ក្រោយសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាសលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ កន្លងទៅ ព័ត៌មានដំបូងៗបានផ្ដោតខ្លាំងលើបញ្ហាមីស៊ីល និងភូមិសាស្ត្រនយោបាយ។ ប៉ុន្តែប៉ុន្មានថ្ងៃក្រោយមកផលវិបាកសេដ្ឋកិច្ចដែលបង្កឡើងដោយសង្គ្រាមនេះ បានក្លាយជាប្រធានបទដ៏សំខាន់ និងគួរឱ្យបារម្ភបំផុត។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក តេងគូ ដាទុក សឺរី អាឌុល អាស៊ីស (Tengku Datuk Seri Zafrul Abdul Aziz) ប្រធានមជ្ឈមណ្ឌលគំនិតផ្ដួចផ្ដើមអនាគតអាស៊ីអាគ្នេយ៍ និងជាទីប្រឹក្សានយោបាយជាន់ខ្ពស់របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានសរសេរបទវិភាគមួយថា ប្រជាជាតិនានាក្នុងតំបន់កំពុងរងការឈឺចាប់យ៉ាងខ្លាំង នៅពេលដែលតម្លៃប្រេងឥន្ធនៈ និងស្បៀងអាហារហក់ឡើងខ្ពស់។
លោកបានរៀបរាប់ថា តំបន់អាស៊ីអាគ្នេយ៍បានរងផលប៉ះពាល់យ៉ាងខ្លាំង នៅពេលដែលតម្លៃប្រេងឆៅដែលធ្លាប់មានតម្លៃទាបជាង៧០ដុល្លារក្នុងមួយបារ៉ែលបានហក់ឡើងដល់ជាង១០០ដុល្លារ។ រីឯតម្លៃហ្គាសបានកើនឡើងដល់រហូតដល់១៤០% ចំណែកឯតម្លៃស្បៀងអាហារ និងសេវាកម្មផ្សេងៗ ក៏បានកើនឡើងតាមគ្នាដែរ។ ក្នុងនោះបញ្ហានេះបានធ្វើឱ្យអតិផរណាហក់ឡើងយ៉ាងខ្លាំង ដោយក្រុមហ៊ុនផលិតម្ហូបអាហារធំៗជាច្រើនបានចាប់ផ្ដើមព្រមានអំពីការដំឡើងថ្លៃផលិតផលរបស់ពួកគេ។
ពាក់ព័ន្ធបញ្ហានេះលោក អាឌុល អាស៊ីស បានអះអាងថា គ្មានប្រទេសណាមួយក្នុងតំបន់អាចគេចផុតពីផលប៉ះពាល់បានឡើយ ហើយប្រទេសផ្សេងៗក៏បានដាក់ចេញវិធានការទប់ទល់នឹងបញ្ហានេះដែរ ក្នុងនោះរដ្ឋាភិបាលហ្វីលីពីនបានអនុញ្ញាតឱ្យមន្ត្រីខ្លះធ្វើការត្រឹម៤ថ្ងៃក្នុងមួយសប្តាហ៍ ខណៈថៃ និងវៀតណាមលើកទឹកចិត្តឱ្យមន្ត្រីរាជការធ្វើការពីផ្ទះ។ ចំណែកមីយ៉ាន់ម៉ាដាក់កាលវិភាគបើកបរឆ្លាស់ថ្ងៃគ្នា ដើម្បីសន្សំសំចៃប្រេង រីឯឡាវ និងកម្ពុជាចាប់ផ្ដើមមានសេចក្តីរាយការណ៍អំពីកង្វះខាតថាមពលបណ្ដើរៗហើយ។
បច្ចុប្បន្នប្រទេសធំៗដូចជាចិន និងវៀតណាមបានឈានដល់ការកាត់បន្ថយ ឬទប់ស្កាត់ការនាំចេញប្រេងឥន្ធនៈ ដែលចម្រាញ់រួច ដើម្បីធានាការផ្គត់ផ្គង់ក្នុងស្រុក ដែលកត្តានេះធ្វើឱ្យបណ្ដាញថាមពលក្នុងតំបន់ស្ថិតក្រោមសម្ពាធយ៉ាងខ្លាំង។ ជាចុងក្រោយ អ្នកជំនាញខាងលើ បានសង្កត់ធ្ងន់ថា សង្គ្រាមនៅអ៊ីរ៉ង់ គឺជាការរំលឹកដាស់តឿនថា នៅក្នុងពិភពលោកដ៏មានទំនាក់ទំនងប្រទាក់ក្រឡាគ្នានេះ គ្មានប្រទេសណាមួយអាចរស់នៅដាច់ដោយឡែកមិនប៉ះពាល់ដោយសារជម្លោះបានឡើយ បើទោះជាវាផ្ទុះឡើងនៅទីឆ្ងាយយ៉ាងណាក៏ដោយ៕
ដោយៈ សរ សុជាតិ