពាណិជ្ជកម្ម​ដ៏​មាន​សក្តានុពល​របស់​កម្ពុជា​ដែល​ពោរពេញ​ដោយ​ការ​អភិវឌ្ឍន៍​សំណង់​និង​អគារ​ខ្ពស់​ៗ​។ លោក​ឧកញ៉ា បាន​គូសបញ្ជាក់​បន្ថែម​ថា តាម​រយៈ​គម្រោង​នេះ​វា​នឹង​ជួយ​ជំរុញ​ឲ្យ​តម្លៃ​អចលនទ្រព្យ​នៅ​តំបន់​នោះ​មាន​តម្លៃ​កាន់តែ​ខ្ពស់​បន្ថែម​ទៀត ខណៈ​បច្ចុប្បន្ន​តម្លៃ​អចលនទ្រព្យ​នៅ​តំបន់​នោះ​កំពុង​មានការ​កើនឡើង​រួច​ទៅ​ហើយ បន្ទាប់​ពី​ព័ត៌មាន​សាងសង់​ស្ពាន នេះ​ត្រូវ​បាន​បែកធ្លាយ​។

សម្រាប់​ឧកញ៉ា ចេ​ង ខេ​ង គម្រោង​ស្ពាន​ឆ្លងទន្លេ​នេះ វា​មិន​ត្រឹមតែ​ជួយ​លើកកម្ពស់​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ឲ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ផ្នែក​មួយ​ក្នុង​ការ​ជួយ​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​ទាំងមូល​ផង​ដែរ​។ អ្នកជំនាញ​រូប​នេះ​ជឿជាក់​ថា ក្រោយ​ស្ពាន​នេះ​លេច​ចេញ​ជា​រូបរាង​នឹង​មាន​វិនិយោគិន​ជា​ច្រើន​ទៅ​បោះទុន​វិនិយោគ ដើម្បី​អភិវឌ្ឍន៍​នៅ​តំបន់​នោះ ដែល​ធ្វើ​ឲ្យ​តំបន់​អរិយ​ក្សត្រ​កាន់តែ​មាន​ភាព​ទាក់ទាញ​មួយ​កម្រិត​។

ជុំវិញ​គម្រោង​ស្ពាន​ឆ្លងទន្លេ​នេះ លោក ច្រឹ​ក សុនី​ម ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​យល់​ឃើញ​ថា គម្រោង​ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ​នេះ វា​នឹង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​សម្រួលការ​ធ្វើ​ដំណើរ​របស់​សាធារណជន ជា​ពិសេស​ប្រជាជន​រស់នៅ​តំបន់​អរិយ​ក្សត្រ​តែ​ម្តង​។ លោក​ជឿជាក់​ថា តាម​រយៈ​គម្រោង​នេះ វា​នឹង​ជួយ​ជំរុញ​ឲ្យ​តម្លៃ​អចលនទ្រព្យ​នៅ​តំបន់​នោះ​មានការ​កើនឡើង​មួយ​កម្រិត​ទៀត ហើយ​វា​ក៏​ជា​ផ្នែក​មួយ​ក្នុង​ការ​ជួយ​ទាក់ទាញ​វិនិយោគិន​ឲ្យ​ទៅ​អភិវឌ្ឍន៍​នៅ​តំបន់​នោះ​ផង​ដែរ​។ ប៉ុន្តែ​អ្នកជំនាញ​រូប​នេះ​ជឿជាក់​ថា អ្វី​ៗ​ត្រូវការ​ចំណាយពេល​យួរ​។ 

ជាមួយ​គ្នា​នេះ លោកស្រី អាន សុធី​តា នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន​អចលនទ្រព្យ PropNex កត់សម្គាល់​ឃើញ​ថា តម្លៃ​អចលនទ្រព្យ​នៅ​តំបន់​អរិយ​ក្សត្រ​បាន​កើនឡើង​តាំងពី​៣​ឆ្នាំ​មុន​មក​ម្ល៉េះ ហើយ​តាម​រយៈ​គម្រោង​ស្ពាន​ឆ្លងទន្លេ​មិត្តភាព​កម្ពុជា​-​កូរ៉េ​នេះ វា​នឹង​ជួយ​តម្លៃ​អចលនទ្រព្យ​នៅ​តំបន់​នោះ​មាន​ភាពល្អ​ប្រសើរ​មួយ​កម្រិត​ទៀត​។ ទោះបី​យ៉ាងនេះ​ក្តី អ្នកស្រី​យល់​ថា វិនិយោគិន​បច្ចុប្បន្ន​មិនសូវ​បោះទុន​វិនិយោគ​លើ​អចលនទ្រព្យ ដែល​មាន​តម្លៃ​ថ្លៃ​ៗ​នោះ​ទេ ពោល​គឺ​ពួក​គេ​ភាគច្រើន​បោះទុន​វិនិយោគ​តែ​លើ​អចលនទ្រព្យ ដែល​មាន​តម្លៃ​សមរម្យ និង​ក្រោម​ទីផ្សារ​ប៉ុណ្ណោះ​។

មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​បញ្ជាក់​ប្រាប់​ខេ​ម​បូ​ណូ​មី​ស កាលពី​ពេល​ថ្មី​ៗ​ថា រាជរ​ដ្ឋា​បាល​កម្ពុជា​បាន​ឯកភាព​ជា​គោលការណ៍​ហើយ ដោយ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​កូរ៉េ​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ​ចំនួន​ពីរ ក្នុង​នោះ​ស្ពាន​ទី​១ សាងសង់​ចេញពី​ម្តុំ​ផ្សារ​រាត្រី​ក្បែរ​ចាស់​ឆ្ពោះទៅ​ត្រើយ​សុខា​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​ទី​២​ចេញពី​ម្តុំ​ត្រើយ​សុខា​ឆ្ពោះទៅ​អរិយ​ក្សត្រ​ឆ្លងកាត់​ទន្លេមេគង្គ​។ តាម​គម្រោង​ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ​នេះ​គ្រោង​សាងសង់​នៅ​ចុងឆ្នាំ​២០២៣ តែ​គេ​មិន​ទាន់​ដឹង​ថា​ស្ពាន​នេះ​ជា​ប្រភេទ​ស្ពាន​អ្វី ហើយ​គ្រោង​ចំណាយ​ប៉ុន្មាន​នៅឡើយ​ទេ​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមកំណត់គោលដៅនាំចេញឈើក្នុងតម្លៃជិត ២០ពាន់លានដុល្លារក្នុងឆ្នាំ២០២៥

ព័ត៌មាន
បើតាមគម្រោងដែលទើបតែអនុម័តថ្មីៗដោយឧបនាយករដ្ឋមន្ត្រី លោក Le Van Thanh បានឲ្យដឹងថាការនាំចេញឈើ និងផលិតផលឈើរបស់វៀតណាមត្រូវបានគេរំពឹងថា ន…

អឺរ៉ុបបង្កើនជំនួយយោធាជាង ៥០០រយលានទៀតឲ្យអ៊ុយក្រែនសរុបជាង១ពាន់លានដុល្លារ

ព័ត៌មាន
អស់ពេលជិត២០ថ្ងៃមកហើយ កងទ័ពរុស្ស៊ីនៅតែបង្កើនការវាយប្រហារកាន់តែខ្លាំងឡើង នៅតាមក្រុងសំខាន់ៗ របស់អ៊ុយក្រែន និងបន្តការបាញ់ផ្លោងផ្ទះសម្បែង និ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ