ជាក់ស្តែង តម្លៃជ័រកៅស៊ូជាមធ្យមគិតត្រឹមខែសីហា មានតម្លៃ១,៣២៧ដុល្លារក្នុងមួយតោន ថយចុះរហូតដល់២៣០ដុល្លារក្នុងមួយតោន ឬស្មើនឹង១៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈនៅ៨ខែឆ្នាំនេះ កម្ពុជារកចំណូលសរុបបានជាង២៧៣លានដុល្លារពីការនាំចេញផលិតផលជ័រកៅស៊ូ និងឈើកៅស៊ូទៅកាន់ទីផ្សារអន្តរជាតិ។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូបានបង្ហាញថា នៅ៨ខែឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញជ័រកៅស៊ូទៅកាន់ទីផ្សារអន្តរជាតិបានប្រមាណជាង២០ម៉ឺនតោនកើនឡើងជាង៦ពាន់៣រតោន ឬស្មើនឹង៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយបើគិតជាទឹកប្រាក់មានចំនួនជាង២៧៣លានដុល្លារ។ ដ្បិតបរិមាណនាំចេញកើនឡើងក៏ពិតមែន ប៉ុន្តែបើមើលទៅលើតម្លៃនៃការនាំចេញវិញ ហាក់មានការធ្លាក់ចុះបើធៀបទៅនឹងឆ្នាំមុន។ ជាក់ស្ដែងតម្លៃលក់ជ័រកៅស៊ូគិតចាប់ពីដើមឆ្នាំរហូតមកដល់ខែសីហា ឆ្នាំ២០២៣នេះ មានតម្លៃជាមធ្យម១,៣២៧ដុល្លារក្នុង១តោន ថយចុះចំនួន២៣០ដុល្លារក្នុង១តោន ឬស្មើនឹងប្រមាណ១៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ជុំវិញបញ្ហានេះដែរ ឯកឧត្តម ហ៊ឹម អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ បានគូសបញ្ជាក់ថា តម្លៃកៅស៊ូធ្លាក់ចុះនេះ គឺដោយសារស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅមិនទាន់មានភាពល្អប្រសើរ ដែលបង្កឡើងដោយវិបត្តិនានា ជាពិសេសបញ្ហាសង្គ្រាមរវាងរុស្សីនិងអ៊ុយក្រែន ក៏ដូចជាវិបត្តិសេដ្ឋកិច្ច និងភូមិសាស្រ្តនយោបាយនៅបណ្តាប្រទេសធំៗ ដែលបានធ្វើឲ្យប៉ះពាល់ដល់ទីផ្សារកៅស៊ូពិភពលោក ខណៈតម្រូវការនៃការប្រើប្រាស់ទាបជាងការផ្គត់ផ្គងផងដែរ។ មន្រ្តីជាន់ខ្ពស់រូបនេះបញ្ជាក់ទៀតថា ចំពោះខ្សែច្រវាក់ផលិតកម្មដំណាំកៅស៊ូនៅឆ្នាំនេះវិញ ក៏ជួបនូវបញ្ហាប្រឈមមួយចំនួនផងដែរ តួយ៉ាងដូចជាបញ្ហាបម្រែបម្រួលអាកាសធាតុ ដោយសារឆ្នាំនេះមានភ្លៀងច្រើនដែលធ្វើឲ្យប៉ះពាល់ដល់ការប្រមូលផលជ័រកៅស៊ូរបស់ប្រជាកសិករដែរ។ បើតាមមន្រ្តីជាន់ខ្ពស់កសិកម្មរូបនេះ កន្លងមកទីផ្សារសំខាន់ៗ ក្នុងការនាំចេញកៅស៊ូរបស់កម្ពុជាមានដូចជាប្រទេសម៉ាឡេស៊ី វៀតណាម ចិន ឥណ្ឌូនេស៊ី និងសហគមអឺរ៉ុបជាដើម។
សូមបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២២ កម្ពុជាមានផ្ទៃដីដាំកៅស៊ូសរុបជាង៤០ម៉ឺនហិកតា ក្នុងនោះ ផ្ទៃដីចម្ការកៅស៊ូកសិ-ឧស្សាហកម្មមានជាង៤ម៉ឺនហិកតា, ផ្ទៃដីចម្ការកៅស៊ូសម្បទានដីសេដ្ឋកិច្ចមានជាង ១៩ម៉ឺនហិកតា និងផ្ទៃដីចម្ការកៅស៊ូគ្រួសារមានជាង១៦ម៉ឺនហិកតា។ ដោយឡែក ផ្ទៃដីចៀរជ័រកៅស៊ូ មានប្រមាណ៣១ម៉ឺនហិកតា និងផ្ទៃដីថែទាំមានជាង៩ម៉ឺនហិកតា។ នេះបើយោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាណនិងនេសាទ៕