កញ្ញា រេបិកា ប៊ែល (Rebekah Bell) នាយិកាប្រចាំប្រទេសនៃអង្គការ FAO របស់អង្គការសហប្រជាជាតិបាននិយាយថា ការអនុវត្តន៍បច្ចេកទេសក្នុងគម្រោង CAPFISH-Capture នឹងជួយលើកកម្ពស់ជីវភាពរបស់ពលរដ្ឋ និងសេដ្ឋកិច្ចកម្ពុជា ខណៈប្រជាជនជាង៧៥% បានទទួលប្រូតេអ៊ីនពីត្រីដែលស្ថិតក្នុងវិស័យជលផល។ តាមរយៈគម្រោង CAPFISH-Capture ដែលកំពុងតែអនុវត្តន៍នេះ ត្រូវបាននាយិកាប្រចាំប្រទេសនៃអង្គការ FAO រូបនេះគូសបញ្ជាក់ថា បានផ្ដោតជាសំខាន់លើផ្នែកនេសាទ និងផ្នែកវារីវប្បកម្ម ដែលផ្នែកទាំងនេះបានចូលរួមចំណែកក្នុងការជួយបង្កើតឱកាសការងារ ការពង្រឹងដល់សេដ្ឋកិច្ច និងសង្គមកម្ពុជា ក៏ដូចជាជួយពង្រឹងនិរន្តរភាពធនធានជលផលតាមដងទន្លេមេគង្គ និងទន្លេសាបផងដែរ។
បើតាមកញ្ញា រេបិកា ប៊ែល គម្រោង CAPFISH-Capture ក៏បានចូលរួមចំណែកជួយដល់វិស័យព្រៃឈើ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុឱ្យមានភាពធន់ ដោយកាត់បន្ថយការកើនកម្ដៅលើទឹកសមុទ្រ ដែលបង្កផលប៉ះពាល់ដល់មច្ឆាជាតិ និងជីវៈចម្រុះជាច្រើនផ្សេងទៀត ដែលមាននៅក្នុងប្រទេសកម្ពុជា។
ពាក់ព័ន្ធនឹងគម្រោង CAPFISH-Capture នេះដែរ ឯកឧត្តម ស្រ៊ុន លឹមសុង អនុប្រធានរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានគូសបញ្ជាក់ថា ការអនុវត្តន៍គម្រោងក្នុងរយៈពេល៥ឆ្នាំនេះ បានចូលរួមអភិវឌ្ឍន៍វិស័យជលផលឱ្យមានភាពល្អប្រសើរ តាមរយៈការងារគ្រប់គ្រងធនធានធម្មជាតិឱ្យមាននិរន្តរភាព ការងារអភិរក្ស ការងារទប់ស្កាត់បទល្មើស ការអភិវឌ្ឍសហគមន៍ និងការអភិវឌ្ឍផ្នែកវារីវប្បកម្មជាដើម។ អនុប្រធានរដ្ឋបាលជលផលរូបនេះចាត់ទុកគម្រោងនេះ គឺជាផ្នែកមួយដ៏សំខាន់ ដែលបានចូលរួមចំណែកជួយលើកកម្ពស់ដល់សេដ្ឋកិច្ចកម្ពុជា។
ពាក់ព័ន្ធនឹងគម្រោង CAPFISH-Capture នេះ មាននិស្សិតចំនួន៣៧នាក់ មកពីសាកលវិទ្យាល័យកសិកម្មចំនួន៤ ត្រូវបានអនុញ្ញាតឱ្យចូលរៀនហាត់ការ និងធ្វើការស្រាវជ្រាវលើវិស័យជលផលនៅក្នុងដែនជម្រកសត្វព្រៃរហូតដល់ប្រាំមួយខែ និងទទួលបានបទពិសោធន៍ការងាររហូតដល់ប្រាំមួយខែផងដែរ។ គោលបំណងនៃការផ្ដល់ឱកាសដល់និស្សិតនេះ គឺដើម្បីបង្កើនចំណាប់អារម្មណ៍ក្នុងចំណោមនិស្សិតសាកលវិទ្យាល័យក្នុងអាជីព នៃវិស័យជលផល។
បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ស្រ៊ុន លឹមសុង សហភាពអឺរ៉ុប បានផ្ដល់មូលនិធិប្រមាណ៩៧លានអឺរ៉ូ ដល់គម្រោង CAPFISH-Capture នៅកម្ពុជារយៈពេល៥ឆ្នាំ ដែលបានចាប់ផ្ដើមអនុវត្តន៍តាំងពីឆ្នាំ២០១៩ រហូតដល់ឆ្នាំ២០២៤៕