ក្រុមហ៊ុន KSL

មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម អះអាងថា ក្រុមហ៊ុនផលិតស្ករស KSL ដែលប្រកាសដកការវិនិយោគពីកម្ពុជា កាលពីពេលថ្មីៗ មិនបានចុះបញ្ជីវិនិយោគនៅកម្ពុជានោះទេ


កាសែតបាងកកប៉ុស្តិ៍បានចុះផ្សាយកាលពីពេលថ្មីៗថា មានក្រុមហ៊ុនផលិតស្ករសធំបំផុតលំដាប់ទី៣របស់ថៃ KSL បានសម្រេចដកការវិនិយោគចេញពីកម្ពុជា ក្រោមហេតុផលកម្ពុជាបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ GSP, ទីផ្សារកម្ពុជា មានសន្ទុះកំណើនយឺត និងតម្លៃស្ករស បានធ្លាក់ចុះជាដើម។ តែយ៉ាងណាជុំវិញបញ្ហានេះ មន្ត្រីជាន់ខ្ពស់នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានអះអាងថា ក្រុមហ៊ុនផលិតស្ករសរបស់ថៃនេះ មិនមានការចុះបញ្ជីវិនិយោគនៅកម្ពុជានោះទេ ហើយក៏ពុំទាន់មានការស្នើសុំបង្កើតរោងចក្រណាមួយនៅកម្ពុជានោះដែរ។
ក្រុមហ៊ុន KSL
ដោយ

ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអះអាងប្រាប់ខេមបូណូមីសថា ក្រុមហ៊ុនផលិតស្ករសធំបំផុតលំដាប់ទី៣របស់ថៃ KSL ដែលត្រូវបានសារព័ត៌មានបាងកកប៉ុស្តិ៍ ចុះផ្សាយថា បានដកការវិនិយោគចេញពីកម្ពុជា កាលពីពេលថ្មីៗ មិនមានចុះបញ្ជីវិនិយោគនៅកម្ពុជានោះទេ ហើយក៏ពុំមានការស្នើសុំបង្កើតរោងចក្រនៅកម្ពុជានោះដែរ។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ អ្នកវិនិយោគមិនត្រូវសម្លឹងមើលតែលើប្រព័ន្ធអនុគ្រោះពន្ធ GSP ឬ EBA នោះទេ ប៉ុន្តែត្រូវសម្លឹងមើលលើបរិយាកាសវិនិយោគនៅក្នុងប្រទេសនោះ។ ជាក់ស្ដែងនៅកម្ពុជា មានច្បាប់វិនិយោគដែលអំណោយផលល្អ មានគោលនយោបាយសេដ្ឋកិច្ច ដែលជួយលើកកម្ពស់ដល់វិនិយោគិន ខណៈកម្ពុជា ក៏ជាទីតាំងដែលមានសក្ដានុពលខ្ពស់ទាំងកម្លាំងពលកម្ម ថាមពលអគ្គិសនីកកើតឡើងវិញ និងសណ្ឋានដីដែលអំណោយផលដល់វិស័យកសិកម្មផងដែរ។

​គួរបញ្ជាក់ថា កាលពីពេលថ្មីៗកាសែតបាងកកប៉ុស្តិ៍បានចុះផ្សាយថា ក្រុមហ៊ុនផលិតស្ករសធំបំផុតលំដាប់ទី៣នៅថៃ KSL បានសម្រេចដកវិនិយោគចេញពីទីផ្សារកម្ពុជា ដែលធ្វើឱ្យមានចាប់អារម្មណ៍យ៉ាងជុំវិញព័ត៌មាននេះ។ កាសែតនេះបានចុះផ្សាយដោយស្រង់សម្តីរបស់លោក ឆាលូស ឈីនថាំមីត (Chalush Chinthammit) ប្រធានក្រុមហ៊ុនផលិតស្ករសថៃ KSL ថា ការសម្រេដកការវិនិយោគចេញពីកម្ពុជានេះ គឺដោយសារកត្តាធំៗមួយចំនួនដូចជាកម្ពុជាបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ GSP, ទីផ្សារកម្ពុជា មានសន្ទុះកំណើនយឺត និងតម្លៃស្ករសបានធ្លាក់ចុះទូទាំងពិភពលោកក្នុងពេលប៉ុន្មានឆ្នាំមកនេះ។

បើតាមប្រភពដដែលនេះ ក្រុមហ៊ុន KSL បានចាប់ដៃគូសហការជាមួយដៃគូកម្ពុជា និងចិនតៃវ៉ាន់ ដើម្បីបង្កើតក្រុមហ៊ុនចំនួន២ សម្រាប់គ្រប់គ្រងការផលិតស្ករស និងការដាំដុះអំពៅ ហើយរាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់ដីសម្បទានដល់ក្រុមហ៊ុន KSL និងដៃគូរបស់ខ្លួនចំនួន២ម៉ឺនហិកតា ក្រោមកិច្ចសន្យាជួលរយៈពេល៩០ឆ្នាំ៕

អត្ថបទ៖ បូ ដូឡា​

None



អត្ថបទបន្ទាប់


អ្នកជំនាញជឿថា បើកម្ពុជាអាចអនុវត្តបានពេញលេញនូវផែនការដែលបានដាក់ចេញ នោះវិស័យទេសចរណ៍កម្ពុជានឹងប្រសើរឡើង

អ្នកជំនាញក្នុងវិស័យទេសចរណ៍ បានវាយតម្លៃថា ប្រសិនបើកម្ពុជា អាចអនុវត្តឱ្យបានពេញលេញនូវផែនការយុទ្ធសាស្រ្តរបស់ខ្លួនដែលបានដាក់ចេញសម្រាប់ជំរុញ ន…

កោះភូកេតដាក់ក្តីរំពឹងខ្ពស់លើភ្ញៀវទេសចរចិន ក្នុងការជួយជំរុញវិស័យទេសចរណ៍ និងទីផ្សារខុនដូ

កោះភូកេតដែលត្រូវបានគេស្គាល់ថា ជាគោលដៅទេសចរណ៍ និងជាទីផ្សារអភិវឌ្ឈន៍ខុនដូដ៏លេចធ្លោមួយនៅក្នុងប្រទេសថៃ កំពុងរំពឹងលើការត្រឡប់មកវិញនៃភ្ញៀវទ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ