ការបង្ហាញក្តីបារម្ភនេះ បានកើតឡើងភ្លាមៗ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា នាវាមុជទឹកអាម៉េរិក បានបាញ់មីស៊ីលតូពីដូ កម្ទេចនាវាចម្បាំង IRIS Dena របស់អ៊ីរ៉ង់ នៅដែនសមុទ្រក្បែរប្រទេសស្រីលង្កា កាលពីថ្ងៃទី៤ ខែមីនា។ យោងតាមសារព័ត៌មាន The Straits Times ហេតុការណ៍នេះបានធ្វើឱ្យកម្តៅនយោបាយពិភពលោកកាន់តែក្តៅខ្លាំង។
ប្រធានវិទ្យាស្ថានមជ្ឈិមបូព៌ា នៃសាកលវិទ្យាល័យជាតិ សិង្ហបុរី បានលើកឡើងថា លទ្ធភាពដែលសង្គ្រាមរាលដាលមកដល់អាស៊ីអាគ្នេយ៍ គឺអាស្រ័យលើមហិច្ឆតារបស់រដ្ឋបាលលោក ត្រាំ ក្នុងការតាមប្រមាញ់នាវាចម្បាំងអ៊ីរ៉ង់ ដែលនៅសេសសល់។
ទោះជាយ៉ាងណា ការសម្រេចចិត្តខាងយោធានេះ កំពុងរងការរិះគន់ពីមជ្ឈដ្ឋានមួយចំនួន ដោយសាររដ្ឋបាល លោក ត្រាំ មិនបានសុំការអនុញ្ញាតពីអង្គការសហប្រជាជាតិ ឬឆ្លងកាត់ការយល់ព្រមពីសភាអាម៉េរិកឡើយ។ បន្ថែមលើនេះ អាម៉េរិក ក៏មិនទាន់បានបង្ហាញភស្តុតាងច្បាស់លាស់ថា នាវាចម្បាំងអ៊ីរ៉ង់ IRIS Dena មានចេតនាវាយប្រហារបែបណានៅក្នុងតំបន់សមុទ្រឆ្ងាយបែបនេះ។
សហរដ្ឋអាម៉េរិក បានអះអាងថា ការកម្ទេចនាវា IRIS Dena គឺជាសកម្មភាពស្របច្បាប់ ដើម្បីឆ្លើយតបទៅនឹងការសងសឹករបស់អ៊ីរ៉ង់ ដែលបានវាយប្រហារលើមូលដ្ឋានទ័ពយន្តហោះ និងស្ថានទូតរបស់ខ្លួន។ ប៉ុន្តែអ្នកវិភាគយល់ឃើញថា ការវាយប្រហារនៅចំណុច ដែលមានចម្ងាយជាង១,៦០០គីឡូម៉ែត្រពីប្រទេសអ៊ីរ៉ង់បែបនេះ អាចជាការរំលោភលើគោលការណ៍សមាមាត្រ និងការកំណត់តំបន់សង្គ្រាម ដែលនឹងជំរុញឱ្យជម្លោះនេះរីកកាន់តែធំរហូតដល់មិនអាចគ្រប់គ្រងបានក្នុងតំបន់អាស៊ីទាំងមូល៕
អត្ថបទៈ សួន ឡង់ទី