ការប្រមូលពន្ធលើរថយន្តគ្មានពន្ធ

រដ្ឋទទួលបានចំណូលជាង១៧លានដុល្លារពីការប្រមូលពន្ធលើរថយន្តគ្មានពន្ធ ក្នុងរយៈពេលជាង២ខែមកនេះ


គិតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ មានម្ចាស់រថយន្តគ្មានពន្ធចំនួនជាង ១ពាន់៦រយ គ្រឿង បានចូលទៅបង់ពន្ធនៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា ដែលគិតជាទឹកប្រាក់ប្រមាណជាង ១៧លានដុល្លារ ក្នុងរយៈពេលជាង ២ខែកន្លងមកនេះ ខណៈអគ្គនាយកដ្ឋានគយ បានទុកពេល ១ខែទៀត ឱ្យម្ចាស់រថយន្តចង្កូតឆ្វេងគ្មានពន្ធចូលមកបង់ពន្ធ ដើម្បីទទួលបានការអនុគ្រោះពន្ធ១០%។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកជាអគ្គនាយកនៃនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា។
រដ្ឋទទួលបានចំណូលជាង ៧លានដុល្លារពីការប្រមូលពន្ធលើរថយន្តគ្មានពន្ធ ត្រឹមរយៈពេលជាង ២ខែកន្លងមកនេះ (រូបភាព៖ ហ្វេសប៊ុកអគ្គនាយកដ្ឋានគយ និងរដ្ឋាករ)

នាឱកាសសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព នៃការអនុវត្តការប្រមូលពន្ធលើយានយន្តគ្មានពន្ធ និងអាករនាំចូលដែលមានស្រាប់ក្នុងប្រទេស នៅថ្ងៃទី២៦ ខែ វិច្ឆិកា ឯកឧត្តម គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១០ ខែកញ្ញា រហូតដល់ថ្ងៃទី២៥ ខែវិច្ឆិកា មានរថយន្តគ្មានពន្ធចំនួនជាង ១ពាន់៦រយគ្រឿង បានបង់ពន្ធ ដែលគិតជាទឹកប្រាក់មានជាង ១៧លានដុល្លារអាមេរិក។ ក្នុងនោះ រថយន្តចង្កូតឆ្វេង មានជាង ៨០០គ្រឿង និងរថយន្តចង្កូតស្ដាំ មានចំនួន៨៣០គ្រឿង ដែលក្នុងនោះ រថយន្តដែលបានកែទៅចង្កូតឆ្វេង ចំនួន៨៥គ្រឿង។

ជាការកត់សម្គាល់របស់ឯកឧត្តម គុណ ញឹម បានយល់ឃើញថា បើទោះបី កម្ពុជា នៅស្ថិតក្នុងបរិបទនៃការត្បាតជំងឺសកលកូវីដ-១៩ ក៏ពិតមែន តែកិច្ចការប្រមូលពន្ធលើរថយន្តគ្មានពន្ធ នារយៈពេលចុងក្រោយរបស់អគ្គនាយកដ្ឋានគយ ហាក់កាន់តែមានភាពប្រសើរ។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី អគ្គនាយកដ្ឋានគយ នៅតែបន្តអំពាវនាវដល់ម្ចាស់រថយន្តគ្មានពន្ធទាំងអស់ចូលខ្លួនមកបង់ពន្ធឱ្យបានមុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ខាងមុខ ដើម្បីទទួលបានការអនុគ្រោះពន្ធ ១០%។

ជាមួយគ្នានោះ ឯកឧត្តមបានគូសបញ្ជាក់ថា បើសិនដល់ថ្ងៃទី៣១ ខែធ្នូ មិនឃើញម្ចាស់រថយន្តគ្មានពន្ធចូលមកពន្ធទេនោះ ម្ចាស់រថយន្តនឹងមិនទទួលបានការអនុគ្រោះពន្ធ១០%នោះទេ។

តាមការប៉ាន់ស្មានរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅកម្ពុជាមានរថយន្តចង្កូតឆ្វេង និងចង្កូតស្តាំ ដែលជ្រកក្រោមផ្លាកលេខផ្សេងៗ ដូចជាផ្លាកលេខ ខ.ម ផ្លាកលេខរដ្ឋ ផ្លាកលេខ ន.ប និងប្រភេទផ្លាកលេខស៊ីវិល ទាំងរថយន្តទេសចរណ៍ រថយន្តដឹកទំនិញ រថយន្តដឹកដីអត់ពន្ធ មានប្រមាណជិត១ម៉ឺនគ្រឿង៕

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកម្ពុជា៖ វិស័យអចលនទ្រព្យកម្ពុជានៅតែមានសក្ដានុពល និងតម្លៃទាបសម្រាប់ការវិនិយោគ

ព័ត៌មាន
បន្ទាប់ពីមានសេដ្ឋកិច្ចដាំក្បាលចុះខ្លាំងដោយសារវិបត្តិកូវីដ១៩ នៅឆ្នាំ២០២០ សេដ្ឋកិច្ចកម្ពុជានៅឆ្នាំនេះ និងឆ្នាំក្រោយ ត្រូវបានរំពឹងថានឹងស្ទុះ...

ផ្សារមូលបត្រកម្ពុជារំពឹងរីកចម្រើនមួយកម្រិតទៀត ក្រោយចាប់ដៃគ្នាជាមួយផ្សារមូលបត្រសៀងហៃ

ព័ត៌មាន
ផ្សារមូលបត្រកម្ពុជាបានចុះអនុសារណៈយោគយល់គ្នាជាមួយផ្សារមូលបត្រសៀងហៃ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ជាពិសេសលើវិស័យផ្...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ