តាមរយៈវិធានការនេះ សមាគមអ្នកចិញ្ចឹមសត្វរំពឹងថា វានឹងជួយធ្វើឱ្យវិស័យចិញ្ចឹមសត្វនៅកម្ពុជា ដែលកំពុងមានការធ្លាក់ចុះចំនួនអ្នកចិញ្ចឹមអាចរស់ឡើងវិញបានលឿនជាងការរំពឹងទុក។ ការរំពឹងបែបនេះ ក្រោយសមាគមសង្កេតឃើញ បច្ចុប្បន្នមានមន្រ្តីពាក់ព័ន្ធជាច្រើនកំពុងអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានសម្តែងការពេញចិត្ត និងសាទរយ៉ាងខ្លាំងចំពោះលទ្ធផលដែលសម្រេចបាននៅក្នុងជំនួបរវាងរាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ព្រោះចំណាត់ការរបស់រាជរដ្ឋាភិបាលវាដូចអ្វី ដែលខាងសមាគមបានសំណូមពរកន្លងមក។ តាមរយៈការដាក់ចេញវិធានការហាមឃាត់ការនាំចូលសាច់គ្រប់ប្រភេទខូចគុណភាព និងខុសច្បាប់មកកាន់ទីផ្សារកម្ពុជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានេះ ធ្វើឱ្យលោក ស្រ៊ុន ពៅ ជឿជាក់ថា វិស័យចិញ្ចឹមសត្វនៅកម្ពុជានឹងអាចរស់ឡើងវិញឆាប់រហ័ស។
តែយ៉ាងណាលោកសង្កត់ធ្ងន់ថា ដើម្បីឱ្យការហាមការនាំចូលនេះមានប្រសិទ្ធភាព គឺវាទាមទារឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធយកចិត្តទុកដាក់ និងចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត។ យ៉ាងណាក៏ដោយលោកសង្កេតឃើញថា ក្រោយមានការបញ្ជាពីប្រមុខរាជរដ្ឋាភិបាល មានមន្រ្តីពាក់ព័ន្ធជាច្រើននៅតាមច្រកព្រំដែនកំពុងអនុវត្តតាមវិធានការនេះ។
សូមបញ្ជាក់ថា នៅក្នុងជំនួបរាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ កាលពីថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចដាក់ចេញនូវវិធានការសំខាន់ៗមួយចំនួន ដោយបញ្ជាឱ្យពង្រឹងការគ្រប់គ្រងលើការនាំចូលសាច់ជ្រូកបង្កក, មាន់, ស៊ុត និងត្រីខុសច្បាប់ ដែលមានថ្លៃថោក និងខូចគុណភាព ដើម្បីការពារផលប្រយោជន៍របស់ប្រជាកសិករជាអ្នកចិញ្ចឹមសត្វ និងការពារសុខភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជារក្សាការប្រកួតប្រជែងឱ្យស្មើភាពលើការធ្វើពាណិជ្ជកម្ម។
ជុំវិញបញ្ហានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យធ្វើវិសោធនកម្មអនុក្រឹត្យស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ ដើម្បីតម្រូវឱ្យមានការស្នើសុំលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចំពោះការនាំចូលសាច់ជ្រូកបង្កក, មាន់, ស៊ុត និងត្រី សំដៅធានាការពិនិត្យគុណភាព និង ការពារសុខភាពរបស់ប្រជាជន។ បន្ថែមលើនេះសម្តេចធិបតីជំរុញក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទត្រូវប្រើប្រាស់ប្រព័ន្ធបញ្ជរតែមួយជាតិ(National Single Window)សម្រាប់សម្រួលដល់ការស្នើសុំលិខិតអនុញ្ញាត ឱ្យបានលឿនផងដែរ៕