ចំណូលពាណិជ្ជកម្មតាមអនឡាញ

ក្រសួងពាណិជ្ជកម្មរំពឹងចំណូលពាណិជ្ជកម្មតាមអនឡាញកើនដល់ជិត២ពាន់លានដុល្លារនៅឆ្នាំ២០២៥


ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់នៅប៉ុន្មានចុងក្រោយនេះ ជាពិសេសក្នុងអំឡុងពេលកម្ពុជាទទួលរងនូវការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។ ជាក់ស្តែងកាលពីឆ្នាំ២០២១ ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកមានទំហំសរុបជិត១ពាន់លានដុល្លារ កើនឡើងជាង១៩% បើធៀបនឹងឆ្នាំ២០២០ ដែលមានទំហំជាង៨រយលានដុល្លារ។
ក្រសួងពាណិជ្ជកម្ម

ក្រសួងពាណិជ្ជកម្ម​រំពឹង​ថា ចំណូល​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​នឹង​កើន​ដល់​ជិត​២​ពាន់​លា​នុ​ដ​ល្លារ​នៅ​ឆ្នាំ​២០២៥ ក្រោយ​មើលឃើញ​ពី​សន្ទុះ​អ្នក​ប្រើប្រាស់​សេវា​អ៊ិ​ន​ធឺ​ណិ​ត ទូរស័ព្ទ​ចល័ត និង​បណ្តាញ​សង្គម​មានការ​កើនឡើង​។ ក្នុង​នោះ សម្លៀក​បំពាក់ គ្រឿង​អេ​ឡិច​ត្រូ​និក គ្រឿងសម្អាង និង​ផលិតផល​សុខភាព បច្ចុប្បន្ន​នេះ គឺ​សុទ្ធ​សឹង​ជា​ប្រភេទ​ទំនិញ ដែល​មានការ​បញ្ជា​ទិញ​-​លក់​ច្រើន​ជាងគេ​នៅ​លើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​។

ព្រឹត្តិបត្រ​ស្ថិតិ​ពាណិជ្ជកម្ម​របស់​ក្រសួងពាណិជ្ជកម្ម​ប្រចាំឆ្នាំ​២០២១ បាន​បង្ហាញ​ពី​ទំហំ និង​ការ​វាយតម្លៃ​ពី​កំណើន នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​នៅ​កម្ពុជា ក៏​ដូច​ជា​ប្រភេទ​ទំនិញ ដែល​ទទួល​បានការ​ទិញ​លក់​ច្រើន​ជាងគេ​នា​ពេល​កន្លង​មក​។ ក្នុង​នោះ​ក្រសួងពាណិជ្ជកម្ម​រំពឹង​ថា ចំណូល​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​នឹង​អាច​ហក់​ដល់​ជិត ១​ពាន់​៨​រយ​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២៥ ក្រោយ​មើលឃើញ​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​របៀប​នេះ​មានការ​កើន​ឡើងជា​បន្តបន្ទាប់​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ ជាក់ស្តែង​កាលពី​ឆ្នាំ​២០២១ ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ទទួល​បាន​ចំណូល​ជាង​៩៧០​លាន​ដុល្លារ​មានការ​កើនឡើង​ជាង​១៩% បើ​ធៀប​នឹង​ឆ្នាំ​២០២០ ដែល​មាន​ជាង​៨១៣​លាន​ដុល្លារ​។

ជាមួយ​គ្នា​នេះ​ក្រសួងពាណិជ្ជកម្ម​បាន​ព្យាករណ៍​ថា នៅ​ឆ្នាំ​២០២២ ចំណូល​បាន​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​នឹង​កើន​ដល់​ជាង​១​ពាន់​១​រយ​លាន​ដុល្លារ​, ឆ្នាំ​២០២៣​នឹង​កើន​ដល់​ជិត​១​ពាន់​៣​រយ​លាន​ដុល្លារ​និង​បន្ត​ហក់​ដល់​ជាង​១​ពាន់​៥​រយ​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២៤ មុន​ឈាន​ដល់​ជិត​១​ពាន់​៨​រយ​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២៥​។

ព្រឹត្តិបត្រ​ខាងលើ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា កន្លង​មក​ផលិតផល​សម្លៀក​បំពាក់​មានការ​បញ្ជា​ទិញ​-​លក់​ច្រើន​ជាងគេ​រហូត​ដល់​ជាង​២៦៣​លាន​ដុល្លារ បន្ទាប់​មក​ផលិតផល​អេ​ឡិច​ត្រូ​និ​ច​មាន​ជាង​២៥៤​លាន​ដុល្លារ​, ផលិតផល​សុខភាព គ្រឿងសម្អាង និង​សម្ភារ​ប្រើប្រាស់​មាន​ជាង​២៣០​លាន​ដុល្លារ​។ ចំណែក​ម្ហូបអាហារ និង​ភេសជ្ជៈ​ទទួល​បានការ​បញ្ជា​ទិញ​-​លក់​ជាង​១០០​លាន​ដុល្លារ​និង​ផលិតផល​ជា​ច្រើន​ផ្សេង​ទៀត​។

ប្រតិបត្តិការ​បញ្ជា​ទិញ​លក់​ទាំងនេះ​ធ្វើ​ឡើង​តាម​កុំព្យូទ័រ​មាន​ប្រមាណ​៥៥% និង​តាម​ថេ​ប្លេ​ក និង​ទូរស័ព្ទ​ជាង ៤៥%​។ បើ​តាម​ស្ថិតិ​របស់​ក្រសួងពាណិជ្ជកម្ម កាលពី​ឆ្នាំ​២០២១ អ្នក​ប្រើប្រាស់​សេវា​អ៊ិ​ន​ធឺ​ណិ​ត​នៅ​កម្ពុជា​មាន​ចំនួន​ជាង​១៣​លាន​នាក់ អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​មាន​១២​លាន​នាក់ និង​ទូរស័ព្ទ​ចល័ត​ជាង ២២​លាន​គ្រឿង​ត្រូវ​បាន​ប្រើប្រាស់​។

ពាក់ព័ន្ធ​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​នេះ​ដែរ លោក​បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជ​បណ្ឌិតសភា​កម្ពុជា​មើលឃើញ​ថា ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​នៅ​កម្ពុជា មាន​សកម្មភាព​ផុសផុល​ច្រើន​នៅ​មួយ​រយៈ​ចុង​ក្រោយ តែ​មិន​ទាន់​មានការ​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់​នោះ​ទេ​។ ពោល​គឺ​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​របៀប​នេះ​នៅ​កម្ពុជា ភាគច្រើន​ធ្វើ​ឡើង​តែ​ក្នុង​ក្រប​ខណ្ឌ​ក្នុងស្រុក និង​ក្នុង​ទ្រង់ទ្រាយ​តូច​ៗ​ប៉ុណ្ណោះ​។ អ្នកជំនាញ​រូប​នេះ​អះអាង​ថា កត្តា​ដែល​ធ្វើ​ឲ្យ​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​អន​ឡាញ​នៅ​កម្ពុជា​មិន​ទាន់​មានការ​រីក​ចម្រើន​ខ្លាំង​រួម​មាន​កត្តា​ចំណេះដឹង ការ​លក់​បន្លំ​គុណភាព និង​តម្លៃ និង​បញ្ហា​ដឹក​ជញ្ជូន​ជាដើម​។

អ្នកជំនាញ​កត់សម្គាល​ឃើញ​ថា ការ​បញ្ជា​ទិញ និង​លក់ទំនិញ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​នៅ​កម្ពុជា​មានការ​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ជា​ពិសេស​ក្នុងអំឡុងពេល​កម្ពុជា​មានការ​បិទ​ខ្ទប់​តំបន់​មួយ​ចំនួន​ដោយសារ​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ កាលពី​អំឡុង​ឆ្នាំ​២០២០ និង​២០២១​។ បច្ចុប្បន្ន​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​អន​ឡាញ​នៅ​កម្ពុជា​មានការ​រីក​ចម្រើន និង​មានការ​ពេញ​និយម​យ៉ាង​ខ្លាំង​ពី​មហាជន ពិសេស​ស្រទាប់​យុវជន​តែ​ម្តង​៕




អត្ថបទបន្ទាប់


ធនាគារជាតិនៃកម្ពុជាដាក់ឱ្យប្រើប្រាស់ជាផ្លូវការសេវាទូទាត់ KHQR ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា

ព័ត៌មាន
ធនាគារជាតិនៃកម្ពុជា សហការជាមួយ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា បា…

ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគីរី ត្រូវបានប្រកាសដាក់ចេញផែនការសកម្មភាព

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ បានប្រកាសពីផែនការសកម្មភាពនៃផែនការមេអភិវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ