ចិនថាទំនាក់ទំនងជាមួយរុស្ស៊ីនៅតែរឹងមាំ

ប្រមុខការទូតប៉េកាំង ចោទអាមេរិកថា ព្យាយាមបង្កើតបក្សពួកនៅឥណ្ឌូប៉ាស៊ីហ្វិកដូចធ្វើជាមួយណាតូ


រដ្ឋមន្ត្រីក្រសួងការបរទេសចិនលោក វ៉ាង យី បាននិយាយថា ទំនាក់ទំនងរបស់ចិនជាមួយរុស្ស៊ី នៅតែរឹងមាំដដែល បើទោះជាមានការរិះគន់យ៉ាងភ្លូកទឹកភ្លូកដី អំពីប្រតិកម្មចិនលើសំណុំរឿងអ៊ុយក្រែនក៏ដោយ។ ទោះជាយ៉ាងនេះក្តី លោកវ៉ាង យីបានអំពាវនាវម្តងហើយម្តងទៀត ឱ្យមានការសន្ទនាគ្នាដោយសន្តិវិធីដើម្បីបញ្ចប់សង្គ្រាម។ បន្ថែមពីលើ នេះលោកវ៉ាងយី បានឆ្លៀតចោទប្រកាន់សហរដ្ឋអាមេរិកម្តងទៀតថា បានព្យាយាមបង្កើតបក្សពួកនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដូចដែលអាមេរិកបានធ្វើជាមួយអង្គការណាតូ នៅអឺរ៉ុបខាងកើតដែរ។
ចិនថាទំនាក់ទំនងជាមួយរុស្ស៊ីនៅតែរឹងមាំ
ដោយ

ប្រមុខ​ការទូត​ចិន​លោក​វ៉ាង យី នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ក្រោយ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​សភា​ប្រជាជន​ចិន​បាន​និយាយ​ថា​៖ ចិន​មាន​ឆន្ទៈ​ក្នុង​ការ​បន្ត​ដើរតួ​នាទី​ក្នុង​ន័យ​ស្ថាបនា និង​លើកទឹកចិត្ត​ឲ្យ​ភាគី​ជម្លោះ គឺ​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន មាន​កិច្ចចរចា​សន្តិភាព ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី ហើយ​ចិន​ក៏​បាន​ត្រៀមខ្លួន​ជា​ស្រេច​ដែរ ក្នុង​ការ​ធ្វើការ​ជាមួយ​សហគមន៍​អន្តរជាតិ​ដើម្បី​ដើរតួ​ជា​អ្នកសម្របសម្រួល​នៅ​ពេល​ណា​ដែល​ចាំបាច់​។

ប្រមុខ​ការទូត​ក្រុង​ប៉េ​កាំ​ង​រូប​នេះ​បន្ថែម​ទៀត​ថា ចំណងមិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ គឺ​ចិន និង​រុ​ស្ស៊ី នៅ​តែ​រឹង​មាំ​។

គួរ​ជម្រាប​ថា ចិន​ដែល​បាន​បង្កើត​ភាព​ជា​ដៃគូ​នយោបាយ និង​សេដ្ឋកិច្ច​ថ្មី​មួយ​ជាមួយ​រុ​ស្ស៊ី​កាលពី​ខែ​មុន ជា​អ្នក​ឈរ​នៅ​ក្នុង​ចំណោម​ប្រទេស​មួយ​ចំនួន​តូច ដែល​មិន​បាន​ថ្កោលទោស​ទីក្រុង​មូ​ស្គូ​ក្នុង​ការ​បញ្ជូន​កងទ័ព​ចូល​ប្រទេស​អ៊ុយ​ក្រែ​ន​។

លើស​ពី​នេះ ចិន​បាន​បដិសេធ មិន​ពិពណ៌នា​ប្រតិបត្តិការ​យោធា​របស់​រុ​ស្ស៊ី​ថា ជា​ការ​ឈ្លានពាន​នោះ​ទេ​។ កាលពី​ថ្ងៃ​ចន្ទ លោក វ៉ាង​យី បាន​ចាត់​ទុក​ការ​ប្រយុទ្ធ​គ្នា​រវាង​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន​ថា ជា​ជម្លោះ​រវាង​ប្រទេស​ទាំង​ពីរ​នេះ​តែ​ប៉ុណ្ណោះ ដោយ​មិន​បាន​ចាត់​ទុក​ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​មក​លើ​អ៊ុយ​ក្រែ​ន​ឡើយ​។

ទោះជា​បែប​នេះ​ក្ដី ចិន​បាន​អំពាវនាវ​ឱ្យ​មានការ​សន្ទនា ដើម្បី​សម្រេច​បាន​នូវ​ដំណោះស្រាយ​ដោយ​សន្តិវិធី ហើយ​បាន​សន្យា​ថា ខ្លួន​នឹង​ផ្គត់ផ្គង់​ជំនួយ​មនុស្សធម៌​ដល់​អ៊ុយ​ក្រែ​ន ប៉ុន្តែ​ប៉េ​កាំ​ង​បាន​ច្រាន​ចោលការ​ដាក់​ទណ្ឌកម្ម​នានា ដែល​មាន​បំណង​បង្អាក់​សកម្មភាព​ហិរញ្ញវត្ថុ​របស់​ទីក្រុង​ម៉ូ​ស្គូ​។

លោក វ៉ាង​យី បាន​អំពាវនាវ​ដល់​អ្នក​រិះគន់​រុ​ស្ស៊ី​ទាំងអស់​ឱ្យ​គោរព ដល់​ផលប្រយោជន៍​សន្តិសុខ​ជាតិ​ស្របច្បាប់​របស់​រុ​ស្ស៊ី ហើយ​បាន​និយាយ​ថា ការ​ដោះស្រាយ​បញ្ហា​ស្មុគស្មាញ វា​ទាមទារ​ឲ្យ​ដោះស្រាយ​ដោយ​ភាព​ស្ងប់ស្ងាត់ និង​សម​ហេតុផល ជា​ជាង​ការ​ចាក់​ប្រេង​បន្ថែម​ទៅ​លើ​ភ្លើង​។

យ៉ាងណា​ក៏​ដោយ ដូច​គ្រប់​គ្នា​បានដឹង​ច្បាស់​ពី​ទំនោរ​របស់​ចិន ទៅ​រក​ទីក្រុង​ម៉ូ​ស្គូ ជាក់ស្តែង កាលពី​ស​ប្តា​ហ៍​មុន ក្នុង​ចំណោម ១៩៣​ប្រទេស ចិន​បាន​បោះ​ឆ្នោត​អនុប្បវាទ​លើ​សេចក្តីសម្រេច​របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ ក្នុង​ការ​ដាក់​សម្ពាធ​លើ​រុ​ស្ស៊ី ឲ្យ​ដកទ័ព​ចេញពី​អ៊ុយ​ក្រែ​ន​ជា​បន្ទាន់ ខណៈ​ជាង​១៤០​ប្រទេស​ទៀត​បោះ​ឆ្នោត​គាំទ្រ ហើយ​មាន​តែ​៥​ប៉ុណ្ណោះ​ដែល​ជំទាស់​។ បន្ថែម​លើ​នេះ ចិន​បាន​បដិសេធ​សំណើ​របស់​សម​ភាគី​អ៊ុយ​ក្រែ​ន ដែល​បាន​ទទូច​ឲ្យ​ប៉េ​កាំ​ង​ជួយ​និយាយ​ជាមួយ​រុ​ស្ស៊ី និង​ជួយ​ជ្រុំ​ជ្រែង​កិច្ចចរចា​ដើម្បី​ឈាន​ទៅ​រក​បទ​ឈប់​បាញ់​ផង​ដែរ​។

សូម​ជម្រាប​ថា មិន​ត្រឹមតែ​ព្យាយាម​បង្ហាញ​ជំហរ​កណ្តាល​ក្នុង​សំណុំរឿង​រុ​ស្ស៊ី​និង​អ៊ុយ​ក្រែ​ន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ចិន​ថែម​ទាំង​ឆ្លៀត​និយាយ​ចោទប្រកាន់ និង​រិះគន់​សហរដ្ឋអាមេរិក​ថា កំពុង​បង្កើត​បក្សពួក​នៅ​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក ដូច​អ្វី​ដែល​ខ្លួន​ធ្លាប់​ធ្វើ​នៅ​អឺរ៉ុប​ខាងកើត​តាម​រយៈ​អង្គកា​ណា​តូ​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមអ្នកចិញ្ចឹមត្រីថា ចំណីឡើងថ្លៃកាន់តែខ្ពស់ជាបន្ដបន្ទាប់ ខណៈតម្លៃទីផ្សារត្រីនៅតែមានទាប

ព័ត៌មាន
វិស័យចិញ្ចឹមត្រីនៅកម្ពុជា បានជួបទុក្ខលំបាកលើបញ្ហាទីផ្សារមកអស់រយៈជាយូរមកហើយ ដែលធ្វើឲ្យការប្រកបរបរនេះបច្ចុប្បន្ន មានការថយចុះជាងមុនផងដែរ។ ប…

តើអាជីវកម្មអាមេរិករកស៊ីនឹងចិនជួបភាពអាប់អួរកម្រិតណា ចំពេលរដ្ឋាភិបាលប្រទេសទាំងពីរមានភាពតានតឹងកើនឡើង?

ព័ត៌មាន
ក្រុមម្ចាស់អាជីវកម្មអាមេរិក ដែលរកស៊ីនៅក្នុងប្រទេសចិនបានរាយការណ៍ពីភាពអាប់អួរ អំពីប្រតិបត្តិការអាជីវកម្មរបស់ពួកគេនៅក្នុងទីផ្សារប្រទេសចិន …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ