បញ្ហាឡើងថ្លៃជី-ថ្នាំកសិកម្ម

កសិករព្រួយបារម្ភខ្លាំងពីបញ្ហាឡើងថ្លៃជី-ថ្នាំកសិកម្ម និងប្រេងឥន្ធនៈ ខណៈរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថា កំពុងរកដំណោះស្រាយលើបញ្ហានេះ


ចាប់តាំងពីមានការផ្ទុះឡើងនូវសង្គ្រាមនៅអ៊ុយក្រែន វិស័យកសិកម្មក៏ដូចជាវិស័យសំខាន់ៗផ្សេងៗទៀតដែរ គឺកំពុងរងផលប៉ះពាល់ជាច្រើន ខណៈវិស័យដែលជាជន្ទល់សេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជាមួយនេះ កន្លងមកមានជួបបញ្ហាប្រឈម ចាក់ស្រេះជាច្រើនរួចទៅហើយនោះ។
រូបតំណាង ៖ កសិករព្រួយបារម្ភខ្លាំងពីបញ្ហាឡើងថ្លៃជី-ថ្នាំកសិកម្ម និងប្រេងឥន្ធនៈ ខណៈរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថា កំពុងរកដំណោះស្រាយលើបញ្ហានេះ

យ៉ាងណាមិញ ក្រុមកសិករបានត្អូញត្អែរម្ដងហើយម្ដងទៀតថា វិស័យកសិកម្មពេលនេះ ពិតជាត្រូវការជួយអន្តរគមន៍ពីខាងរាជរដ្ឋាភិបាលមែនទែន ខណៈបច្ចុប្បន្ន តម្លៃជី-ថ្នាំកសិកម្ម និងប្រេងឥន្ធនៈ កំពុងកើនឡើងកាន់តែខ្ពស់ទៅៗបង្កឲ្យមានផលប៉ះពាល់ការផលិតកសិកម្ម និងប្រាក់ចំណូលរបស់ពួកគាត់។ ជុំវិញបញ្ហានេះ ត្រូវបានរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា អះអាងថា ខាងរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងពាណិជ្ជកម្មផ្ទាល់ក៏កំពុងដុតដៃដុតជើងខ្លាំងណាស់ដែរ ក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហាក្នុងវិស័យកសិកម្ម ដែលកំពុងកើតមានជាសកលនេះ។

ស្ថិតក្នុងអំឡុងវិបត្តិកូវីដ-១៩ វិស័យកសិកម្មរបស់កម្ពុជា នៅតែបន្ដជួបបញ្ហាប្រឈមធំៗ ជាច្រើន ជាពិសេសទាំងថ្លៃដើមផលិត និងការប្រកួតប្រជែងទីផ្សារ។ យ៉ាងណាមិញ ស្របពេលដែលបញ្ហាជី-ថ្នាំកសិកម្ម កាន់តែឡើងថ្លៃខ្ពស់ ដោយសារវិបត្តិកូវីដ-១៩ ការអូសបន្លាយនៃសង្រ្គាមរវាងរុស្សី-អ៊ុយក្រែន ក៏កាន់តែជះឥទ្ធិពលអាក្រក់បន្ថែមទៀតមកលើវិស័យកសិកម្មកម្ពុជា។

លោក សួន ឈឿន និងលោក សៀង វុត្ថា ជាកសិករមកពីសហគមន៍កសិកម្មអភិវឌ្ឍន៍ស្រុក នៃស្រុកព្រៃឈរ ខេត្តកំពង់ចាម លោកបានបង្ហាញពីការព្រួយបារម្ភយ៉ាងដូច្នេះ នាឆ្នាំនេះ តម្លៃជី-ថ្នាំកសិកម្ម និងប្រេង កាន់តែកើនខ្លាំង កសិករជួបបញ្ហាអាកាសធាតុស្រាប់ទៅហើយ តែបញ្ហាឡើងថ្លៃនៃជី-ថ្នាំកសិកម្ម កាន់តែក្លាយជាបន្ទុកបន្ថែមទៀតសម្រាប់កសិករ។

ទោះបី តម្លៃជី-ថ្នាំកសិកម្ម កើនកាន់តែខ្ពស់ក៏ពិតមែន ប៉ុន្ដែក្រុមកសិករយល់ឃើញដែរថា ទីផ្សារស្រូវនាឆ្នាំនេះ ហាក់ប្រសើរជាងឆ្នាំមុន ព្រោះតែតម្រូវការទីផ្សារកាន់តែទូលាយជាមុន។ ទោះយ៉ាងណា ពួកគាត់ក៏បានស្នើឲ្យរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធជួយរកដំណោះស្រាយជូនពួកគាត់ ដើម្បីកាត់បន្ថយថ្លៃជី-ថ្នាំកសិកម្ម ដែលកំពុងប្រឈមខ្លាំង។

ពាក់ព័ន្ធនឹងរឿងជី ថ្នាំកសិកម្មបន្ដឡើងថ្លៃខ្ពស់នេះដែរ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីនៃក្រសួងពាណិជ្ជកម្ម ក៏បានបង្ហាញនូវការព្រួយបារម្ភផងដែរ ព្រោះវាអាចនឹងប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចរបស់ប្រជាជនកម្ពុជា ពិសេសអ្នកប្រកបរបរកសិកម្មតែម្ដង។ ថ្លែងកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ប៉ាន សូរស័ក្ដិ បានគូសបញ្ជាក់ថា ស្ថិតក្នុងអំឡុងនៃពិភពលោកបាននិងកំពុងរងនូវឥទ្ធិពលពីបញ្ហាកូវីដ១៩ និងសង្រ្គាមរវាងរុស្សី-អ៊ុយក្រែន ប៉ុន្ដែ វិស័យស្រូវអង្ករកម្ពុជា នៅតែមានភាពវិជ្ជមាន ព្រោះអង្ករកម្ពុជា នៅតែទទួលបានឱកាសនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

យ៉ាងណាក៏ដោយចុះ ឯកឧត្តមគូសបញ្ជាក់ថា រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ បានចាត់ទុកបញ្ហាក្នុងវិស័យកសិកម្មនេះជាបញ្ហាអាទិភាព និងកំពុងរកដំណោះស្រាយជូនកសិករ ផងដែរ។ បើតាមឯកឧត្តម ប៉ាន សូរស័ក្ដិ ក្រសួងពាណិជ្ជកម្មកម្ពុជា នឹងជួបពិភាក្សាជាមួយក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ី ដើម្បីទិញជីកសិកម្ម ពីឥណ្ឌូនេស៊ី ខណៈកម្ពុជាក៏ចង់ឲ្យមានការនាំចេញអង្ករ ទៅឥណ្ឌូនេស៊ីវិញដែរ។ ដោយឡែក ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបញ្ជាក់ទៀតថា ឯកឧត្តម ក៏បានជួបពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អ៊ីមីរ៉ាត់ អារ៉ាប់-រួម ក្នុងគោលបំណងធ្វើពាណិជ្ជកម្មប្រេងកាតជាមួយគ្នា ដើម្បីត្រៀមដោះស្រាយបញ្ហាឡើងថ្លៃប្រេងឥន្ធនៈ ផងដែរ។

សូមបញ្ជាក់ថា ចាប់ពីមានការរាតត្បាតជំងឺកូវីដ១៩ គួបផ្សំបញ្ហាសង្រ្គាមរវាងរុស្សី-អ៊ុយក្រែន បានធ្វើឲ្យតម្លៃជី-ថ្នាំកសិកម្ម កើនឡើងជាបន្តបន្ទាប់។ ជាក់ស្ដែង តម្លៃជី ដែលលក់ចេញដោយក្រុមហ៊ុនជីធម្មជាតិជប៉ុនសញ្ញាផែនដី មានប្រភេទគ្រាប់ ទម្ងន់ ៥០គីឡូក្រាម លក់ក្នុងតម្លៃ ១១ម៉ឺន៣ពាន់រៀល ទៅ ១១ម៉ឺន៥ពាន់រៀល។ រីឯ ជីប្រភេទម្សៅ ទម្ងន់ ៥០គីឡូក្រាម តម្លៃ ១០ម៉ឺន៣ពាន់រៀល។ ដោយឡែក ជីអ៊ុយរ៉េ ទម្ងន់ ៥០គីឡូក្រាម តម្លៃ ៧ម៉ឺន៦ពាន់រៀល ទៅ ៨ម៉ឺន២ពាន់រៀល។ នេះបើតាមការអះអាងរបស់ក្រុមអាជីវករលក់ជី ដែលបញ្ជាក់បានប្រាប់ខេមបូណូមីសនាពេលថ្មីៗនេះ៕

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


WHO ថា ជំងឺអ៊ុតស្វាមិនទាន់ឈានដល់ការប្រកាសពីភាពអាសន្នសុខភាពសកលនៅឡើយទេ

ព័ត៌មាន
អង្គការសុខភាពពិភពលោក (WHO) បានធ្វើសេចក្តីថ្លៃងការណ៍កាលពីថ្ងៃសៅរ៍ ទី ២៥ ថា ជំងឺ អ៊ុតស្វា មិនទាន់ជាភាពអាសន្នដល់សុខភាពសកលនៅឡើយ បើទោះបី…

តើមានកត្តាអ្វីខ្លះជួយឲ្យការនាំចេញរបស់កម្ពុជាទៅអូស្ត្រាលីកើនជាង ២០០% នៅ៥ខែឆ្នាំនេះ?

ព័ត៌មាន
បើមើលទៅលើសម្ទុះកំណើនការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសជាដៃគូ យើងសង្កេតឃើញថា ទំនិញរបស់កម្ពុជានាំចេញទៅកាន់ទីផ្សារអូស្ត្រាលី គឺមាន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ