តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុរំពឹងទាក់ទាញបានក្រុមហ៊ុនដល់៣០០ ក្រោយបញ្ចប់ការស្ថាបនាទាំងស្រុង


តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានបញ្ចប់ការសាងសង់ដំណាក់កាលទី១ និងកំពុងបន្តជំរុញការសាងសង់ដំណាក់កាលទី២ ដើម្បីពង្រីកខ្សែចង្វាក់ផលិតកម្ម និងការដឹកជញ្ជូនទំនិញចេញចូលតំបន់នេះ។ ថ្នាក់ដឹកនាំក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសនេះរំពឹងថា នឹងមានក្រុមហ៊ុនកើនដល់៣០០ក្រុមហ៊ុនមកតាំងទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ក្រោយបញ្ចប់ការសាងសង់ដំណាក់កាលទីពីរ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនចំនួន១៧០ក្រុមហ៊ុនហើយបានមកតាំងទីតាំងនៅតំបន់នេះ។ នេះបើតាមការអះអាងពីស្ថានទូតចិនប្រចាំកម្ពុជា។
កំពង់ផែស្វយ័តព្រះសីហនុ រូបភាព ៖​​ ក្រសួងសាធារណៈការ និងដឹកជញ្ជូន

យ៉ាងណាមិញ នៅត្រីមាសទី១ឆ្នាំ២០២២ ទំនិញចេញចូលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានទំហំជាង៧រយលានដុល្លារកើនឡើងជាង៥០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោក Chen Jiangang អគ្គនាយកក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុរំពឹងថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនឹងអាចទាក់ទាញក្រុមហ៊ុនសហគ្រាសឲ្យមកតាំងទីតាំងកើនដល់៣០០ ក្រោយបញ្ចប់ការសាងសង់តំបន់ទ្រទ្រង់ និងសួនឧស្សាហកម្មដំណាក់កាលទីពីរ។ លោក វាយតម្លៃថា តាមរយៈគម្រោងទាំងនេះ នឹងអាចផ្តល់ការងារជូនប្រជាពលរដ្ឋពី៨ម៉ឺនទៅ១០ម៉ឺននាក់។ ក្រោយបញ្ចប់ការសាងសង់ដំណាក់កាលទី១ បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសនេះមានក្រុមហ៊ុនសហគ្រាសតាំងទីតាំងចំនួន១៧០ ដោយបានផ្តល់ការងារជូនប្រជាជនជិត៣ម៉ឺននាក់។ នេះបើយោងតាមស្ថានទូតចិនប្រចាំនៅកម្ពុជា។

អគ្គនាយកក្រុមហ៊ុនតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុបានគូសបញ្ជាក់ថា បច្ចុប្បន្នរោងចក្រផលិតសំបកកង់រថយន្ត ដែលមានទំហំវិនិយោគប្រមាណ៣០០លានដុល្លារ ក្រោមការវិនិយោគរបស់ក្រុមហ៊ុនចិន Jiangsu General Science Tichnology កំពុងដំណើរការសាងសង់យ៉ាងរលូន។

រោងចក្រនេះ ជាគម្រោងវិនិយោគធំជាងគេនៅតំបន់សេដ្ឋកិច្ចពិសេសនេះ ដែលអាចបង្កើតការងារជូនប្រជាជនចំនួន១ពាន់៦រយកន្លែង។ បន្ថែមលើគម្រោងនេះ រោងចក្រអគ្គិសនីដើរដោយថាមពលកម្តៅ ក៏ត្រូវបានសាងសង់នៅតំបន់នេះដែរ ដើម្បីធានាដល់ការប្រើប្រាស់ និងខ្សែចង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនសហគ្រាស ដែលបានតាំងទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសនេះផងដែរ។

ស្ថានទូតចិនបានសរសេរដោយផ្អែកលើទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករថា នៅឆ្នាំ២០២១ ទំនិញចេញចូលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានទំហំទឹកប្រាក់ជាង ២ពាន់២រយលានដុល្លារអាមេរិក កើនឡើងជិត៤៣% បើធៀបនឹងឆ្នាំ២០២០។ ដោយឡែក នៅត្រីមាសទី១ឆ្នាំ២០២២ ការនាំចេញនាំចូលទំនិញក្នុងតំបន់នេះមានទំហំ៧១០លានដុល្លារអាមេរិក កើនឡើងជិត៥១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ជាមួយគ្នានេះ លោក នាក់ ចិន្តារិទ្ធិ ប្រធានមជ្ឈមណ្ឌលកម្ពុជាសំរាប់ស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១រំពឹងថា តាមរយៈការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន វានឹងធ្វើឲ្យលំហូរទំនិញចេញចូលរវាងកម្ពុជា-ចិន កាន់តែមានភាពងាយស្រួល និងល្អប្រសើរមួយកម្រិតទៀត។ ជាពិសេសវានឹងជួយជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគឲ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


WHO ថាអ្នកឆ្លងជំងឺអុតស្វាមាននៅ១៩ប្រទេសហើយ ប៉ុន្ដែជំងឺនេះអាចគ្រប់គ្រងបាន

ព័ត៌មាន
ករណីឆ្លងជំងឺអុតស្វា ដែលទើបតែចាប់ផ្ដើមរីករាលដាលថ្មីៗនេះ ត្រូវបានអង្គការសុខភាពពិភពលោករកឃើញជាបន្តបន្ទាប់នៅបណ្តាប្រទេសចំនួន ១៩ប្រទេស នៅលើសក…

កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលអន្តរទ្វីប៣គ្រាប់ ក្រោយលោកចូ បៃឌិនបញ្ចប់ដំណើរទស្សនកិច្ចនៅតំបន់អាស៊ី

ព័ត៌មាន
នៅទីបំផុត ដូចជាការព្យាករទុករបស់អាមេរិក កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ គ្រាប់ ដែលមួយក្នុងនោះត្រូវបានគេសន្មតថាជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ