Advertisement
គម្រោង​ខ្សែក្រវាត់​និង​ផ្លូវ​ (BRI) របស់​ចិន នៅ​ស្រីលង្កា

ស្រីលង្កា ចង់​លុប​ចោល​វិញនូវ​កិច្ចសន្យា​ជួល​កំពង់ផែ​ឲ្យ​ចិន ៩៩ឆ្នាំ​


រដ្ឋាភិបាល​ថ្មី​របស់​ប្រទេសស្រីលង្កា ដែលដឹកនាំ​ដោយ​ប្រធានាធិបតី ហ្គោតាបាយ៉ា រ៉ាចាផាក់សា (Gotabaya Rajapaksa) មានបំណង​ចង់​លុបចោល​វិញ​ នូវ​​កិច្ច​សន្យា​​​ដែល​ជួល​កំពង់ផែ​ Hambantota ដែល​នៅ​ភាគខាងត្បូង​ប្រទេស ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន ដោយ​យោង​​ហេតុផល​ថា ដើម្បី​ផល​ប្រយោជន៍ជាតិ។
កំពង់ផែ Hambantota ដែល​ស្រីលង្កា​ជួល​ឲ្យ​ចិន ៩៩ឆ្នាំ ដោយហេតុ​ផល​មិន​អាច​សង​បំណុលចិន​បាន។ រូបភាព៖ Bloomberg
ដោយ
Advertisement

សារព័ត៌មាន​ Bloomberg ចុះ​ផ្សាយ​ពី​ដំណឹង​នេះ កាលពី​ពេលថ្មីៗ​នេះ។ 

អតីត​នាយករដ្ឋមន្ត្រី Ranil Wickremesinghe កាលពីឆ្នាំ​២០១៧ បាន​កែប្រែ​លក្ខខណ្ឌនៃ​កិច្ចសន្យា ដោយ​និយាយថា រដ្ឋាភិបាល​មាន​ការលំបាក​ក្នុងការ​សង​បំណុល​ដែល​ស្រីលង្កា​បាន​ខ្ចីពីចិន ដើម្បី​ស្ថាបនា​គម្រោង​កំពង់ផែ​នេះ។ ដូច្នេះ អតីត​នាយករដ្ឋមន្ត្រី​រូប​នេះ ក៏បាន​យល់ព្រមជួល​កំពង់ផែ ទៅ​ឲ្យ​ក្រុមហ៊ុនចិន ឈ្មោះ China Merchants Port Holdings Co ក្នុង​តម្លៃ​ទឹកប្រាក់ ១,១​ប៊ីលាន​ដុល្លារ។ 

លោក Ajith Nivard Cabraal អតីត​ទេសាភិបាល​ធនាគារ​កណ្ដាល​ និង​បច្ចុប្បន្ន ជាទីប្រឹក្សាសេដ្ឋកិច្ច​របស់​នាយករដ្ឋមន្ត្រី​ស្រីលង្កា លោក ម៉ាហ៊ីនដា រ៉ាចាផាក់សា (Mahinda Rajapaksa) បាន​និយាយ​នៅក្នុងអត្ថបទ​ចុះ​ផ្សាយ​ដោយ សារព័ត៌មាន Bloomberg ថា «យើង​ចង់​ឲ្យ​ពួកគេ​ប្រគល់​វា​ [កំពង់ផែ] មក​ឲ្យ​យើងវិញ។ ស្ថានភាព​ល្អ​បំផុត គឺ​ត្រូវ​ត្រឡប់ទៅរក​ស្ថានភាព​ដូច​មុនវិញ ពោល យើង​សង​បំណុល​តាមកាលវិភាគ​កំណត់ ដែល​យើង​បាន​ព្រមព្រៀង​គ្នា​កាលពីដើម ដោយ​គ្មាន​ការរំខាន​អ្វី​នោះទេ»។ 

កំពង់ផែ​នៅ​ស្រីលង្កា​នេះ ជា​និមិត្តរូប​នៃ​ភាពចម្រូងចម្រាស​ ដែល​តាមរំខាន​ដល់​គម្រោង​ខ្សែ​ក្រវាត់​និង​ផ្លូវ​ (BRI) របស់​ប្រធានាធិបតីចិន ស៊ី ជិនពីង ចាប់ពី​ប្រទេស​កេនយ៉ា រហូតដល់​សហភាព​មីយ៉ាន់ម៉ា ក្នុងនោះរួមមាន​ទាំង​ការចោទ​ប្រកាន់ថា ប្រទេស​មហាអំណាចសេដ្ឋកិច្ច​ទីពីរ​នៃពិភពលោក កំពុង​លួងលោម​អូសទាញ​ប្រទេសក្រីក្រ​ឲ្យ​ធ្លាក់​ចូល​ក្នុង​អន្ទាក់​បំណុល ផង​ដែរ។ 

អ្នកស្រាវជ្រាវ​មួយរូប​មកពីវិទ្យាស្ថាន​សិក្សា​និង​វិភាគ​វិស័យ​ការពារជាតិ នៅទីក្រុង​ញូវដេលី ប្រទេសឥណ្ឌា បាននិយាយថា កិច្ច​សន្យា​ជួល​កំពង់ផែ​ឲ្យ​ចិន​នេះ​ទំនង​ជា​នឹងមិនត្រូវបាន​គេ​លុបចោល ឬ​កែប្រែ​ធំដុំ​អីទេ និងថា ចិន​អាច​នឹង​ពិចារណា​កែ​សម្រួល​លក្ខខណ្ឌ​ខ្លះ ប្រសិន​បើ​ខ្លួនគិតថា សំខាន់ចំពោះ​របប​លោក រ៉ាចាផាក់សា។ 

ក្រសួងការបរទេស​ចិន បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ចេញពី​ការិយាល័យ​អ្នកនាំពាក្យ​របស់ខ្លួន ថា កិច្ច​សហប្រតិបត្តិការ​ចិន-ស្រីលង្កា ក្នុងនោះរាប់ទាំង​គម្រោង​កំពង់ផែ Hambantota បង្កើត​ឡើង​ដោយឈរ​លើ​មូលដ្ឋាន​សមភាព​និង​ការពិគ្រោះ​យោបល់ និងថា ចិន​ទន្ទឹង​នឹង​ធ្វើការជាមួយ​ស្រីលង្កា ដើម្បីធ្វើ​ឲ្យ​កំពង់​ផែ Hambantota នេះ​ក្លាយជា​មជ្ឈមណ្ឌល​ដឹកជញ្ជូន​ថ្មី នៅក្នុង​មហាសមុទ្រ​ឥណ្ឌា និង​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ស្រីលង្កា។

ការកសាង​ហេដ្ឋា​រចនាសម្ព័ន្ធ​របស់​ចិន នៅក្នុង​ប្រទេស​ស្រីលង្កា បានក្លាយជាផ្នែក​មួយ​នៃ​គម្រោង​ខ្សែ​ក្រវាត់​និង​ផ្លូវ​របស់​រដ្ឋាភិបាលក្រុង​ប៉េកាំង ដែលនាំ​ឲ្យ​មាន​ការព្រួយបារម្ភ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ថា ដៃគូ​ប្រជែង​ផ្នែក​នយោបាយ​ភូមិសាស្ត្រ​របស់់​ខ្លួន អាច​នឹង​ប្រើប្រាស់​កំពង់ផែ​ដែលនៅជិតនឹង​ឆ្នេរ​ភាគខាងត្បូង​របស់​ឥណ្ឌា សម្រាប់​គោល​បំណង​យោធា ឬ​យុទ្ធសាស្ត្រ​ទៅថ្ងៃខាងមុខ។ 

ប៉ុន្តែ ប្រទេសចិន​បាន​ច្រានចោល​ការបារម្ភ​អំពី​ការជាប់ពាក់ព័ន្ធ​នឹង​យោធា​នៃ​ការវិនិយោគរបស់ខ្លួន នៅ​ក្នុង​គម្រោង​កំពង់ផែ Hambantota ដែល​ស្ថិតនៅ​លើ​ផ្លូវ​ដឹក​ជញ្ជូន​តាម​សមុទ្រ​ដ៏សំខាន់ រវាង​តំបន់​អាស៊ី និង​អឺរ៉ុប និង​បាន​និយាយថា គម្រោង​នេះ​ផ្ដល់​ផល​ប្រយោជន៍ទៅវិញ​ទៅ​មក ដែល​នឹង​ជួយ​ដល់​សេដ្ឋកិច្ច​របស់ស្រីលង្កា​។ 

កិច្ច​ព្រមព្រៀង​វិនិយោគកំពង់ផែ​ស្រដៀង​គ្នា​នេះ​ នៅក្រោម​គម្រោង​ខ្សែ​ក្រវាត់និង​ផ្លូវ នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា ត្រូវបាន​កាត់បន្ថយ​ថ្លៃ​គម្រោងពី ៧,៥​ប៊ីលានដុល្លារ មក​នៅត្រឹម ១,៣​ប៊ីលាន​ដុល្លារ ខណៈ​ដែល​រដ្ឋាភិបាល​ម៉ាឡេស៊ី បាន​លុបចោល​គម្រោង​បំពង់​បង្ហូរ​ប្រេង ដែលមានតម្លៃ​វិនិយោគ ៣ប៊ីលានដុល្លារ និង​ចរចា​ឡើងវិញ​នូវគម្រោង​ផ្លូវរថភ្លើង ក្នុង​ឆ្នាំ​២០១៩នេះ ដោយ​កាត់​បន្ថយ​ថ្លៃគម្រោង​បាន​ដល់ទៅ ១ភាគ៣ នៃ​ថ្លៃ​គម្រោង​សរុប​ពីមុន ១១ប៊ីលានដុល្លារ៕ (ប្រែសម្រួលពី សារព័ត៌មាន Bloomber)

Advertisement



អត្ថបទបន្ទាប់


ធនាគារ អេស៊ីលីដា «គ្រោងបោះផ្សាយលក់ភាគហ៊ុន ក្នុង​ពេលឆាប់ៗនេះ» បន្ទាប់ពីទើបទទួលបានការយល់ព្រមពីធនាគារជាតិ

ព័ត៌មាន
ក្រោយពីទទួលបានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា កាលពីពេលថ្មីៗនេះ ធនាគារ​អេស៊ីលីដា គ្រោងបន្តគម្រោងបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ ឬហៅថា លក...

ធនាគារអេស៊ីលីដា រំពឹងដើមឆ្នាំក្រោយ សម្រាប់ការចុះបញ្ចីក្នុងផ្សារ​មូលបត្រកម្ពុជា

ព័ត៌មាន
ធនាគារអេស៊ីលីដា រំពឹងថា នៅដើមឆ្នាំ ឬក្នុងត្រីមាសទី១ ឆ្នាំ២០២០ ខាងមុខ នឹងអាចបន្តចុះបញ្ជីនៅក្នុងផ្សារមូលបត្រកម្ពុជា ដើម្បីបោះផ្សាយលក់មូល...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ