ក្នុងវិស័យជំនួញនៅកម្ពុជា ឈ្មួញទុច្ចរិតមួយចំនួនបានប្រើប្រាស់ព័ត៌មានក្លែងក្លាយ (Fake News) ដើម្បីបោកប្រាស់កេងប្រវ័ញ្ច លើគំនរញើសឈាមពលរដ្ឋខ្មែរជាច្រើនករណីរួចទៅហើយ។ ឈ្មួញខ្លះក៏ត្រូវសមត្ថកិច្ចផ្តន្ទាទោស ឈ្មួញខ្លះទៀតក៏នៅក្រៅសំណាញ់ច្បាប់ ឈ្មួញខ្លះក៏ចំណេញប្រាក់ធ្វើមានបាន ហើយអ្នកដែលត្រូវគេបោក បានត្រឹមតែខូចចិត្ត ។
តទៅនេះ គេហទំព័រ ខេមបូណូមីស សូមលើកយកករណីធំៗមួយចំនួនដែលឈ្មួញខិលខូច ប្រើព័ត៌មានក្លែងក្លាយ (Fake News) ដើម្បីបោកលុយពលរដ្ឋខ្មែរ៖
១. ពលរដ្ឋជាង៩០០គ្រួសារ ចាញ់បោកក្រុមហ៊ុន EBC អស់ប្រាក់សរុបជាង ៤០០លានដុល្លារ។ សំណុំរឿងនេះ ជាសំណុំរឿងដែលកប់បាត់ជិត១ឆ្នាំមកហើយ បន្ទាប់ពីក្រសួងមហាផ្ទៃ បានស្រាវជ្រាវនិងបញ្ជាក់អត្តសញ្ញាណជនសង្ស័យសុទ្ធសឹងជាមេគ្រាក់ៗរបស់ក្រុមហ៊ុន EBC។ ក្រុមហ៊ុននេះ បានប្រើប្រាស់យុទ្ធសាស្ត្រផ្តល់ព័ត៌មានបោកប្រាស់ជាប្រព័ន្ធតែម្តង។
- ដំបូង ក្រុមហ៊ុននេះ បានបង្កើតក្រុមហ៊ុនមេមួយ និងអង្គការចំនួន២ ដើម្បីបង្កើនទំនុកចិត្តផ្លូវច្បាប់។ ទាំងក្រុមហ៊ុនទាំងអង្គការសុទ្ធសឹងតែមានអាជ្ញាប័ណ្ណត្រឹមត្រូវពីក្រសួងមហាផ្ទៃ។ ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុននេះ ក៏បានចូលរួមកិច្ចពិភាក្សាជជែកដេញដោលពីវិស័យជំនួញរបស់ទូរទស្សន៍ក្នុងស្រុកជាញឹកញាប់។
បន្ទាប់មក បុគ្គលិកក្រុមហ៊ុននេះ យករូបភាពវីដេអូដែលទូរទស្សន៍ល្បីៗក្នុងស្រុកសម្ភាសន៍មេរបស់ខ្លួននោះ ទៅបង្ហាញអ្នកភូមិដើម្បីឱ្យអ្នកភូមិងាយជឿទុកចិត្ត។ មេៗរបស់ក្រុមហ៊ុននេះ បានព្យាយាមជួយការងារសង្គមផ្សេងៗដើម្បីបានទទួលមេដាយពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលនិងថតរូបជាមួយមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ដើម្បីងាយស្រួលយកជាទីអាង។
- បន្ទាប់មកទៀត ក្រុមហ៊ុននេះ ក៏បានជួលម៉ោងផ្សាយតាមវិទ្យុនានាក្នុងខេត្តគោលដៅមួយចំនួន រួមមាន បាត់ដំបង បន្ទាយមានជ័យ កំពង់ឆ្នាំង ពីសេវាកម្មរបស់ខ្លួន។ ពួកគេជួលវិទ្យុណាដែលមានអ្នកស្តាប់ច្រើនបំផុតក្នុងខេត្ត រកមនុស្សដែលពូកែវោហារបញ្ចុះបញ្ចូលពីវិធីចំណេញប្រាក់ងាយៗ។ ពួកគេឃោសនាឱ្យពលរដ្ឋ ទៅខ្ចីលុយស្ថាប័នមីក្រូហិរញ្ញវត្ថុឬធនាគារដើម្បីដាក់ហ៊ុនរកស៊ីថែមទៀត។ គេពន្យល់ច្បាស់ៗថា បើអ្នកភូមិអត់លុយក៏អាចវិនិយោគបានដែរ គឺពលរដ្ឋអាចខ្ចីលុយធនាគារដែលមានការប្រាក់តែ ៣% យកទៅដាក់ហ៊ុនបានដល់ទៅ ១០% ក្នុង១ខែ ចំណេញលើគោក។
នេះបើតាមការបញ្ជាក់របស់ប្រជាពលរដ្ឋអ្នកចាញ់បោកគេ ដែលបានផ្តល់បទសម្ភាសន៍ឱ្យសារព័ត៌មាននាពេលកន្លងទៅ។
- យុទ្ធសាស្ត្រផ្សាយព័ត៌មានបោកប្រាស់មួយទៀត គឺភ្នាក់ងាររបស់ក្រុមហ៊ុននេះចុះទៅពន្យល់ពលរដ្ឋដល់ផ្ទះតែម្តង។ ពួកគេប្រសប់បោក ពួកគេយកទាំងឯកសារ រូបភាព ទាំងសំឡេង ទាំងវីដេអូ ដែលមេគេឡើងនិយាយតាមទូរទស្សន៍ ទាំងលុយទាំងសម្លៀកបំពាក់ហ៊ឺហារទៅពង្វក់អ្នកភូមិដល់ក្នុងផ្ទះ ។ ទៅម្តងមិនបានគេទៅជារឿយៗរហូតមានអ្នកចាប់ផ្តើមសាកល្បង វិនិយោគ។
នៅដំណាក់កាលដំបូង គេបានផ្តល់ភាគលាភជូនអ្នកដាក់ហ៊ុនវិញតាមការសន្យា លើអត្រាការប្រាក់១០% ជាបន្តបន្ទាប់ រហូតអ្នកភូមិខ្សឹបផ្សាយព័ត៌មានបោកនេះតៗគ្នា មានអ្នកចូលហ៊ុនកាន់តែច្រើនឡើងៗ គឺបោកយកតែម្តង។ សរុប ព័ត៌មានបោកប្រាស់ដែល EBC ប្រើបោកនេះ នៅតែបង្កផលប៉ះពាល់ធំធេងណាស់ចំពោះពលរដ្ឋ។ ពលរដ្ឋខ្លះរត់ចោលស្រុក លក់កេរអាករអស់ដើម្បីសងបំណុលធនាគារមិនទាន់រួចនៅឡើយ។
២. ករណីផ្អើលទិញដីនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។ អ្នកណាៗក៏ឃើញព័ត៌មានដែលគេហទំព័រសារព័ត៌មានល្បីៗក្នុងស្រុកដូចជា គេហទំព័រ សប្បាយ ហ្វ្រេសញូវស៍ ទូរទស្សន៍ BTV ហង្សមាស ផ្សាយស្រង់សម្តីមន្ត្រីរាជរដ្ឋាភិបាលពីគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិថ្មី នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។ ព័ត៌មាននេះបានរុញ តម្លៃដីនៅស្រុកកណ្ដាលស្ទឹងឱ្យឡើងយ៉ាងគំហុក។ ដីនៅទីនោះ កាលពីឆ្នាំ២០១៧ មួយការ៉េត្រឹម៥$ ស្រាប់តែឡើងដល់មួយការ៉េចាប់ពី២៥$ ទៅ ១០០$។ ប្រហែលជា ៣ ទៅ ៥ខែ ក្រោយមក សារព័ត៌មានដែលធ្លាប់ផ្សាយពីមុននោះ បានផ្សាយវិញថា គម្រោងនេះបានផ្អាកហើយ។
ថ្វីត្បិតតែគេមិនទាន់ មានតួលេខពីចំនួនទឹកប្រាក់ដែលកប់ក្នុងតម្លៃដីនៅស្រុកកណ្ដាលស្ទឹង ប៉ុន្តែ អ្នកជំនាញអចលនទ្រព្យសន្និដ្ឋានថា លុយមិនតិចជាងខ្ទង់រយលានដុល្លារទេ ដែលត្រូវគេយកទៅទិញដីទុកលក់ឱ្យចិនក្នុងស្រុកកណ្ដាលស្ទឹង។ នេះបើគេយកទំហំដីដែលលក់រួចគុណនឹងតម្លៃដីក្នុង១ម៉ែត្រការ៉េនោះ។ អ្នកចំណេញជាងគេក្នុងការផ្សាយព័ត៌មានមិនពិតរឿងអាកាសយានដ្ឋាននៅកណ្ដាលស្ទឹងនេះ គឺអ្នកដែលលក់ដីចេញបានច្រើនជាងគេ។
ទាក់ទងនឹងឥទ្ធិពលព័ត៌មានក្លែងក្លាយនៅកម្ពុជានេះ សាស្ត្រាចារ្យសកលវិទ្យាល័យមួយនៅសហរដ្ឋអាមេរិក អ្នកស្រី Maggie FARLEY បញ្ជាក់ពន្យល់ថា ព័ត៌មានក្លែងក្លាយជាបញ្ហាប្រឈមមួយដែលពលរដ្ឋនៅលើពិភពលោកកំពុងជួប។ ព័ត៌មានក្លែងក្លាយទាំងនេះកាន់តែមានឥទ្ធិពលខ្លាំងនៅពេលដែលពលរដ្ឋប្រើបណ្ដាញសង្គមកាន់តែច្រើន។
អ្នកស្រីបន្ថែម ៖ «នៅកម្ពុជា ពលរដ្ឋរងគ្រោះព្រោះខ្វះព័តមានពិត ពួកគាត់តែងទទួលព័ត៌មានប្រជាភិថុត ឬឃោសនា ឧទាហរណ៍ ចាញ់បោកឈ្មួញពុះដីឡូត៍លក់ជាដើម។ មានតែអ្នកកាសែតអាជីពវិជ្ជាជីវៈ ស្ថាប័នកាសែតប៉ុណ្ណោះ ដែលមានលទ្ធភាពផ្ទៀងផ្ទាត់រាល់ព័ត៌មានទាំងអស់ដែលផ្សាយចេញមកធ្វើឱ្យជ្រួលជ្រើមដល់ស្រទាប់មហាជន។ បើអ្នកកាសែតអាចធ្វើការដោយវិជ្ជាជីវៈបាន នោះឥទ្ធិពលអវិជ្ជមានរបស់ព័ត៌មានក្លែងក្លាយនឹងត្រូវបានកាត់បន្ថយ»។
ក្នុងឆ្នាំ២០១៨នេះ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈកម្មាធិការដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយរួចហើយដែរ ដោយមានសមាសភាពពីក្រសួងចំនួន៣ចូលរួម គឺ ក្រសួងព័ត៌មាន ក្រសួងមហាផ្ទៃ និង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ទោះជាយ៉ាងណាក្ដី ក្រសួងទាំងបីនេះទំនងជាបំពេញការងារឈានទៅបោសសម្អាតព័ត៌មានក្លែងក្លាយខាងផ្នែកនយោបាយច្រើនជាងព័ត៌មានក្លែងក្លាយខាងផ្នែកសេដ្ឋកិច្ច។ គេសង្កើតឃើញថា ឈ្មួញខិលខូចច្រើនប្រើព័ត៌មានក្លែងក្លាយដើម្បីបោកពលរដ្ឋ ដូចជា ករណីបោកថា រកការងារឱ្យធ្វើនៅក្រៅប្រទេស (ថៃ ជប៉ុន កូរ៉េ អារ៉ាប់ ម៉ាឡេស៊ី) ឃោសនាពីជំនួញងាយចំណេញប្រាក់ ឃោសនាលក់ឱសថព្យាបាលរោគ (ករណីថ្នាំចង្អុលមេឃ) ឃោសនាលក់ផលិតផលក្លែងក្លាយ ឃោសនាឱ្យពលរដ្ឋចាប់ដីព្រៃកាប់ឆ្ការព្រៃ។ល។ ឈ្មួញទុច្ចរិតទាំងនោះ និយមប្រើបណ្ដាញសង្គមហ្វេសប៊ុក និងចុះទៅបោកពលរដ្ឋនៅតាមមូលដ្ឋានដល់ខ្នងផ្ទះតែម្ដង៕