
ទោះបីតម្លៃភាគហ៊ុនបានកើនឡើងក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះក៏ដោយ ប៉ុន្តែក្រុមអ្នកវិភាគមើលឃើញថា ទស្សនវិស័យតម្លៃភាគហ៊ុននៅមិនទាន់ច្បាស់នៅឡើយទេ ដោយសារមូលហេតុធំពីរ គឺការធ្លាក់ចុះចំនួនភ្ញៀវទេសចរចិន និងការធ្លាក់ចុះការចំណាយក្នុងស្រុក គួបផ្សំបញ្ហាជម្លោះព្រំដែនរវាងថៃ និងកម្ពុជា។
បើតាមទិន្នន័យពីក្រសួងទេសចរណ៍ និងកីឡាបង្ហាញថា នៅឆមាសទីមួយឆ្នាំ២០២៥ ចំនួនភ្ញៀវបរទេសទៅដល់ប្រទេសថៃបានថយចុះ៤,៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនមកនៅត្រឹមជិត១៧លាននាក់ ហើយកត្តាចម្បងគឺភ្ញៀវទេសចរចិនបានធ្លាក់ចុះ៣៤%មកនៅត្រឹម២,២៦លាននាក់ក្នុងឆមាសទីមួយឆ្នាំនេះ។
នៅឆ្នាំ២០២៤ ប្រទេសចិនជាប្រភពភ្ញៀចទេសចរដ៏ធំបំផុតរបស់ប្រទេសថៃ ដោយភ្ញៀវទេសចរចិនមានចំនួនជិត៨លាននាក់ក្នុងចំណោមភ្ញៀវទេសចរសរុបចំនួន៣៥,៥លាននាក់ ដែលបានទៅដល់ប្រទេសថៃ។ ក្រោយមកការចាប់ពង្រត់តារាសម្ដែងចិន នៅប្រទេសថៃ កាលពីដើមឆ្នាំនេះបានបង្អាក់ចំណង់របស់ភ្ញៀវទេសចរចិន សម្រាប់គោលដៅទេសចរណ៍នៅក្នុងប្រទេសថៃ។
ការធ្លាក់ចុះចំនួនភ្ញៀវទេសចរនៅឆ្នាំនេះ ត្រូវបានគេមើលឃើញថា បានទាញទម្លាក់ទីផ្សារហ៊ុនមួយចំនួននៅប្រទេសថៃ ឱ្យធ្លាក់ចុះយ៉ាងខ្លាំង។ ក្នុងនោះភាគហ៊ុនរបស់ក្រុមហ៊ុនអាកាសចរណ៍ Bangkok Airways បានធ្លាក់ចុះ៣៤% ខណៈភាគហ៊ុនរបស់ក្រុមហ៊ុន Asia Aviation បានធ្លាក់ចុះ៥៣%។ ចំពោះតម្លៃភាគហ៊ុនរបស់ប្រតិបត្តិករសណ្ឋាគារ ErawanGroup ដែលពឹងផ្អែកខ្លាំងលើភ្ញៀវទេសចរចិន សម្រាប់ចំណូល៣០%នោះ បានធ្លាក់ចុះ៤១% ហើយសណ្ឋាគារ Central Plaza បានធ្លាក់ចុះ២០% ខណៈសណ្ឋាគារ Dusit Thani បានធ្លាក់ចុះ១៨%៕
ដោយ៖ សុខ មង្គល