ការនាំចេញរបស់កម្ពុជាទៅអូស្ត្រាលី

តើមានកត្តាអ្វីខ្លះជួយឲ្យការនាំចេញរបស់កម្ពុជាទៅអូស្ត្រាលីកើនជាង ២០០% នៅ៥ខែឆ្នាំនេះ?


បើមើលទៅលើសម្ទុះកំណើនការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសជាដៃគូ យើងសង្កេតឃើញថា ទំនិញរបស់កម្ពុជានាំចេញទៅកាន់ទីផ្សារអូស្ត្រាលី គឺមានកំណើនខ្ពស់ដល់ទៅ៣ខ្ទង់ឯណោះ នៅ៥ខែដំបូងនៅឆ្នាំ២០២២ ពោលគឺមានទំហំទឹកប្រាក់នាំចេញជាង ១៥០លានដុល្លារ កើនឡើងដល់ទៅជាង ២០០%ឯណោះ។ នេះបើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជា។
តើមានកត្តាអ្វីខ្លះជួយឲ្យការនាំចេញរបស់កម្ពុជាទៅអូស្ត្រាលីកើនជាង ២០០% នៅ៥ខែឆ្នាំនេះ?

កំណើនការនាំចេញរបស់កម្ពុជា គឺដោយសារកត្តាទំនាក់ទំនង និងតម្រូវការរបស់អូស្ត្រាលីចំពោះទំនិញកម្ពុជាមានការកើនឡើងខ្លាំង។

ស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញជាមួយប្រទេសសំខាន់របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានបង្ហាញឲ្យឃើញថា កម្ពុជាសម្រេចបានការនាំចេញទំនិញទៅទីផ្សារអូស្ត្រាលីក្នុងទំហំទឹកប្រាក់ជិត ១៥២លានដុល្លារនៅ៥ខែឆ្នាំ២០២២ មានការកើនឡើងជាង២០៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានត្រឹមតែជិត៥០ដុល្លារ។ ជាមួយគ្នាកម្ពុជាបាននាំចូលទំនិញពីអូស្ត្រាលីក្នុងទំហំទឹកប្រាក់ជាង ៦៨លានដុល្លារកើនឡើងជិត៥៩% បើធៀបនឹង៥ខែកាលពីឆ្នាំ២០២១ ដែលមានទំហំជិត៤៣លានដុល្លារ។ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនដល់ជាង២២០លានដុល្លារនៅ៥ខែឆ្នាំនេះ មានការកើនឡើងជិត១៣៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ពាក់ព័ន្ធកំណើននាំចេញទំនិញរបស់កម្ពុជាទៅអូស្ត្រាលីនេះ ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ថា កត្តាដែលជួយជំរុញកំណើននាំចេញរបស់កម្ពុជាទៅអូស្ត្រាលី គឺដោយសារកម្ពុជាមានកិច្ចសហប្រតិបត្តិការល្អជាមួយអូស្ត្រាលីទាំងក្របខណ្ឌទ្វេភាគី និងក្របខណ្ឌតំបន់។ ជាពិសេសគោលនយោបាយវិនិយោគ និងការបើកច្រកទីផ្សាររបស់កម្ពុជាមានភាពល្អប្រសើរ។ ទោះយ៉ាងណា សម្រាប់ឯកឧត្តមការឡើងចុះទំហំនាំចេញនាំចូលវារឿងធម្មតានៃការធ្វើពាណិជ្ជកម្ម។

ជុំវិញកំណើននាំចេញទំនិញពីកម្ពុជាទៅអូស្ត្រាលីនេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាយល់ឃើញថា វាមិនមែនជារឿងចៃដន្យនោះទេ ពោលគឺដោយសារប្រទេសទាំងពីរមានទំនាក់ទំនងល្អជាមួយគ្នា គួបផ្សំគុណភាពទំនិញផលិតនៅកម្ពុជាអាចឆ្លើយតបតម្រូវការរបស់អូស្ត្រាលី។ អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា ការកើនឡើងការនាំចេញទំនិញរបស់កម្ពុជាទៅអូស្ត្រាលីបានកើតមានឡើងជាយូរមកហើយ ជាក់ស្តែងនៅឆ្នាំ២០២០ និងឆ្នាំ២០២១ ដែលកម្ពុជារួមទាំងអូស្ត្រាលីទទួលរងនូវការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅតែល្អប្រសើរផងដែរ។

គួរបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អូស្ត្រាលីកាលពីឆ្នាំ២០២១ សម្រេចបានក្នុងទំហំជាង៣២៤លានដុល្លារកើនឡើង៥២% បើធៀបនឹងឆ្នាំ២០២០។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងមន្ត្រីជាន់ខ្ពស់អូស្ត្រាលីកាលពីពេលថ្មីៗបានប្តេជ្ញារួមគ្នាថា ភាគីទាំងពីរនឹងខិតខំជំរុញកំណើនពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការជាមួយគ្នាឲ្យកាន់តែប្រសើរថែមទៀត ក៏ដូចជាស្តារលើគ្រប់វិស័យឡើងវិញក្រោយវិបត្តិកូវិដ-១៩។ ជាមួយគ្នានេះ កម្ពុជានឹងខិតខំជំរុញការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី និងនូវែលសេឡង់ឲ្យកាន់តែមានភាពល្អប្រសើរក្នុងនាមកម្ពុជាជាប្រធានអាស៊ាននៅឆ្នាំនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កសិករព្រួយបារម្ភខ្លាំងពីបញ្ហាឡើងថ្លៃជី-ថ្នាំកសិកម្ម និងប្រេងឥន្ធនៈ ខណៈរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថា កំពុងរកដំណោះស្រាយលើបញ្ហានេះ

ព័ត៌មាន
ចាប់តាំងពីមានការផ្ទុះឡើងនូវសង្គ្រាមនៅអ៊ុយក្រែន វិស័យកសិកម្មក៏ដូចជាវិស័យសំខាន់ៗផ្សេងៗទៀតដែរ គឺកំពុងរងផលប៉ះពាល់ជាច្រើន ខណៈវិស័យដែលជាជ…

ថ្នាក់ដឹកនាំកំពូលក្រុមប្រទេសG7 ផ្តើមជួបប្រជុំគ្នា ដោយករឿងសង្គ្រាមនៅអ៊ុយក្រែនជាប្រធានបទសំខាន់

ព័ត៌មាន
អធិការបតីអាល្លឺម៉ង់លោក អូឡាវ ស្កុល៍(Olaf Scholz) កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន បានទទួល ស្វាគមន៍មេដឹកនាំនៃក្រុមប្រទេសរីកចម្រើនទាំងប្រាំ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ