ការព្រមាននេះធ្វើឡើងស្របពេលដែលក្រុមមេដឹកនាំសហភាពអឺរ៉ុប បានពិភាក្សាអំពីការចាត់ចែងប្រើប្រាស់មូលនិធិរបស់ធនាគារកណ្តាលរុស្ស៊ី ដែលត្រូវបានបង្កកទុកជាង១៦២ពាន់លានដុល្លារអាម៉េរិក ដើម្បីយកទៅកសាងប្រទេសអ៊ុយក្រែន ឡើងវិញ ប៉ុន្តែមេដឹកនាំទាំងនោះមិនទាន់បានឈានដល់កិច្ចព្រមព្រៀងគ្នាទាំងស្រុងនៅឡើយទេ។
លោក អែនដ្រេ ខូស្ទីន បានព្រមានថា ប្រសិនបើសហភាពអឺរ៉ុបយកលុយរបស់អ្នកដទៃទៅប្រើប្រាស់ នោះគឺស្មើនឹងការប្រកាសសង្គ្រាម ហើយរុស្ស៊ី នឹងឆ្លើយតបតាមផ្លូវតុលាការរបស់រុស្ស៊ីផង និងតាមផ្លូវតុលាការអន្តរជាតិផង ឬអាចឈានទៅដាក់ពាក្យប្ដឹងទៅអង្គការសហប្រជាជាតិ (UN) ក៏ថាបាន។
អ្នកជំនាញរូបនេះ ក៏បាននិយាយដែរថា ប្រទេសរុស្ស៊ី អាចនឹងយល់ព្រមចំពោះការបែងចែក ឬប្រើប្រាស់ទ្រព្យសកម្មមួយចំនួន នៃទ្រព្យសកម្មរបស់ខ្លួន ដែលត្រូវបានបង្កកទុក តែលុះត្រាតែរុស្ស៊ី ត្រូវបានរាប់បញ្ចូលក្នុងដំណើរការចរចាកិច្ចព្រមព្រៀងសន្តិភាព ដែលមានលក្ខណៈទូលំទូលាយ។
សំណើបឋមរបស់សហរដ្ឋអាម៉េរិក បានស្នើឱ្យចាត់ចែងប្រើប្រាស់១០០ពាន់លានដុល្លារ នៃទ្រព្យសកម្មរុស្ស៊ី ដែលត្រូវបានបង្កកទុក ដើម្បីយកទៅកសាងប្រទេសអ៊ុយក្រែន ឡើងវិញ ហើយសល់ប៉ុន្មានដាក់បញ្ចូលទៅក្នុងមូលនិធិវិនិយោគរួមរវាងសហរដ្ឋអាម៉េរិក និងរុស្ស៊ី។ លោក អែនដ្រេ ខូស្ទីន បានសង្កត់ធ្ងន់ថា ប្រទេសរុស្ស៊ី បើកទ្វារចំហរង់ចាំស្វាគមន៍ការចរចា ប៉ុន្តែរំពឹងថា ដំណើរការនេះនឹងត្រូវការពេលវេលាវែង៕
ដោយ: តែម សុខុម