តម្លៃទីផ្សារត្រី

ក្រុមអ្នកចិញ្ចឹមត្រីថា ចំណីឡើងថ្លៃកាន់តែខ្ពស់ជាបន្ដបន្ទាប់ ខណៈតម្លៃទីផ្សារត្រីនៅតែមានទាប


វិស័យចិញ្ចឹមត្រីនៅកម្ពុជា បានជួបទុក្ខលំបាកលើបញ្ហាទីផ្សារមកអស់រយៈជាយូរមកហើយ ដែលធ្វើឲ្យការប្រកបរបរនេះបច្ចុប្បន្ន មានការថយចុះជាងមុនផងដែរ។ បើតាមប្រធានសមាគមវារីវប្បករកម្ពុជា បានបញ្ជាក់ប្រាប់ខេមបូណូមីសថា ប្រជាពលរដ្ឋប្រកបរបរចិញ្ចឹមត្រីកំពុងប្រឈមនឹងបញ្ហាកាន់តែខ្លាំងឡើង ខណៈចំណីត្រីមានការឡើងថ្លៃកាន់តែខ្ពស់ជាបន្តបន្ទាប់នៅមួយរយៈចុងក្រោយនេះ ខណៈដែលតម្លៃត្រីនៅតែមានទាបនៅឡើយ និងត្រូវប្រកួតប្រជែងជាមួយនឹងត្រីនាំចូលពីប្រទេសជិតខាងទៀត។
រូបតំណាង៖ ការចិញ្ចឹមត្រីនៅកម្ពុជា

ទោះ​យ៉ាងណា ប្រធាន​សមាគម​វា​រី​វប្បករ​កម្ពុជា រំពឹង​ថា ក្រសួងកសិកម្ម និង​ខាង​ភាគី​ចិន នឹង​ព​ន្លឿ​ន​នីតិវិធី​ក្នុង​ការ​ការ​នាំ​ចេញ​ត្រី​ប្រា​ពី​កម្ពុជា​ទៅ​ចិន​ឲ្យ​បាន​ឆាប់ ដើម្បី​ជួយ​លើកកម្ពស់​ទីផ្សារ​ត្រី​កម្ពុជា​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​វិញ​។

លោក សុខ រ៉ា​ដែន ប្រធាន​សមាគម​វា​រី​វប្បករ​កម្ពុជា បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ខេ​ម​បូ​ណូ​មី​ស​ថា ប្រជាពលរដ្ឋ​ដែល​ប្រកប​បរបរ​ចិញ្ចឹម​ត្រី​នៅ​ពេល​បច្ចុប្បន្ន​មានការ​ថយ​ចុះ​ជាង​មុន​គួរ​ឲ្យ​កត់សម្គាល់​។ ការ​ចិញ្ចឹម​ថយ​ចុះ ក៏​ដោយសារ​តែ​ពួក​គាត់​ខ្លះ​មិន​អាច​ប្រកប​របរ​នេះ​តទៅ​ទៀត​បាន ដោយសារ​តែ​ការ​ចំណាយ​ថ្លៃដើម​លើ​ការ​ចិញ្ចឹម​ពិសេស​ចំណី​ត្រី​មាន​តម្លៃ​កាន់តែ​ខ្ពស់​ទៅ​ៗ ហើយ​ត្រី​ក៏​មិនសូវ​មាន​ទីផ្សារ និង​តម្លៃ​ទាប ដែល​ធ្វើ​ឲ្យ​ពួក​គាត់​ពុំ​សូវ​ទទួល​បាន​ផល​ចំណេញ​ច្រើន និង​អាច​នឹង​ឈាន​ដល់​ការ​ខាត​ផង​ដែរ​។ ម្យ៉ាងវិញទៀត ដោយសារ​តែ​មានការ​នាំ​ចូល​ត្រី​ច្រើន​ពី​ប្រទេស​ក្រៅ​ផង ក៏​បាន​ធ្វើ​ឲ្យ​អ្នក​ចិញ្ចឹម​ត្រី​ក្នុងស្រុក​ជួប​បញ្ហា​ប្រឈម​កាន់តែ​ខ្លាំង​ផង​ដែរ​។ 

លោក ង៉ោ ហុ​ក​ឃាង អ្នក​ប្រកប​របរ​ចិញ្ចឹម​ត្រី​ប្រា នៅ​ឃុំ​កោះ​ចិន ស្រុក​ពញ្ញាឮ ខេត្តកណ្តាល បាន​បញ្ជាក់​ប្រាប់​ផង​ដែរ​ថា លោក​មិន​រំពឹង​ទទួល​បានការ​ចំណេញ​នោះ​ទេ ក្នុង​ការ​ចិញ្ចឹម​ត្រី​ក្នុងឆ្នាំនេះ លោក​បាន​លើក​ឡើង​បន្ថែម​ដែរ​ថា ការ​ប្រកប​របរ​ចិញ្ចឹម​ត្រី​ក្នុង​ពេល​បច្ចុប្បន្ន​ត្រូវ​ចំណាយ​ដើមទុន​ច្រើន ចំណី​ត្រី​និង​វត្ថុធាតុដើម​មាន​តម្លៃ​ថ្លៃ ហើយ​ទិន្នផល​ទទួល​បាន និង​លក់​ចេញ​ទៅ​លើ​ទីផ្សារ​មាន​តម្លៃ​ទាប ដែល​មិន​សមាមាត្រ​គ្នា​នឹង​ការ​ចំណាយ​ថ្លៃដើម​នោះ​ឡើយ​។ លោក ង៉ោ ហុ​ក​ឃាង បន្ថែម​ថា កាលពីមុន​លោក​ទិញ​ចំណី​ត្រី (​ក​ន្ទួ​ក​) តម្លៃ​ត្រឹមតែ​ជាង ៩​រយ​រៀល​ក្នុង​មួយ​គីឡូក្រាម​ប៉ុណ្ណោះ តែ​បច្ចុប្បន្ន​មានការ​កើនឡើង​រហូត​ដល់​ជាង ១​ពាន់​៣​រយ​រៀល​ក្នុង​មួយ​គីឡូក្រាម​ឯណោះ​។ 

ក្រៅពី​ក​ន្ទួ​ក​លោក​ក៏​ប្រី​ប្រាស់​ត្រី​នុយ ឬ​កូន​ត្រី​ល្អិត​ៗ​តូច​ៗ​សម្រាប់​ធ្វើ​ជា​ចំណី​ត្រី​ផង​ដែរ ដែល​មាន​តម្លៃ​រហូត​ដល់​១​ពាន់​៣​រយ​រៀល​ក្នុង​មួយ​គីឡូក្រាម​។ អ្នក​ចិញ្ចឹម​ត្រី​នៅ​ឃុំ​កោះ​ចិន​រូប​នេះ លើក​ឡើង​ថា ស្រប​ពេល​ចំណី​ត្រី​ឡើងថ្លៃ បច្ចុប្បន្ន​ត្រី​ប្រា​របស់​លោក​អាច​លក់​បាន​ក្នុង​តម្លៃ ៤៥០០​រៀល​ក្នុង​មួយ​គីឡូក្រាម​ប៉ុណ្ណោះ​។

ដោយឡែក លោក ងួ​ន ឈុ​ន អ្នក​ប្រកប​របរ​ចិញ្ចឹម​ត្រី នៅ​សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា​ដែរ​ក្នុង​ឆ្នាំ ២០២២ នេះ បញ្ហា​ចំណី​ត្រី​នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ គឺ​បន្ដ​ឡើងថ្លៃ​កាន់តែ​ខ្ពស់​ទៅ ដែល​កំពុង​ចោទ​ជា​បញ្ហា​ដល់​ការ​ចិញ្ចឹម​ត្រី​របស់​លោក​កាន់តែ​ខ្លាំង​ដែរ​។ អ្នក​ចិ​ញ្ចឹ​ង​ម​ត្រី​នៅ​ខណ្ឌ​ព្រែក​ព្នៅ​រូប​នេះ អះអាង​ថា បច្ចុប្បន្ន​ត្រី​របស់​លោក​លក់​បាន​ក្នុង​តម្លៃ ៤៧០០ រៀល​ក្នុង​មួយ​គីឡូក្រាម ចំពោះ​ត្រី​ប្រា និង ៦៨០០ រៀល​ក្នុង​មួយ​គីឡូក្រាម​ចំពោះ​ត្រី​ពោរ​។

គួរ​បញ្ជាក់​ថា កន្លង​មក​ខាង​ភាគី​ចិន​បាន​មក​សិក្សា​អំពី​នីតិវិធី​ក្នុង​ការ​នាំ​ចេញ​ត្រី​ប្រា​ពី​កម្ពុជា​ទៅ​ប្រទេស​ចិន ហើយ​អ្នក​ចិញ្ចឹម​ត្រី​ទាំងអស់​បាន​បំពេញ​លក្ខ​ខ័​ណ្ឌ ការ​អនុវត្តន៍​កសិកម្ម​ល្អ (GAP) ទៅ​កាន់​ភាគី​ប្រទេស​ចិន​រួចរាល់​ហើយ ខណៈ​ដែល​ពេល​នេះ​ភាគី​ប្រទេស​ចិន​កំពុង​បន្ដ​ដំណើរការ​ច​ចា​ជាមួយ​ក្រសួងកសិកម្ម​។ លោក សុខ រ៉ា​ដែន ប្រធាន​សមាគម​វា​រី​វប្បករ​កម្ពុជា សង្ឃឹមថា ខាង​ភាគី​ចិន និង​ក្រសួងកសិកម្ម​កម្ពុជា នឹង​ព​ន្លឿ​ន​ការងារ​នាំ​ចេញ​ត្រី​ប្រា​នេះ ឲ្យ​បាន​ឆាប់ ដើម្បី​ជួយ​ជំរុញ​ទីផ្សារ​ត្រី​របស់​កម្ពុជា ដែល​កំពុង​ជួប​ការ​លំបាក​៕

អត្ថបទ សោម ស្រី​ពេជ្រ 

None



អត្ថបទបន្ទាប់


ស្ថាប័នរដ្ឋ និងឯកជនជាង១០ហើយ បានចូលរួមទិញបណ្ណបំណុលក្រុមហ៊ុនអភិវឌ្ឍព្រលានយន្តហោះភ្នំពេញថ្មី

គិតមកទល់ពេលនេះមានគ្រឹះស្ថានហិរញ្ញវត្ថុទាំងរដ្ឋ និងឯកជនជាង១០ស្ថាប័នហើយ បានបោះទុនទិញមូលបត្របំណុល ឬសញ្ញាប័ណ្ណមានអ្នកធានារបស់ក្រុមហ៊ុន Camb…

ប្រមុខការទូតប៉េកាំង ចោទអាមេរិកថា ព្យាយាមបង្កើតបក្សពួកនៅឥណ្ឌូប៉ាស៊ីហ្វិកដូចធ្វើជាមួយណាតូ

រដ្ឋមន្ត្រីក្រសួងការបរទេសចិនលោក វ៉ាង យី បាននិយាយថា ទំនាក់ទំនងរបស់ចិនជាមួយរុស្ស៊ី នៅតែរឹងមាំដដែល បើទោះជាមានការរិះគន់យ៉ាងភ្លូកទឹកភ្លូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ