បើតាមស្ថានទូតចិនប្រចាំកម្ពុជា ស្ថិតក្នុងបរិបទនៃការរាតត្បាតកូវីដ១៩ ក្រៅពីប្រយុទ្ធប្រឆាំងនូវបញ្ហាប្រឈមនានា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក៏បានខិតខំបង្កើនការផលិតនិងជំរុញការកសាងកែលម្អការអភិវឌ្ឍរបស់ខ្លួនជាបន្តបន្ទាប់។ ថ្មីទៀតសោត តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុក៏មានបញ្ចូលនូវគម្រោងរោងចក្រផលិតសំបកកង់រថយន្ដផងដែរ ដែលគម្រោងនេះ មានទុនវិនិយោគសរុបប្មរាណ ៣០០លានដុល្លារអាមេរិក ដែលអាចផ្ដល់ការងារក្នុងស្រុកជាង១ពាន់៦រយកន្លែង។
ជាមួយគ្នានេះ លោកឧកញ៉ា ស៊ីន ចន្ធី ប្រធានសមាគមភស្ដុភារកម្ម កម្ពុជា និងជាអ្នកជំនាញក្នុងវិស័យដឹកជញ្ជូន នៅកម្ពុជា បានកត់សម្គាល់ឃើញថា ទោះស្ថិតក្នុងស្ថានភាពដ៏លំបាកកូវីដ១៩ ក៏ពិតមែន តែសម្រាប់ដំណើរការដឹកជញ្ជូន ទាំងនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងភ្នំពេញ និងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សុទ្ធតែមានការកើនឡើង គួរឱ្យកត់សម្គាល់។អ្នកជំនាញផ្នែកដឹកជញ្ជូនរូបនេះ នៅតែមានសុទិដ្ឋិនិយម ចំពោះវិស័យដឹកជញ្ជូន ដែលជាវិស័យចម្បង ជំរុញនូវកំណើននាំចេញរបស់កម្ពុជា នៅឆ្នាំ២០២១។ ឧកញ៉ា ស៊ិន ចន្ធី បានគូសបញ្ជាក់ទៀតថា អំឡុងវិបត្តិកូវីដ១៩ ស្របពេលដែលប្រទេសផ្គត់ផ្គង់មួយចំនួន បានជួបបញ្ហា វាក៏បានបង្កើនឱកាសផងដែរសម្រាប់កម្ពុជា ក្នុងការជំរុញការនាំចេញនាពេលកន្លងមក។
យ៉ាងណាក៏ដោយចុះ អ្នកជំនាញក្នុងវិស័យដឹកជញ្ជូន លើកឡើងថា បញ្ហាខ្វះទូកុងតឺន័រ និងតម្លៃដឹកជញ្ជូនថ្លៃ នៅតែជាបញ្ហាប្រឈមនៅឡើយ សម្រាប់វិស័យដឹកជញ្ជូនទូទាំងសកលលោក រួមទាំងកម្ពុជាផងដែរ។
សូមញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាតំបន់សេដ្ឋកិច្ចដ៏ធំជាងគេមួយរបស់កម្ពុជា ដែលប្រមូលផ្ដុំទៅដោយ រោងចក្រផលិតគ្រឿងអេឡិចត្រូនិក,ខ្សែបង្គុំអគ្គិសនី,សំបកកង់រថយន្ដ,គ្រឿងបន្លាស់រថយន្ដ និងរោងចក្រក្នុងវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូបធ្វើដំណើរជាដើម៕