
ទោះជាយ៉ាងណាក៏ដោយ ពួកគេហាក់បារម្ភពីការហូរចូលសាវម៉ាវពីក្រៅស្រុកដែលនាំចូលដោយឈ្មួញកណ្តាលមួយចំនួន ក្នុងការធ្វើឱ្យប៉ះពាល់ដល់ទីផ្សារសាវម៉ាវក្នុងស្រុក ដែលអាចធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណេញរបស់ពួកគេ។
លោក ឡេង ប៉លីន ម្ចាស់ចម្ការសាវម៉ាវម្នាក់នៅខេត្តកំពង់ចាម ដែលកំពុងដាំសាវម៉ាវពូជរុងរាន និងសាវម៉ាវកំប៉ុង បានអះអាងថា ផ្លែសាវម៉ាវនៅឆ្នាំនេះហាក់មានទីផ្សារល្អ ដោយអាចលក់បានចន្លោះពី៤,០០០រៀល ទៅ៧,០០០រៀល ក្នុងមួយគីឡូក្រាម ទៅតាមប្រភេទសាវម៉ាវ។ កសិកររូបនេះ បានអះអាងថា កត្តាដែលធ្វើឱ្យតម្លៃសាវម៉ាវនៅឆ្នាំនេះ មានភាពល្អប្រសើរ ក៏ដោយសារកំណើនគាំទ្រពីប្រជាពលរដ្ឋលើសាវម៉ាវដាំក្នុងស្រុកមានការកើនឡើងខ្ពស់ ក្រោយមានព័ត៌មានពីការរកឃើញផ្លែឈើរបស់ប្រទេសជិតមានផ្ទុកសារធាតុគីមី ដែលអាចបង្កជាជំងឺមហារីក។
មិនខុសគ្នានោះទេ លោកស្រី ភឿន គីមលាង ដែលជាម្ចាស់ចម្ការសាវម៉ាវ នៅខេត្តកំពង់ចាមម្នាក់ដែរនោះបានអះអាងថា សាវម៉ាវនៅចម្ការរបស់លោកស្រីអាចលក់បានចន្លោះពី៥,០០០រៀល ទៅ៧,០០០រៀល ក្នុងមួយគីឡូក្រាម។ ទន្ទឹមនឹងការអះអាងសាវម៉ាវក្នុងស្រុកមានរសជាតិឆ្ងាញ់ និងដាំតាមបែបធម្មជាតិ ម្ចាស់ចម្ការរូបនេះ ហាក់ព្រួយបារម្ភខ្លាចមានឈ្មួញកណ្ដាលនាំចូលសាវម៉ាវពីប្រទេសជិតខាងយកមកលក់ដោយបន្លំជាសាវម៉ាវដាំក្នុងស្រុក ដែលអាចធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់សាវម៉ាវខ្មែរ ដែលកំពុងដល់រដូវប្រមូលផល។
ជាមួយគ្នានេះ លោក ថេត រ៉ា ដែលកំពុងមមាញឹកប្រមូលផលសាវម៉ាវនៅចម្ការមួយកន្លែងក្នុងខេត្តកំពង់ចាម បានអះអាងដូចគ្នាដែរថា ទាំងទីផ្សារ និងតម្លៃសាវម៉ាវនៅឆ្នាំនេះហាក់មានភាពល្អប្រសើរជាងឆ្នាំមុន។ តែយ៉ាងណា លោកក៏បានបង្ហាញពីក្តីបារម្ភចំពោះការហូរផ្លែសាវម៉ាវមានតម្លៃថោកៗពីប្រទេសជិតខាងក្នុងការធ្វើឱ្យប៉ះពាល់ទីផ្សារសាវម៉ាវរបស់លោកផងដែរ។
លោក ស៊ឹម ថាវីរះ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម កត់សម្គាល់ឃើញថា នៅឆ្នាំនេះ ប្រជាពលរដ្ឋភាគច្រើនបានធ្វើដំណើរទៅទិញសាវម៉ាវដល់ទីតាំងចម្ការផ្ទាល់តែម្តង ព្រោះខ្លាចទិញប៉ះសាវម៉ាវនាំចូល។ បើតាមការអះអាងរបស់ប្រធានមន្ទីររូបនេះ មន្ត្រីជំនាញរបស់ខ្លួនតែងតែចុះទៅបណ្ដុះបណ្ដាលពីបច្ចេកទេសដាំដុះឱ្យទទួលបានទិន្នផលល្អ ក៏ដូចជាផ្សព្វផ្សាយដល់កសិករឱ្យដាំដុះធ្វើយ៉ាងណាឱ្យមានសុវត្ថិភាពដល់អ្នកបរិភោគ។ យ៉ាងណាក៏ដោយ លោកបានអះអាងថា ចំនួនកសិករដាំដំណាំសាវម៉ាវ នៅខេត្តកំពង់ចាមហាក់មានចំនួនតិចតួចនៅឡើយ ហើយលោកជឿជាក់ថា ចំនួនកសិករដាំសាវម៉ាវនឹងមានការកើនឡើង ប្រសិនបើសាវម៉ាវនៅតែរក្សាបានតម្លៃល្អប្រសើរ។
ដើម្បីរក្សាទីផ្សារសាវម៉ាវក្នុងស្រុកឱ្យមានភាពល្អប្រសើរ និងការពារផលប៉ះពាល់ដល់សុខភាពរបស់អ្នកបរិភោគ ក្រុមកសិករដាំសាវម៉ាវ នៅខេត្តកំពង់ចាម ស្នើឱ្យអាជ្ញាធរពាក់ព័ន្ធនៅតាមព្រំដែនរឹតបន្តឹង និងទប់ស្កាត់ការនាំចូលសាវម៉ាវខុសច្បាប់ពីប្រទេសជិតខាង ដែលអាចធ្វើឱ្យប៉ះពាល់ដល់តម្លៃសាវម៉ាវក្នុងស្រុក៕
អត្ថបទ៖ ជា ម៉ារ៉ា