
តាមរយៈកំណើននេះ ជំរុញឱ្យអ្នកជំនាញក្នុងវិស័យឧស្សាហកម្មកាត់ដេរនៅកម្ពុជា ជឿជាក់ថា ការនាំចេញផលិតកាត់ដេររបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ នៅពេញមួយឆ្នាំ២០២៥ នេះ នឹងនៅតែអាចរក្សាបានកំណើន ទោះបីកម្ពុជា អាចប្រឈមនឹងសម្ពាធពន្ធពីអាម៉េរិក ក៏ដោយ។
អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា បានគូសបញ្ជាក់ថា ស្ថានភាពនៃការបញ្ជាទិញ និងការនាំចេញផលិតផលក្នុងវិស័យកាត់ដេរជារួមរបស់កម្ពុជា មានកំណើនល្អប្រសើរគួរឱ្យកត់សម្គាល់នាពេលបច្ចុប្បន្ននេះ ពោលគឺការនាំចេញមានការកើនឡើងក្នុងរង្វង់២០% ទៅ៣០% នៅ៤ខែដើមឆ្នាំ២០២៥ នេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការកើនឡើងនេះ ត្រូវបានប្រធានសមាគមរូបនេះអះអាងថា គឺដោយសារការរក្សាបាននូវស្ថិរភាពនយោបាយ ការគ្រប់គ្រង់ខ្សែច្រវាក់ផលិតកម្មមានភាពល្អប្រសើរ និងគុណភាពផលិតផលរបស់កម្ពុជា ត្រូវបានទទួលស្គាល់តាមស្តង់ដារបស់អ្នកបញ្ជាទិញជាដើម។ ស្របពេលការបញ្ជាទិញ និងការនាំចេញមានការកើនឡើង អ្នកឧកញ៉ា លី ឃុនថៃ បានឱ្យដឹងថា កម្ពុជា ក៏ទទួលបានការវិនិយោគបង្កើតរោងចក្រថ្មីៗនៅក្នុងវិស័យនេះផងដែរ។ តាមរយៈកំណើនទាំងនេះ ជំរុញឱ្យលោកជឿជាក់ថា ការនាំចេញផលិតផលកាត់ដេររបស់កម្ពុជា នៅតែរក្សាបានកំណើនខ្ពស់នៅពេញមួយឆ្នាំ២០២៥នេះ។
លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានគូសបញ្ជាក់ថា ទោះបីជាកម្ពុជា ស្ថិតក្នុងភាពស្រពេចស្រពិលនៃការដាក់សម្ពាធពន្ធពីអាម៉េរិកក្តី តែស្ថានភាពនៃការនាំចេញផលិតផលកាត់ដេររបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ នៅរយៈពេល៤ខែកន្លងមកនេះ គឺមានកំណើនខ្ពស់គួរឱ្យកត់សម្គាល់បើធៀបនឹងឆ្នាំមុន។ បើតាមអ្នកជំនាញរូបនេះ ការរក្សាបានកំណើននេះ ត្រូវបានជំរុញដោយកត្តាអំណោយផលរបស់កម្ពុជា លើទីតាំងភូមិសាស្ត្រ និងសុខសន្តិភាពជាដើម ដែលធ្វើឱ្យវិនិយោគិនបានរើសរោងចក្ររបស់ខ្លួនពីបណ្តាប្រទេសដែលជួបបញ្ហា ងាកមកវិនិយោគនៅកម្ពុជា ជំនួសវិញ។
យ៉ាងណាមិញ ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា ទោះបីកម្ពុជា កំពុងរងសម្ពាធពន្ធបដិការពីរសហរដ្ឋអាម៉េរិកក្តី តែវាមិនបានធ្វើឱ្យប៉ះពាល់ដល់ការនាំចេញ និងការបញ្ជាទិញផលិតផលក្នុងវិស័យឧស្សាហកម្មកាត់ដេររបស់កម្ពុជា នៅឆ្នាំនេះ នោះទេ ពោលគឺការនាំចេញមានកំណើនវិជ្ជមានជាបន្តបន្ទាប់។
សូមជម្រាបថា នៅក្នុងរយៈពេល៤ខែ ឆ្នាំ២០២៥នេះ កម្ពុជា ទទួលបានចំណូលជាង១ពាន់៩រយលានដុល្លារពីការនាំចេញផលិតផលសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំធ្វើពីក្រណាត់ មានការកើនឡើងជិត២០% ខណៈការនាំចេញផលិតផលសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំមិនធ្វើពីក្រណាត់សម្រេចបានជាង១ពាន់លានដុល្លារ កើនឡើងជិត២៣% និងការនាំចេញផលិតផលស្បែកជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែលមានទឹកប្រាក់ជាង៦២៣លានដុល្លារ កើនឡើងជាង៣៧% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ នេះបើតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕