លោក ឡែមផូរ សុថាវរិទ្ធិ ប្រធានគណៈកម្មការប្រតិបត្តិនៃសមាគមវារីវប្បករនៅកម្ពុជា បានគូសបញ្ជាក់ប្រាប់សារព័ត៌មានខេមបូណូមីសថា កសិករប្រមាណពាក់កណ្ដាលនៃចំនួន៦០% ដែលបានបោះបង់ការចិញ្ចឹមត្រីបែបពាណិជ្ជកម្មនាពេលកន្លងមក បានងាកមករៀបចំស្រះ និងដាក់កូនត្រីចិញ្ចឹមបែបពាណិជ្ជកម្មឡើងវិញជាបណ្ដើរៗហើយ។
បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ កត្តាដែលជំរុញឱ្យកសិករទាំងនេះងាកមកចិញ្ចឹមត្រីឡើងវិញ ក្រោយពួកគេមើលឃើញពីភាពល្អប្រសើរនៃតម្លៃត្រីនៅលើទីផ្សារនាពេលបច្ចុប្បន្ន ដែលអាចធ្វើជួយឱ្យពួកគេទទួលបានប្រាក់ចំណេញពីរបរមួយនេះ។
បច្ចុប្បន្នកសិករកំពុងមមាញឹកជាមួយការទិញកូនត្រី និងទិញចំណីត្រីសម្រាប់បម្រើឱ្យសកម្មភាពចិញ្ចឹមត្រីឡើងវិញរបស់ខ្លួន។ យ៉ាងណាមិញ កសិកររំពឹងថា ខ្លួននឹងអាចទទួលបានផលចំណេញពីការងាកមកចិញ្ចឹមត្រីឡើងវិញនេះ។
សូមបញ្ជាក់ថា នាពេលកន្លងទៅនេះមានកសិករចិញ្ចឹមត្រីប្រមាណ៦០% ដែលជាសមាជិករបស់សមាគមវារីវប្បករនៅកម្ពុជាបានបោះបង់ការចិញ្ចឹមត្រីបែបពាណិជ្ជកម្ម និងខ្លះទៀតបានបន្ថយបរិមាណត្រីក្នុងស្រះ បន្ទាប់ពីពួកគេជួបបញ្ហាធ្លាក់ចុះប្រាក់ចំណេញ ក្រោយចំណីត្រីឡើងថ្លៃ តែត្រីលក់បានតម្លៃថោក។
ការថយចុះចំនួនអ្នកចិញ្ចឹមត្រីនៅក្នុងស្រុកនេះ បានជំរុញឲ្យតម្លៃត្រីគ្រប់ប្រភេទនៅលើទីផ្សារមានការកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់នាពេលបច្ចុប្បន្ន ក្នុងនោះត្រីប្រាដែលធ្លាប់លក់ក្នុងតម្លៃ៤,២០០រៀលក្នុងមួយគីឡូក្រាម បានឡើងដល់៥,៥០០រៀល ខណៈត្រីឆ្ដោធ្លាប់លក់ក្នុងតម្លៃ១ម៉ឺនរៀល ក្នុងមួយគីឡូក្រាមបានកើនដល់១២,០០០រៀលក្នុងមួយគីឡូក្រាម។
បច្ចុប្បន្នសមាគមវារីវប្បករនៅកម្ពុជាមានសមាជិកអ្នកចិញ្ចឹមត្រីចំនួន១ពាន់៦៣នាក់ ដែលភាគច្រើនមាននៅខេត្តកណ្ដាល, កំពង់ចាម, កំពង់ធំ, សៀមរាប, ពោធិ៍សាត់ រាជធានីភ្នំពេញ និងខេត្តបាត់ដំបងជាដើម។
បើតាមរបាយការណ៍របស់រដ្ឋបាលជលផលកាលពីឆ្នាំ២០២២ ការប្រមូលផលក្នុងវិស័យវារីវប្បកម្មសម្រេចបានជាង៣៣ម៉ឺនតោនធ្លាក់ចុះជាង១ម៉ឺន៧ពាន់តោនបើធៀបនឹងឆ្នាំ២០២១៕
អត្ថបទ៖ បូ ដូឡា