ពិដានបំណុលសហរដ្ឋអាមេរិក

កិច្ចព្រមព្រៀងស្ថាពរស្ដីពីកម្រិតបំណុលត្រៀមបញ្ជូនទៅសភាដើម្បីបោះឆ្នោតសម្រេច


ទីបំផុត ភាពជាប់គាំងនៃបញ្ហាបំណុលរដ្ឋរបស់អាមេរិក ហាក់កំពុងឆ្ពោះទៅរកច្រកចេញបានហើយ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បាននិយាយថា កាលពីថ្ងៃអាទិត្យ ទី២៨ឧសភា សេតវិមានបានបញ្ចប់សេចក្ដីព្រាងកិច្ចព្រមព្រៀងថវិកាជាមួយប្រធានសភា លោក ខេវិន ម៉ាកខាធី ទាក់ទងនឹងពិដានបំណុលទំហំ ៣១,៤ ទ្រីលានដុល្លារហើយ។
កិច្ចព្រមព្រៀងស្ថាពរស្ដីពីកម្រិតបំណុលត្រៀមបញ្ជូនទៅសភាដើម្បីបោះឆ្នោតសម្រេច

កិច្ចព្រមព្រៀងនេះបានត្រៀមខ្លួនរួចរាល់ ដើម្បីបញ្ជូនទៅសភាសម្រាប់ការបោះឆ្នោតអនុម័ត ប៉ុន្តែសមាជិកសភាមួយចំនួនក្នុងគណបក្សប្រជាធិបតេយ្យ និងក្នុងគណបក្សសាធារណរដ្ឋអះអាងថា អាចនឹងមានការប្រទាំងប្រទើសគ្នាជុំវិញការបោះឆ្នោតនេះ។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍ថា កាលពីថ្ងៃអាទិត្យទី២៨ឧសភាថា រដ្ឋាភិបាល និងសភាសហរដ្ឋអាមេរិក បានបញ្ចប់ការខ្វែងគំនិតគ្នាហើយ ទាក់ទងនឹងកម្រិតបំណុលអតិបរមា និងបញ្ហាពាក់ព័ន្ធ ខណៈដែលក្រសួងហិរញ្ញវត្ថុបានលើកឡើងថា ខ្លួននឹងអស់សមត្ថភាពទូទាត់ចំណាយរបស់រដ្ឋាភិបាលនៅត្រឹមថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២៣។ ភាគីទាំងពីរបានឯកភាពគ្នារក្សាកម្រិតបំណុលអតិបរមាទំហំ ៣១,៤ ទ្រីលានដុល្លារ ឱ្យនៅដដែល រហូតដល់ខែមករា ឆ្នាំ២០២៥។

លោក ចូ បៃដិន បានបញ្ជាក់នៅក្នុងសម្រង់សំដីដើមថា "កិច្ចព្រមព្រៀងនេះដកការគំរាមកំហែងពីកង្វះលទ្ធភាពសងបំណុលដ៏គ្រោះថ្នាក់ចេញពីលើតុ, ការពារការងើបឡើងវិញនៃសេដ្ឋកិច្ចដែលយើងរកបានយ៉ាងលំបាក និងដែលជាប្រវត្តិសាស្ត្ររបស់យើង"។

កិច្ចព្រមព្រៀងឬសេចក្ដីព្រាងច្បាប់នេះ ប្រសិនបើសហសភាអនុម័ត នឹងជួយបញ្ចៀសអលទ្ធភាពសងបំណុលរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។ ប៉ុន្តែ ដើម្បីសម្រេចបានជាផ្លែផ្កា វាទាមទារឱ្យសហសភា ពោលគឺសភា និងព្រឹទ្ធសភា ដែលមានសម្លេងខុសគ្នាក្នុងចំនួនតិចតួច បោះឆ្នោតគាំទ្រសិន។

ប្រធានាធិបតី បៃដិន ដែលមកពីគណបក្សប្រជាធិបតេយ្យ បាននិយាយថា "ខ្ញុំជំរុញឱ្យសភាទាំងពីរថ្នាក់អនុម័តសេចក្ដីព្រាងច្បាប់នេះ» ហើយបានបន្ថែមថា រូបលោករំពឹងថា លោក ម៉ាកខាធី នឹងធ្វើឱ្យមានសំឡេងឆ្នោតចាំបាច់ ដើម្បីអនុម័តកិច្ចព្រមព្រៀងនេះ។

លោក ម៉ាកខាធី ដែលជាប្រធានសភាមកពីគណបក្សសាធារណរដ្ឋ បាននិយាយកាលពីព្រឹកថ្ងៃអាទិត្យទី២៨ឧសភាថា រូបលោករំពឹងថា សហសេវិកមកពីគណបក្សសាធារណរដ្ឋភាគច្រើននឹងគាំទ្រសេចក្ដីព្រាងច្បាប់ខាងលើ។

កិច្ចព្រមព្រៀងនេះនឹងព្យួរកម្រិតបំណុលអតិបរមារបស់សហរដ្ឋអាមេរិកឱ្យនៅដដែលរហូតដល់ខែមករាឆ្នាំ ២០២៥ ទន្ទឹមនឹងរឹតត្បិតការចំណាយថវិកាក្នុងឆ្នាំ ២០២៤ និងឆ្នាំ ២០២៥, ទាមទារមកវិញនូវមូលនិធិកូវីដដែលមិនបានប្រើប្រាស់, បង្កើនល្បឿនក្នុងដំណើរការអនុញ្ញាតច្បាប់ឱ្យគម្រោងថាមពលមួយចំនួន, ព្រមទាំងបញ្ចូលតម្រូវការការងារបន្ថែមមួយចំនួនក្នុងកម្មវិធីជំនួយស្បៀងអាហារសម្រាប់ប្រជាជនអាមេរិកក្រីក្រ។

សេចក្ដីព្រាងច្បាប់កម្រាស់ ៩៩ ទំព័រ នឹងអនុញ្ញាតឱ្យចំណាយជាង ៨៨៦ ពាន់លានដុល្លារលើវិស័យសន្តិសុខក្នុងឆ្នាំសារពើពន្ធ ២០២៤ និងជាង ៧០៣ ពាន់លានដុល្លារលើវិស័យមិនមែនសន្តិសុខនៅឆ្នាំដដែល តែមិនរាប់បញ្ចូលការកែតម្រូវមួយចំនួនទេ។ សេចក្ដីព្រាងច្បាប់នេះក៏នឹងអនុញ្ញាតឱ្យដំឡើង ១% សម្រាប់ចំណាយលើវិស័យសន្តិសុខក្នុងឆ្នាំសារពើពន្ធ ២០២៥ដែរ។

សមាជិកសភាមួយចំនួនដែលជាអ្នកអភិរក្សនិយមខ្លាំងនៅក្នុងគណបក្សសាធារណរដ្ឋ បាននិយាយថា ពួកគេនឹងព្យាយាមរារាំងសេចក្ដីព្រាងច្បាប់នេះ មិនឱ្យឆ្លងសភារួចទេ នៅក្នុងការបោះឆ្នោតដែលគ្រោងធ្វើនៅថ្ងៃពុធ។ ទន្ទឹមនឹងនេះ សមាជិកគណបក្សប្រជាធិបតេយ្យដែលជាអ្នកជឿនលឿននិយមនៅក្នុងសភាទាំងពីរថ្នាក់ ក៏បាននិយាយដែរថា ពួកគេនឹងមិនគាំទ្រកិច្ចព្រមព្រៀងណាមួយដែលអនុញ្ញាតឱ្យមានតម្រូវការការងារបន្ថែមសម្រាប់កម្មវិធីអាហារ និងការថែទាំសុខភាពរបស់រដ្ឋាភិបាលទេ៕




អត្ថបទបន្ទាប់


ប្រទេសបេឡារុស្សអះអាងថា រដ្ឋណានៅខាងរុស្ស៊ី នឹងមានអាវុធនុយក្លេអ៊ែរ

ព័ត៌មាន
ប្រធានាធិបតីបេឡារុស្ស លោក អាឡិចសាន់ដ័រ លូកាសេនកូ (Alexander Lukashenko) ដែលជាដៃគូជិតស្និតរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូ…

វៀតណាមស្រូបទាញបាន FDI ជិត ១១ពាន់លានដុល្លារ នៅអំឡុង ៥ ខែដើមឆ្នាំ២០២៣

ព័ត៌មាន
គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៣ វៀតណាមបានទាក់ទាញ ការវិនិយោគផ្ទាល់ពីបរទេស សម្រាប់ ៥០ ទីក្រុង និងរដ្ឋធានីខេត្ត ដោយក្នុងនោះ រដ្ឋធាន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ