អ្នកជំនាញបានប៉ាន់ប្រមាណថា ការរអាក់រអួលក្នុងការផ្គត់ផ្គង់នេះ អាចធ្វើឱ្យវិស័យបន្ទះឈីបពិភពលោកខាងបង់ច្រើនទ្រីលានដុល្លារ ឯណោះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
គ្រោះរញ្ជួយដីដ៏កំណាចកម្រិត៧.២រិច្ឆទ័រ បានវាយប្រហារឆ្នេរសមុទ្រភាគខាងកើត របស់កោះតៃវ៉ាន់ ក្បែរសង្កាត់ហ័រលាន (Hualien County) កាលពីព្រឹកថ្ងៃពុធ ទី៣ ខែមេសា ដោយបណ្ដាលឱ្យមនុស្ស៩នាក់ បាត់បង់ជីវិត និងជាង១ពាន់នាក់ទៀតរងរបួស។ កោះតៃវ៉ាន់ បានដើរតួនាទីដ៏សំខាន់នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់បន្ទះឈីបរបស់ពិភពលោក ដោយសារក្រុមហ៊ុនផលិតបន្ទះឈីបធំបំផុតរបស់ពិភពលោក គឺក្រុមហ៊ុន Taiwan Semiconductor Manufacturing ហៅកាត់ TSMC ដែលផ្គត់ផ្គង់បន្ទះឈីបដល់បណ្ដាក្រុមហ៊ុនយក្សអាម៉េរិក រួមមានក្រុមហ៊ុន Apple និងក្រុមហ៊ុន Nvidia ជាដើម បានបោះមូលដ្ឋាននៅលើកោះនេះ។
ក្រៅពីក្រុមហ៊ុនផលិតបន្ទះឈីបធំបំផុតរបស់ពិភពលោក TSMC នៅលើកោះនេះក៏មានក្រុមហ៊ុនផលិតបន្ទះឈីបជាច្រើនទៀតផងដែរ រួមមាន ក្រុមហ៊ុន UMC ក្រុមហ៊ុន Vanguard International Semiconductor និងក្រុមហ៊ុន Powerchip Semiconductor Manufacturing ជាដើម។
ប្រវត្តិវិទូលោក គ្រីស មីល័រ (Chris Miller) បានសរសេរនៅក្នុងសៀវភៅមានចំណងជើងថា "Chip War" ឬសង្គ្រាមបន្ទះឈីប ដែលបានបោះពុម្ពនៅឆ្នាំ២០២២ ថា ជិត១ភាគ៣នៃបន្ទះឈីប ដែលពិភពលោកពឹងផ្អែកត្រូវបានផលិតនៅកោះតៃវ៉ាន់ ដែលកត្តានេះហើយបានធ្វើឱ្យក្រុមហ៊ុនផលិតបន្ទះឈីប TSMC ក្លាយជាក្រុមហ៊ុនដ៏មានតម្លៃបំផុតមួយនៅលើពិភពលោក។
ទាក់ទិននឹងគ្រោះរញ្ជួយដីនៅកោះតៃវ៉ាន់នេះ ប្រវត្តិវិទូរូបនេះ បានប៉ាន់ប្រមាណថា ទំហំខាតបង់សរុបដែលបណ្ដាលមកពីកង្វះនៃការផ្គត់ផ្គង់បន្ទះឈីបទូទាំងពិភពលោក ក្រោយកើតមានគ្រោះមហន្តរាយដ៏ធំនៅកោះតៃវ៉ាន់ ដូចគ្រោះរញ្ជួយដីនេះជាដើម អាចមានទំហំច្រើនទ្រីលានដុល្លារឯណោះ ដែលការខាតបង់នេះមានទំហំធំធេងជាងការខាតបង់បង្កឡើងដោយវិបត្តិកូវីដ-១៩ ទៅទៀត៕
ដោយ: តែម សុខុម