ការនាំចេញគ្រាប់ស្វាយចន្ទីឆៅកម្ពុជា

បញ្ហាអាកាសធាតុនាំឲ្យការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិធ្លាក់ចុះ ៣៤% នៅ៩ខែឆ្នាំនេះ


របាយការណ៍ផ្ដល់ដោយសមាគមស្វាយចន្ទីកម្ពុជាបង្ហាញថា នៅរយៈពេល ៩ខែ ក្នុងឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានចំនួន ៦៦ម៉ឺនតោន គិតជាទឹកប្រាក់មានចំនួនជាង ១ពាន់លានដុល្លារ បានថយចុះជាង ៣៤% ដែលស្មើនឹងចំនួន៣៥ម៉ឺនតោន បើធៀបរយៈពេលដូចគ្នាក្នុង ឆ្នាំ២០២១។ ក្នុងនោះ ការនាំចេញគ្រាប់ស្វាយចន្ទីឆៅកម្ពុជាទៅកាន់ទីផ្សារវៀតណាម ដែលជាទីផ្សារដ៏ធំសម្រាប់កម្ពុជា មានចំនួន ៦៤ម៉ឺនតោន ថយចុះ ៣៧%។
បញ្ហាអាកាសធាតុនាំឲ្យការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិធ្លាក់ចុះ

ជុំវិញនឹងការថយចុះការនាំចេញគ្រាប់ស្វាយចន្ទីនេះដែរ ត្រូវបាន​ប្រធានសមាគមស្វាយចន្ទី អះអាងថា គឺដោយសារតែបញ្ហាអាកាសធាតុបានធ្វើឲ្យទន្នផលគ្រាប់ស្វាយចន្ទីធ្លាក់ចុះ និងមិនអាចផលិតបាននូវគ្រាប់ស្វាយចន្ទី ដែលមានគុណភាពខ្ពស់បានច្រើនគ្រប់គ្រាន់ សម្រាប់តម្រូវការទីផ្សារ។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានអះអាងថា ដំណាំស្វាយចន្ទីគឺជាដំណាំឧស្សាហកម្មមួយប្រភេទ ដែលមានសក្តានុពលសម្រាប់នាំចំណូលចូលសេដ្ឋកិច្ចជាតិ ជាក់ស្ដែង ត្រឹមរយៈពេល៩ខែ ឆ្នាំ២០២២នេះ សមាគមស្វាយចន្ទីកម្ពុជា សម្រេចបានការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តរជាតិចំនួន ៦៦ម៉ឺនតោន ក្នុងទំហំទឹកប្រាក់ប្រមាណជាង ១ពាន់លានដុល្លារ ថយចុះជាង​៣៤%។

ការធ្លាក់ចុះនេះ បណ្ដាលមកពី​ឆ្នាំនេះ បញ្ហាអាកាសធាតុបានធ្វើឲ្យទិន្នផល​ និងគុណភាព គ្រាប់ស្វាយចន្ទីធ្លាក់ចុះ មិនអាចឆ្លើយតបតាមតម្រូវការទីផ្សារ។ នេះបើតាម​ការគូសបញ្ជាក់ របស់​លោក អួន ស៊ីឡុត។

ប្រធានសមាគមស្វាយចន្ទីកម្ពុជារូបនេះ អះអាងបន្ថែមថា ដំណាំគ្រាប់ស្វាយចន្ទី ជាដំណាំមានសក្ដានុពលខ្ពស់ក្នុងការនាំចេញ និងរកចំណូលចូលសេដ្ឋកិច្ចជាតិបានចំនួនច្រើនជាងការនាំចេញស្រូវអង្ករទៅទៀត។

ចំពោះតម្លៃគ្រាប់ស្វាយចន្ទីនៅឆ្នាំ ២០២២នេះ ហាក់មានជួបនូវបញ្ហាប្រឈមមួយចំនួនផងដែរ ដោយសារតែកត្តាអាកាសធាតុប្រែប្រួល បានធ្វើឲ្យគ្រាប់ស្វាយចន្ទីខូចគុណភាព ដែលធ្វើឲ្យការលក់មិនបានតម្លៃខ្ពស់។ បើតាម លោក អួន ស៊ីឡុត បច្ចុប្បន្នតម្លៃគ្រាប់ស្វាយចន្ទីស្ងួត អាចលក់បានតម្លៃចន្លោះពី ៤.២០០រៀល ទៅ៧.២០០រៀល ក្នុងមួយគីឡូក្រាម។ ក្រៅតែពីបញ្ហាអាកាសធាតុដែលប៉ះពាល់ដល់តម្លៃគ្រាប់ស្វាយចន្ទីហើយនោះ ការខ្វះខាតនូវរោងចក្រសហគ្រាសសម្រាប់កែច្នៃគ្រាប់ស្វាយចន្ទី​នៅក្នុងស្រុក ក៏ជាបញ្ហាប្រឈមមួយនាំឲ្យតម្លៃគ្រាប់ស្វាយចន្ទីធ្លាក់ចុះផងដែរ។

ប្រធានសមាគមស្វាយចន្ទីអះអាងថា នៅកម្ពុជាបច្ចុប្បន្នមានរោងចក្រចំនួន៤ និងសហគ្រាសតូចៗប្រមាណ ២០ ប៉ុណ្ណោះ ដូច្នោះហើយមិនអាចស្រូបទិញកសិផលគ្រាប់ស្វាយចន្ទីបានទាន់ពេលវេលានោះទេ ដែលជាហេតុធ្វើឲ្យឈ្មួញដែលបញ្ជាទិញពីក្រៅប្រទេស ធ្វើការទម្លាក់តម្លៃគ្រាប់ស្វាយចន្ទី ទាំងគ្រាប់សើម និងគ្រាប់ស្ងួត បានតាមតែចិត្តរបស់ពួកគេតែម្តង។

សូមបញ្ជាក់ថា ទិន្នន័យពីសមាគម​ស្វាយចន្ទី​កម្ពុជា​បង្ហាញថា ក្នុងឆ្នាំ ២០២១ ការនាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារអន្តរជាតិសម្រេចបានចំនួន ១លាន១សែនតោន ដែលអាចរកចំណូលបានចំនួន ១ពាន់៦រយលានដុល្លារ៕




អត្ថបទបន្ទាប់


បុរី មេគង្គ លែន ចូលរួមឧបត្ថម្ភគ្រួសារសពជនរងគ្រោះម្នាក់១លានរៀល ករណីលិចទូកនៅខេត្តកណ្តាល

ព័ត៌មាន
ហេតុការណ៍លិចទូក ដ៏រន្ធត់មួយ ដែលស្ថិត នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល នាទី ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២២ បានធ្វើឱ្យប្រ…

លោក ស៊ី ជីនពីង នឹងបើកសមាជបក្សកុម្មុយនិស្តចិននៅចុងសប្ដាហ៍នេះ ចំពេលដែលប្រទេសកំពុងជួបបញ្ហាចាក់ស្រេះជាច្រើន

ព័ត៌មាន
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងឡើងបង្ហាញខ្លួននៅថ្ងៃអាទិត្យ ទី ១៦ តុលា ដើម្បីចាប់ផ្តើមបើកកិច្ចប្រជុំសមាជបក្សកុម្មុយនិស្តចិន ដែលជាបក្សកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ