បេឡារុស្ស - រុស្ស៊ី

ប្រទេសបេឡារុស្សអះអាងថា រដ្ឋណានៅខាងរុស្ស៊ី នឹងមានអាវុធនុយក្លេអ៊ែរ


ប្រធានាធិបតីបេឡារុស្ស លោក អាឡិចសាន់ដ័រ លូកាសេនកូ (Alexander Lukashenko) ដែលជាដៃគូជិតស្និតរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានលើកឡើងជាមតិផ្ទាល់ខ្លួនថា ប្រទេសណាមួយដែលឈរនៅខាងរុស្ស៊ីក្នុងសង្គ្រាមនៅអ៊ុយក្រែន រដ្ឋនោះនឹងទទួលបានអាវុធនុយក្លេអ៊ែរ។
ប្រទេសបេឡារុស្សអះអាងថា រដ្ឋណានៅខាងរុស្ស៊ី នឹងមានអាវុធនុយក្លេអ៊ែរ
ដោយ

ការលើកឡើងរបស់លោក លូកាសិនកូ បានកើតឡើងស្របពេលដែលមន្ត្រីកំពូលបេឡារុស្សមួយរូប បាននិយាយថា លោកខាងលិចបានទុកឱ្យបេឡារុស្សគ្មានជម្រើសអ្វីក្រៅពីដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់រុស្ស៊ីនៅលើទឹកដីខ្លួន។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនិងសារព័ត៌មាន ញូស៍វីក។

ប្រធានាធិបតីបេឡារុស្ស លោក អាឡិចសាន់ដ័រ លូកាសេនកូ ដែលត្រូវបានគេមើលឃើញថាជាអ្នកគាំទ្រលោក ពូទីន ដ៏រឹងមាំចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែនបានផ្ទុះឡើងមក បានផ្តល់សិទ្ធិឱ្យយោធារុស្ស៊ីឈរជើងក្នុងប្រទេសខ្លួន និងធ្វើសមយុទ្ធរួមគ្នាជាញឹកញាប់។ បើទោះបីជាមិនមានរបាយការណ៍ថាកងទ័ពបេឡារុស្សបានចូលរួមក្នុងសង្គ្រាមនៅអ៊ុយក្រែនដោយផ្ទាល់ក៏ដោយ ក៏ថ្មីៗនេះប្រទេសទាំងពីរបានដើរដល់ជំហានថ្មីមួយទៀត ដែលធ្វើឱ្យពិភពលោកមានការព្រួយបារម្ភខ្លាំង គឺការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់រុស្ស៊ីនៅក្នុងប្រទេសបេឡារុស្សដែលជាអ្នកជិតខាងប្រទេសអ៊ុយក្រែន។

ក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ប៉ុន្តែទើបបានផ្សាយនៅថ្ងៃអាទិត្យ លោក លូកាសេនកូ បានអះអាងថា ប្រទេសណាមួយដែលចូលរួមក្នុងកតិកាសញ្ញាសហភាពរដ្ឋរុស្ស៊ីនិងរដ្ឋបេឡារុស្ស, រដ្ឋនោះនឹងមានអាវុធនុយក្លេអ៊ែរដូចបេឡារុស្សដែរ។ ប៉ុន្តែទីភ្នាក់ងារសារព័ត៌មានរើយធឺបានរាយការណ៍បញ្ជាក់ថា លោក លូកាសេនកូ និយាយថា រូបលោកលើកឡើងដូច្នេះជាទស្សនផ្ទាល់ខ្លួនទេ មិនមែនជាទស្សនរបស់រុស្ស៊ីឡើយ។

ទន្ទឹមគ្នានេះ រដ្ឋលេខាធិការក្រុមប្រឹក្សាសន្តិសុខបេឡារុស្ស លោក អាឡិចសាន់ដ័រ វ៉ុលហ្វ៊ូវីច (Alexander Volfovich) បាននិយាយថា អាវុធនុយក្លេអ៊ែរត្រូវបានដកចេញពីបេឡារុស្សក្រោយការដួលរលំសហភាពសូវៀតកាលពីឆ្នាំ១៩៩១ ដោយសារកាលនោះសហរដ្ឋអាមេរិកបានផ្តល់ការធានាសន្តិសុខ និងមិនមានការដាក់ទណ្ឌកម្មមកលើប្រទេសបេឡារុស្ស។ លោក វ៉ុលហ្វ៊ូវីច បាននិយាយប្រាប់ទីភ្នាក់សារព័ត៌មានបេឡារុស្ស បេលតា ថា ប៉ុន្តែឥឡូវនេះ អ្វីៗបានប្រែប្រួលអស់ហើយ រាល់ការសន្យាពីមុនៗបានកន្លងផុតទៅអស់។ លោក វ៉ុលហ្វ៊ូវីច បានបញ្ជាក់ថា «ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅលើទឹកដីបេឡារុសដូច្នេះ គឺជាជំហានមួយនៃការបង្ការបែបយុទ្ធសាស្ត្រ ហើយប្រសិនបើមានមូលហេតុណាមួយនៅក្នុងគំនិតរបស់អ្នកនយោបាយបស្ចិមលោក ប្រាកដណាស់ ពួកគេនឹងមិនឆ្លងបន្ទាត់ក្រហមនេះទេ»។

កាលពីពេលកន្លងទៅ លោក ពូទីន តែងបានព្រមានម្តងហើយម្តងទៀតថា រុស្ស៊ីដែលមានអាវុធនុយក្លេអ៊ែរច្រើនជាងគេនៅលើពិភពលោក នឹងប្រើគ្រប់មធ្យោបាយដើម្បីការពារខ្លួន។ សង្គ្រាមឈ្លានពានប្រទេសអ៊ុយក្រែនត្រូវបានរុស្ស៊ីហៅថា «ប្រតិបត្តិការយោធាពិសេស» ហើយប្រធានាធិបតីរុស្ស៊ី លោក ពូទីន បាននិយាយថាវាជាការប្រយុទ្ធដើម្បីការរស់រានរបស់រុស្ស៊ី។ ក្នុងនោះ ទីក្រុងម៉ូស្គូបានអះអាងថា ប្រទេសរុស្ស៊ីនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរភ្លាមៗ ប្រសិនបើអធិបតេយ្យភាពរបស់ខ្លួនត្រូវបានគំរាមកំហែងដោយផ្ទាល់ពីបស្ចិមលោក។

ទោះយ៉ាងណា អ្នកជំនាញមកពីវិទ្យាស្ថានសម្រាប់ការសិក្សាសង្គ្រាម (ISW) យល់ឃើញថា រុស្ស៊ីទំនងជាមិនប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ខ្លួនឡើយ បើទោះបីជាថ្មីៗនេះមានការផ្លាស់ទីអាវុទ្ធនុយក្លេអ៊ែរយុទ្ធសាស្ត្រទៅក្នុងប្រទេសបេឡារុស្សក៏ដោយ។ វិទ្យាស្ថាននេះបានសរសេរកាលពីខែមីនាថា លោក ពូទីន បានធ្វើការគំរាមកំហែង ដោយគ្មានចេតនាណាមួយធ្វើដូច្នោះដើម្បីបំបែកការគាំទ្ររបស់លោកខាងលិចចំពោះអ៊ុយក្រែនទេ៕




អត្ថបទបន្ទាប់


អ្នកជំនាញ៖ កំណើនវិនិយោគក្នុងវិស័យឧស្សាហកម្ម បង្ហាញពីភាពរឹងមាំនៃសេដ្ឋកិច្ចកម្ពុជា

ព័ត៌មាន
ការវិនិយោគនៅក្នុងវិស័យឧស្សាហកម្មរបស់កម្ពុជា បានបង្ហាញនូវសញ្ញាណវិជ្ជមានគួរឲ្យកត់សម្គាល់នៅរយៈពេលប៉ុន្មានចុងក្រោយនេះ។ ក្នុងនោះ ការវិនិយោគក្ន…

កិច្ចព្រមព្រៀងស្ថាពរស្ដីពីកម្រិតបំណុលត្រៀមបញ្ជូនទៅសភាដើម្បីបោះឆ្នោតសម្រេច

ព័ត៌មាន
ទីបំផុត ភាពជាប់គាំងនៃបញ្ហាបំណុលរដ្ឋរបស់អាមេរិក ហាក់កំពុងឆ្ពោះទៅរកច្រកចេញបានហើយ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បាននិយាយថា ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ