ជាការឆ្លើយតបទៅនឹងការព្រមាននេះ សមាជិកសភាភាអឺរ៉ុបបានលើកឡើងវិញថា វាគ្រាន់តែជាការបើកបញ្ឆោតរបស់ក្រុមហ៊ុនហ្វេសប៊ុកតែប៉ុណ្ណោះ ខណៈមន្ត្រីជាន់ខ្ពស់ប្រទេសបារាំងវិញនិយាយថា ជីវិតដែលគ្មានហ្វេសប៊ុក គឺជាជីវិតដែលប្រសើរជាងមានហ្វេសប៊ុកទៅទៀត។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់ហ្វេសប៊ុកថ្មីៗនេះ បានភ្ញើលិខិតមួយទៅកាន់គណៈកម្មការផ្សារភាគមូលបត្រអាមេរិកថា ក្រុមហ៊ុនមិនចង់ដំណើរការប្រតិបត្តិការហ្វេសប៊ុក និង Instagram នៅក្នុងសហភាពអឺរ៉ុបតទៅទៀតទេ ប្រសិនបើសមាជិកសភាអឺរ៉ុប មិនព្រមស្វែងរកដំណោះស្រាយ ដើម្បីអនុញ្ញាតឲ្យក្រុមហ៊ុនអាចផ្លាស់ប្ដូរទីតាំងផ្ទុកទិន្នន័យអ្នកប្រើប្រាស់ចេញពីអឺរ៉ុប មកកាន់អាមេរិក។
ជាការឆ្លើយតប នឹងការលើកឡើងនេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបារាំង លោក Bruno Le Maire បាននិយាយប្រាប់អ្នកសារព័ត៌មានថា លោកប្រាកដចិត្តណាស់ គឺថាជីវិតរស់នៅរបស់មនុស្សនឹងកាន់តែល្អប្រសើរ បើគ្មាន Facebook។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់ លោក Robert Habeck ឯណោះវិញ ក៏ហាក់យល់ស្របនឹងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបារាំងដែរ ដោយលោកបានលើកឡើងថា បន្ទាប់ពីគណនីរបស់លោកត្រូវបានគេ Hack លោកលែងប្រើហ្វេសប៊ុក និង Twitter អស់រយៈពេល៤ឆ្នាំមកហើយ ហើយជីវិតដែលគ្មានហ្វេសប៊ុក និង Twitter គឺអស្ចារ្យណាស់។
ក្រោយពេលមានប្រតិបត្តិកខ្លាំងពីសំណាក់មន្ត្រីជាន់ខ្ពស់អឺរ៉ុប ក្រុមហ៊ុន Meta របស់ហ្វេសប៊ុក បែរជាមកនិយាយបែបទន់ភ្លន់វិញថា ក្រុមហ៊ុនមិនមានបំណង ឬផែនការក្នុងការដកខ្លួនចេញពីអឺរ៉ុបទេ ប៉ុន្ដែ អ្វីដែលជាការពិតនោះ គឺក្រុមហ៊ុន រួមទាំង អាជីវកម្មរបស់ខ្លួនជាច្រើនទៀត ត្រូវការបញ្ជូនទិន្នន័យអ្នកប្រើប្រាស់ពីអឺរ៉ុបទៅអាមេរិក ដែលវាស្របទៅនឹងប្រតិបត្តិការណ៍សេវាកម្មជាសកល។
ទោះជាយ៉ាងណាក៏ដោយ ច្បាប់ការពារទិន្នន័យថ្មីនៅក្នុងសហភាពអឺរ៉ុប តម្រូវឱ្យក្រុមហ៊ុនទាំងអស់រួមទាំងក្រុមហ៊ុន Meta ដំណើរការទិន្នន័យរបស់អ្នកប្រើប្រាស់អឺរ៉ុបនៅក្នុងតែទ្វីបអឺរ៉ុបប៉ុណ្ណោះ។
គួរបញ្ចាក់ថា កាលពីពេលមុន Meta កំពុងដំណើរការក្នុងក្របខ័ណ្ឌមួយហៅថា Privacy Shield ដែលអនុញ្ញាតឱ្យក្រុមហ៊ុននេះផ្លាស់ប្ដូរទិន្នន័យអ្នកប្រើប្រាស់ស្ដុកទុកនៅអាមេរិក។ ប៉ុន្តែក្របខណ្ឌនេះត្រូវបានរារាំងដោយតុលាការយុត្តិធម៌អឺរ៉ុបក្នុងខែកក្កដាឆ្នាំ ២០២០ ដោយចៅក្រមបានអះអាងថា កិច្ចព្រមព្រៀងនេះបានរំលោភលើច្បាប់ការពារទិន្នន័យថ្មីរបស់អឺរ៉ុប៕
អត្ថបទ វ៉ាន់ ស្រីរ័ត្ន