ទូរទស្សន៍-ហ្វេសប៊ុក

ហេតុអ្វី​គេ​មិន​មើល​ព័ត៌មាន​ទូរទស្សន៍ បែរ​ជា​មើល​ព័ត៌មាន​ហ្វេសប៊ុក?


កាល​ពី​ទសវត្សរ៍​មុន និយាយ​ពី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ គេ​រាប់​បញ្ចូល​កាសែត​-ទស្សនា​វដ្ដី វិទ្យុ និង​ទូរទស្សន៍។ ប៉ុន្តែ ឥឡូវ​នេះ អ្នក​ណាៗ​ក៏​និយាយ​អំពី​អ៊ិនថឹណិត (បណ្ដាញ​ព័ត៌មាន​សង្គម ហ្វេសប៊ុក)​ដែរ។
ហ្វេសប៊ុក​និង​ទូរទស្សន៍​ប្រជែង​គ្នា​ជា​ប្រភព​សំខាន់​បំផុត​នៃ​ការ​ផ្ដល់​ព័ត៌មាន
ដោយ

ដំបូង​ឡើយ បើ​និយាយ​ពី​ព័ត៌មាន ឬ​ដំណឹង កាសែត​និង​ទស្សនា​វដ្ដី​ដើរ​តួ​សំខាន់​ជាង​គេ បន្ទាប់​មក លេច​ចេញ​នូវ​វិទ្យុ ដែល​បាន​ដណ្ដើម​តំណែង​កាសែត-​ទស្សនាវដ្ដី​ក្នុង​ការ​ផ្ដល់​ដំណឹង​លឿន​ដល់​មហាជន។ ក្រោយ​មក​ទៀត ក្នុង​អំឡុង​១០​ឆ្នាំ​មុន​នេះ ទូរទស្សន៍​បាន​ក្លាយ​ជា​ប្រភព​ដ៏​សំខាន់​និង​ឈាន​មុខ​គេ​ក្នុង​ការ​ផ្ដល់​ទាំង​ដំណឹង និង​ការ​កម្សាន្ត​ដល់​មហាជន។ ទូរទស្សន៍​បាន​ដណ្ដើម​យក​ទីផ្សារ​ផ្សាយ​ពាណិជ្ជ​កម្ម​មួយ​ចំណែក​ធំ​លើស​លប់ ធ្វើ​ឲ្យ​ក្រុមហ៊ុន​កាសែត​-ទស្សនា​វដ្ដី​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​ក្នុង​ការ​រក​ចំណូល​ពី​ការ​ផ្សាយ​ពាណិជ្ជ​កម្ម។

ឆ្នាំ​២០១៦ ការ​ស្រាវជ្រាវ​របស់​អង្គការ​អាមេរិកាំង​មួយ ឈ្មោះ មូល​និធិ​អាស៊ី (The Asia Foundation) បង្ហាញ​លទ្ធផល​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល៖ អ៊ិនថឹណិត (បណ្ដាញ​ព័ត៌មាន​សង្គម Facebook) បាន​ដណ្ដើម​តំណែង​ទូរទស្សន៍​ក្នុង​ឋានៈ​ជា​ប្រភព​ដ៏​សំខាន់​បំផុត​នៃ​ការ​ទទួល​ព័ត៌មាន។ យោង​តាម​ការ​ស្រាវជ្រាវ អ្នក​ចូលរួម​ឆ្លើយ​សំណួរ​ស្ទង់​មតិ​ ៣០​​ភាគរយ ឆ្លើយ​ថា គេ​ប្រើ​អ៊ិនថឹណិត​/ហ្វេសប៊ុក​ដើម្បី​តាម​ដាន​ព័ត៌មាន ២៩​ភាគរយ មើល​ទូរទស្សន៍ និង ១៥​ភាគ​រយ ស្ដាប់​វិទ្យុ។ 

និន្នាការ​ប្រភព​ព័ត៌មាន​ក្នុង​រយៈពេល​៤ឆ្នាំ​ចុង​ក្រោយ

ហេតុ​អ្វី​បាន​ជា​គេ​មើល​ព័ត៌មាន​ហ្វេសប៊ុក​ច្រើន​ជាង​ទូរទស្សន៍ ខណៈ​ដែល​គេ​ថា ព័ត៌មាន​នៅ​លើ​ហ្វេសប៊ុក​គ្មាន​វិជ្ជា​ជីវៈ ?

ទូរទស្សន៍​នៅ​កម្ពុជា​មិន​អាច​ផ្ដល់​ព័ត៌មាន​អ្វី លើស​ពី​ព័ត៌មាន​ពិធីការ និង​កម្មវិធី​កម្សាន្ត​សុទ្ធ​នោះ​ឡើយ។ ទូរទស្សន៍​នៅ​កម្ពុជា​បាន​ធ្វើ​អត្តឃាត​ខ្លួន​ឯង ដោយសារ​តែ​មិន​អាច​ផ្ដល់​ព័ត៌មាន​ដែល​មាន​គុណភាព
— កញ្ញា កែវ គូនីឡា អ្នក​ឯកទេស​គោល​នយោបាយ​សាធារណៈ


លោក Javier Sola ប្រធាន​អង្គការ វិទ្យាស្ថាន​បើកទូលាយ ថ្លែង​ថា «អ្នក​មើល​ទូរទស្សន៍​អាច​មើល​ឃើញ​តែ​អ្វី​ដែល​ខាង​ទូរទស្សន៍​ចាក់​ផ្សាយ​ឲ្យ​មើល​តែ​ប៉ុណ្ណោះ ប៉ុន្តែ នៅ​លើ​អ៊ិថឹណិត​វិញ មនុស្ស​កាន់​តែ​ច្រើន​ឡើង​អាច​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ដោយ​ខ្លួន​ឯង​បាន​ថែម​ទៀត​ផង»។ 


ហ្វេសប៊ុក​បាន​បើក​ជើង​មេឃ​ឲ្យ​ប្រជាជន​ទទួល​បាន​ព័ត៌មាន​គ្រប់​ប្រភេទ មិន​មាន​ការ​រឹត​ត្បិត​ដូច​ការ​ផ្សាយ​របស់​ទូរទស្សន៍។ អ្វី​ដែល​សំខាន់ ព័ត៌មាន​ដែល​ផ្សាយ​នៅ​តាម​ទូរទស្សន៍ ធ្វើ​ឲ្យ​ប្រជាជន​អស់​ទំនុក​ចិត្ត។ ប្រជាជន​បាន​ចាត់​ទុក Facebook ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​សង្គម និង​បង្ហាញ​ភាព​អយុត្តិធម៌​សង្គម
— នាន់ សិរីបុត្ត នៃ​កាហ្វេនយោបាយ (Politikoffee)

ប៉ុន្តែ ទោះ​ជា​ហ្វេសប៊ុក​ហាក់​កំពុង​ដណ្ដើម​តំណែង​ទូរទស្សន៍​ជា​ប្រភព​ព័ត៌មាន​សំខាន់​បំផុត​ក្ដី ក៏​ហ្វេសប៊ុក​មិន​ទាន់​អាច​ជំនួស​ទូរទស្សន៍​បាន​ឡើយ។ នេះ​បើ​តាម​លោក ទូច យិនមុនីស្ថាបនិក​ផលិតកម្ម Studio 4 និង​ជា​អតីត​សាស្ត្រាចារ្យ​ផ្នែក​សារព័ត៌មាន។ លោក យិនមុនី ថា មូលហេតុ​ដែល​ហ្វេសប៊ុក​មិន​ទាន់​អាច​ជំនួស​ទូរទស្សន៍​បាន ព្រោះ​ថា ព័ត៌មាន​នៅ​លើ​ហ្វេសប៊ុក​មិន​ទាន់​មាន​ភាព​វិជ្ជាជីវៈ​នៅ​ឡើយ ភាគ​ច្រើន​ជា​មតិ។ ម្យ៉ាង​ទៀត ចំណេះ​ដឹង​ផ្នែក​បច្ចេក​វិទ្យា​របស់​ពលរដ្ឋ​ភាគ​ច្រើន​នៅ​មាន​កម្រិត​នៅ​ឡើយ ដូច្នេះ​វា​ត្រូវការ​ពេល​វេលា​ច្រើន​ទៀត​ទម្រាំ​ពួកគាត់​យល់​ដឹង​ច្រើន​ពី​អ៊ិនថឹណិត ឬ​ហ្វេសប៊ុក​នេះ។ 

ទន្ទឹមនឹងការកើនប្រជាប្រិយ ហ្វេសប៊ុកក៏មានផលអវិជ្ជមានដែរ

នៅ​លើ​អ៊ិនថឹណិត ក៏​មាន​ភាព​អវិជ្ជមាន​ខ្លះ​ដែរ ដូចជា ព័ត៌មាន​ក្លែង​ក្លាយ ឬ​ពាក្យ​ចចាម​អារ៉ាម ជាដើម។ ដូច្នេះ អ្នក​ប្រើ​ត្រូវ​តែ​យល់​ដឹង​ពី​របៀប​ផ្ទៀង​ផ្ទាត់ និង​ស្គាល់​ពី​ភាព​ខុស​គ្នា​រវាង​ព័ត៌មាន​ក្លែង​ក្លាយ និង​ព័ត៌មាន​ពិត​ដែល​អាច​ទុក​ចិត្ត​បាន
— ប៊ុន ថារម្យ អ្នក​ជំនាញ​ផ្នែក​សារ​គមនាគមន៍

តួលេខ​ចុងក្រោយ​ពី​ក្រសួង​ប្រៃសណីយ៍ និង​ទូរ​គមនាគមន៍ បង្ហាញ​ថា នៅ​កម្ពុជា អ្នក​ប្រើ​អ៊ិនថឹណិត​មាន​ចំនួន ៧​លាន ១​សែន​នាក់ ហើយ​ដោយ​ឡែក អ្នក​ប្រើ​ហ្វេសប៊ុក​មាន​ចំនួន​ប្រមាណ ៤​លាន​នាក់។ ភាគ​ច្រើន​លើស​លប់​នៃ​អ្នក​ប្រើ គឺ​ប្រើ​អ៊ិនថឹណិត​ជាមួយ​ទូរស័ព្ទ​ដៃ។ កំណើន​ការ​ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ​ភ្ជាប់​អ៊ិនថឹណិត ​ត្រូវ​គេ​មើល​ឃើញ​ថា ជំរុញ​ដោយ​តម្លៃ​ស្មាតហ្វូន​ដែល​អាច​ប្រើ​អ៊ិនថឹណិត​បាន​កាន់​តែ​ចុះ​ទាប បូករួម​នឹង​ការ​អភិវឌ្ឍ​បច្ចេក​វិទ្យា​ដែល​អនុញ្ញាត​ឲ្យ​គេ​ប្រើ​អក្សរ​ខ្មែរ​នៅ​លើ​អ៊ិនថឹណិត​និង​ហ្វេសប៊ុក​បាន​ផង។ 

ហ្វេសប៊ុក​ក្លាយ​ជា​ប្រធាន​បទ​នយោបាយ​ដ៏​ចម្រូង​ចម្រាស​នៅ​កម្ពុជា


នៅ​មុន​ការ​បោះឆ្នោត​ជាតិ ឆ្នាំ​២០១៣ គេ​ឃើញ​អ្នក​នយោបាយ​ប្រឆាំង​រដ្ឋាភិបាល ជាពិសេស មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ សកម្ម​យ៉ាង​ខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក។ 

លោក សម រង្ស៊ី ប្រធាន​គណបក្ស​ស​ង្គ្រោះជាតិ បាន​ប្រើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន រិះគន់​រដ្ឋាភិបាល និង​ផ្សព្វ​ផ្សាយ​គោល​នយោបាយ​របស់​គណបក្ស​ខ្លួន ​ដើម្បី​អូស​ទាញ​ការ​គាំទ្រ​ពី​អ្នក​បោះឆ្នោត​វ័យ​ក្មេង​ដែល​ជា​មនុស្ស​ជំនាន់​អ៊ិនថឹណិត។ ហើយ​ជា​លទ្ធផល ការ​កើន​សំឡេង​ឆ្នោត​គាំទ្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​គេ​មើល​ឃើញ​ថា មួយ​ផ្នែក​គឺ​ជំរុញ​ដោយសារ​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ 

គិត​មក​ទល់​ពេល​នេះ ទំព័រ​ហ្វេសប៊ុក​របស់​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ទទួល​បាន​ការ​ចូល​ចិត្ត (Likes) ជាង ៣​លាន ៦​សែន​នាក់។

ដោយឡែក លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់​អំណាច​ដឹកនាំ​រដ្ឋាភិបាល​វិញ រួមទាំង​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​ជា​ច្រើន​ទៀត នៅ​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣ ហាក់​ទទួល​ស្គាល់​ពី​ឥទ្ធិពល​និង​សារ​សំខាន់​នៃ​បណ្ដាញ​ព័ត៌មាន​សង្គម​ហ្វេសប៊ុក។

លោក​នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ជា​ផ្លូវការ​ទំព័រ​ហ្វេសប៊ុក​របស់​លោក និង​ផ្សព្វផ្សាយ​គ្រប់​សកម្មភាព​ផ្លូវការ​និង​មិន​ផ្លូវការ​របស់​លោក និង​របស់​រាជ​រដ្ឋាភិបាល។ ដូចគ្នា​នេះ​ដែរ មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់ ព្រមទាំង​ក្រសួង​មន្ទីរ​នានា ចាប់​ផ្ដើម​បង្កើត​និង​ប្រើ​ហ្វេសប៊ុក​យ៉ាង​ផុល​ផុស។

ទំព័រ​ហ្វេសប៊ុក​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​អ្នក​ចូលចិត្ត​និង​តាមដាន​មើល ជាង ៦​លាន ៧​សែន​នាក់ គិត​មក​ទល់​នឹង​ពេល​នេះ គឺ​លើស​ទំព័រ​ហ្វេសប៊ុក​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ជិត​ពាក់​កណ្ដាល។ 

បណ្ដាញ​ព័ត៌មាន​សង្គម ហ្វេសប៊ុក ក៏​បង្កើត​នូវ​ភាព​ចម្រូង​ចម្រាស​នយោបាយ​នៅ​កម្ពុជា​ផង​ដែរ ដោយ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បន្ទាប់​ពី​បាន​ចោទ​ជា​សាធារណៈ​ថា លោក​នាយក​រដ្ឋមន្ត្រី​ទិញ Likes សម្រាប់​ទំព័រ​ហ្វេសប៊ុក ក៏​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី​ប្ដឹង​ទៅ​តុលាការ ហើយ​បច្ចុប្បន្ន សំណុំ​រឿង​ស្ថិត​នៅ​ក្នុង​ដៃ​តុលាការ​នៅ​ឡើយ។


(linkedin.com)

ត្រលប់​ទៅ​រឿង​អ៊ិនថឹណិត​/ហ្វេសប៊ុក និង​ទូរទស្សន៍​វិញ គេ​មិន​ទាន់​អាច​ទស្សន៍​ទាយ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ​ទេ​នៅ​ពេល​អនាគត ប៉ុន្តែ សង្កេត​ឃើញ​សព្វ​ថ្ងៃ អ្នក​ផលិត​ព័ត៌មាន​ទូរទស្សន៍​ខ្លះ យក​អ្វីៗ​ដែល​គេ​ចែក​រំលែក​រាល​ដាល​លើ​ហ្វេសប៊ុក​ស្រាប់​ហើយ មក​ធ្វើ​ជា​ព័ត៌មាន​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍ ជា​ជាង​ខំ​ផលិត​អ្វីៗ​ឲ្យ​ល្អ​ដើម្បី​ឲ្យ​អ្នក​ប្រើ​ហ្វេសប៊ុក​ចែក​រំលែក។ 

ម្យ៉ាងទៀត តាំង​ពី​ហ្វេសប៊ុក​ចេញ​កម្មវិធី​អនុញ្ញាត​ឲ្យ​មាន​ការ​ផ្សាយ​ផ្ទាល់​លើ​ហ្វេសប៊ុក ទូរទស្សន៍​ធំៗ​ជា​ច្រើន​ក៏​ផ្សាយ​កម្មវិធី ឬ​ព័ត៌មាន​ខ្លួន​ឯង​ផ្ទាល់​តាម​ហ្វេសប៊ុក​ដែរ ដូច្នេះ​ចំពោះ​អ្នក​ប្រើ​ហ្វេសប៊ុក​ស្រាប់ គឺ​រឹត​តែ​មិន​បាច់​មើល​ទូរទស្សន៍៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជិត​ចូល​ឆ្នាំ​ចិន​ហើយ ចូរ​កុំ​ធ្វេស​ប្រហែស​ចំពោះ​«ផ្ដា​សាយ​បក្សី»!

ព័ត៌មាន
នៅ​ពេល​បុណ្យ​ទាន​ម្ដងៗ ប្រជាជន​តែង​ធ្វើ​ម្ហូប​អាហារ​ដោយ​ប្រើ​សាច់​សត្វ​មាន់​ទា ជ្រូក គោ ។ល។ ប៉ុន្តែ ចូរ​អ្នក​ប្រយ័ត្ន​ប្រយែង​ចំពោះ​ការ​សម្…

ចិន​ធ្វើ​ដំណើរ​២​ពាន់​៩រយ​លាន​ជើង​ក្នុង​អំឡុង​ពេល​សម្រាក​បុណ្យ​ចូល​ឆ្នាំ​ថ្មី

ព័ត៌មាន
នៅ​កម្ពុជា​គ្រាន់​តែ​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ម្ដងៗ យើង​ឃើញ​ចរាចរណ៍​មាន​ការ​កក​ស្ទះ​យ៉ាង​ខ្លាំង​នៅ​តាម​ផ្លូវ​ជាតិ​ចេញ​ពី​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ