អ្នកនាង Melissa Chin អ្នកគ្រប់គ្រងផ្នែកគោលនយោបាយមាតិកាទទួលបន្ទុកផ្នែកពាក្យសម្ដីស្អប់ខ្ពើមក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បានថ្លែងក្នុងអំឡុងសន្និសីទសារព័ត៌មានជាមួយក្រុមអ្នកកាសែតកម្ពុជាថា៖ “សុវត្ថិភាពនិងសន្តិសុខគឺជាអាទិភាពដ៏សំខាន់មួយសម្រាប់យើងនៅក្រុមហ៊ុន Facebook ហើយការប្រយុទ្ធប្រឆាំងនឹងពាក្យសម្ដីស្អប់ខ្ពើមគឺជាផ្នែកដ៏សំខាន់មួយនៃការងាររបស់យើង។ យើងជឿថា មនុស្សបញ្ចេញមតិរបស់ខ្លួន និងភ្ជាប់ទំនាក់ទំនងកាន់តែសេរីនៅពេលពួកគេមិនមានអារម្មណ៍ទទួលរងការវាយប្រហារដោយសារតែថាតើពួកគេគឺជាអ្នកណា។ ហេតុដូចនេះហើយបានជាយើងមិនអនុញ្ញាតឱ្យមានពាក្យសម្ដីស្អប់ខ្ពើមនៅលើបណ្តាញទំនាក់ទំនង Facebook។ វាបង្កើតឱ្យមានបរិស្ថានបំផិតបំភ័យ និងការផាត់ចេញ (exclusion) ហើយក្នុងករណីខ្លះ វាអាចជំរុញឱ្យមានអំពើហិង្សាខាងក្រៅផងដែរ”។
ក្រុមហ៊ុន Facebook បានកំណត់និយមន័យពាក្យសម្តីស្អប់ខ្ពើមថាជាការវាយប្រហារផ្ទាល់ ដូចជាសំដីបែបហិង្សារ ឬបន្ថោកភាពជាមនុស្ស សេចក្តីថ្លែងអំពីភាពអន់ ការជេរប្រមាថ ឬការអំពាវនាវឱ្យមានការផាត់ចេញ (exclusion) ឬការបំបែកក្រុមមនុស្សដោយផ្អែកលើលក្ខណៈដែលត្រូវបានការពារ។ លក្ខណៈដែលត្រូវបានការពារទាំងនេះរួមមានពូជសាសន៍ ជាតិពន្ធុ ដើមកំណើនជាតិសាសន៍ ពិការភាព សាសនា និន្នាការផ្លូវភេទ ភេទ អត្តសញ្ញាណយេនឌ័រ ឬជំងឺធ្ងន់ធ្ងរ។
ក្រុមហ៊ុន Facebook ប៉ាន់ប្រមាណថា ក្នុងចំណោមការពិនិត្យមើលមាតិកា ១០.០០០ដងនៅលើ Facebook មានត្រឹមតែ ៥ ទៅ ៦ដងប៉ុណ្ណោះដែលមានរួមបញ្ចូលពាក្យសម្ដីស្អប់ខ្ពើម។
អ្នកនាង Chin បានបន្ថែមថា៖ “នៅពេលយើងបានចាប់ផ្តើមការរាយការណ៍ដំបូងអំពីម៉ាទ្រិចរបស់យើងសម្រាប់ពាក្យសម្ដីស្អប់ខ្ពើមនៅចុងឆ្នាំ២០១៧ យើងបានចាត់វិធានការប្រឆាំងនឹងពាក្យសម្ដីស្អប់ខ្ពើមចំនួន ២៣,៦% មុនពេលអ្នកប្រើប្រាស់រាយការណ៍អំពីមាតិកាទាំងនោះមកកាន់យើង។ ចាប់តាំងពីពេលនោះមក អត្រារកឃើញរបស់យើងបានកើនឡើងដល់ ៩៦,៨% ដែលមានន័យថា ត្រឹមតែក្នុងរយៈពេល ៣ឆ្នាំ យើងបានបង្កើនចំនួនមាតិកាពាក់ព័ន្ធនឹងពាក្យសម្ដីស្អប់ខ្ពើមដែលយើងអាចកំណត់បានដោយប្រើប្រាស់បច្ចេកវិទ្យាបានជាង ៣២០%”។
ដើម្បីបង្កើតបរិស្ថានប្រកបដោយសុវត្ថិភាពសម្រាប់មនុស្សមកពីជុំវិញពិភពលោកឱ្យភ្ជាប់ទំនាក់ទំនងគ្នា ស្តង់ដារសហគមន៍ (Community Standards) របស់ក្រុមហ៊ុន Facebook មានចែងនូវអ្វីដែលត្រូវបានអនុញ្ញាត និងមិនត្រូវបានអនុញ្ញាតឱ្យធ្វើនៅលើបណ្តាញទំនាក់ទំនងសង្គម Facebook។ ស្តង់ដារសហគមន៍របស់ក្រុមហ៊ុន Facebook គ្របដណ្តប់ប្រភេទមាតិកាដ៏ទូលំទូលាយ ដូចជាពាក្យសម្ដីស្អប់ខ្ពើម ព្រមទាំងភេវរកម្ម សុវត្ថិភាពកុមារ និងផ្សេងៗទៀត។ គិតចាប់តាំងពីឆ្នាំមុនមក ស្តង់ដារសហគមន៍របស់ក្រុមហ៊ុន Facebook អាចរកបានជាភាសាខ្មែរ។
ក្រុមហ៊ុន Facebook ប្រើប្រាស់ដំណើរការមួយដែលរួមផ្សំគ្នារវាងការរាយការណ៍ពីសហគមន៍អ្នកប្រើប្រាស់ ការពិនិត្យមើលពីក្រុមការងាររបស់ក្រុមហ៊ុន និងបច្ចេកវិទ្យា ដើម្បីកំណត់និងពិនិត្យមើលមាតិកាប្រឆាំងនឹងស្តង់ដារសហគមន៍របស់ខ្លួន។ មានបុគ្គលិកជាង ៣៥.០០០នាក់នៅក្រុមហ៊ុន Facebook ដែលកំពុងធ្វើការងារលើសុវត្ថិភាពនិងសន្តិសុខ រួមទាំងមានអ្នកសម្របសម្រួលមាតិកាជាង ១៥.០០០នាក់ផ្សេងទៀតផង។
អ្នកនាង Chin បានបន្តថា៖ “គោលនយោបាយរបស់យើងកំពុងត្រូវបានធ្វើបច្ចុប្បន្នភាពជានិច្ច ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនានាក្នុងរបៀបដែលភាសាត្រូវបានប្រើប្រាស់អនឡាញ។ យើងប្រើប្រាស់បញ្ញាសិប្បនិម្មិតដើម្បីកំណត់អាទិភាពទៅលើមាតិកាដែលចាំបាច់ត្រូវពិនិត្យមើល បន្ទាប់ពីពិចារណាទៅលើសក្ដានុពលរបស់មាតិកាដែលរីកសាយភាយយ៉ាងឆាប់រហ័ស កម្រិតគ្រោះថ្នាក់ដែលវាអាចបង្កឡើង និងកម្រិតដែលមាតិកាមួយចំនួនអាចរំលោភគោលនយោបាយរបស់យើង”។
ព័ត៌មានបន្ថែមអំពីវីធីសាស្រ្តរបស់ក្រុមហ៊ុន Facebook ចំពោះការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងពាក្យសម្ដីស្អប់ខ្ពើម អាចរកបាននៅក្នុងរបាយការណ៍អនុវត្តស្តង់ដារសហគមន៍។