
ប៉ុន្តែ លោកស្រី នៅប្រឈមនឹងបញ្ហាជាច្រើនទៀត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។
សមាជិកសភាទាំងពីរថ្នាក់នៅក្នុងប្រទេសជប៉ុន បានបោះឆ្នោតជ្រើសរើសស្រ្តីចិត្តដែក គឺលោកស្រី សាណាអេ តាកាអ៊ីជី ឱ្យធ្វើជានាយករដ្ឋមន្ត្រីជប៉ុនជាលើកដំបូងក្នុងប្រវត្តិសាស្ត្រមិនធ្លាប់មាន។ ស្ថិតក្នុងវ័យ៦៤ឆ្នាំ លោកស្រី តាកាអ៊ីជី ត្រូវបានសារព័ត៌មានមួយចំនួនពិពណ៌នាដោយចាត់ទុកលោកស្រីជាស្រ្តីចិត្តដែករបស់ជប៉ុន ហើយរបៀបធ្វើនយោបាយរបស់លោកស្រី គឺស្រដៀងគ្នានឹងលោកស្រី ម៉ាហ្គារ៉េត ថាច់ឈ័រ នៅចក្រភពអង់គ្លេសសម័យមុន។
លោកស្រី គឺជាអ្នកនយោបាយដែលប្រកាន់យកទស្សនៈវិស័យស្រដៀងគ្នានឹងអតីតនាយករដ្ឋមន្រ្តី ហ្ស៊ីនហ្ស៊ូ អាបេ ហើយក៏ជាអ្នក ដែលគាំទ្រចក្ខុវិស័យសេដ្ឋកិច្ច Abenomics ផងដែរ។ លោកស្រី ជាមេដឹកនាំថ្មីនៃគណបក្សប្រជាធិបតេយ្យសេរី ដែលទទួលបានការគាំទ្រពីសមាជិកសភាក្នុងការបោះត្នោតនៅសភាជាន់ទាបជាមួយសំឡេង២៣៧ទល់នឹង១៤៩ លើគូប្រជែងរបស់លោកស្រី គឺលោក យូស៊ីហ៊ីកូ ណូដា (Yoshihiko Noda) មេដឹកនាំគណបក្សប្រឆាំងសេរីនិយមតាមរដ្ឋធម្មនុញ្ញ។
បន្ទាប់ពីទទួលការគាំទ្រពីសភាជាន់ទាប លោកស្រី បានបន្តយកឈ្នះក្នុងការបោះឆ្នោតនៅក្នុងសភាជាន់ខ្ពស់ ជាមួយសំឡេង១២៥ទល់នឹង៤៦សំឡេង។ ពាក់ព័ន្ធនឹងដំណើរទៅមុខរបស់លោកស្រី អ្នកវិភាគបានលើកឡើងថា នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងប្រទេសជប៉ុន ដែលស្ត្រី ត្រូវជ្រើសរើសឱ្យដឹកនាំប្រទេសជាលើកដំបូង ស្របពេលដែលរដ្ឋាភិបាលចម្រុះនេះទំនងជាផុយស្រួយ ហើយត្រូវប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន រួមទាំងដំណើរទស្សនកិច្ចនៅសប្តាហ៍ក្រោយរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក គឺលោក ដូណាល់ ត្រាំ ផងដែរ។
នៅមុនការបោះឆ្នោតលោកស្រី តាកាអ៊ីជី បានថ្លែងថា លោកស្រី ចង់ដឹកនាំជប៉ុនឲ្យខ្លាំងក្លាឡើងវិញ ហើយក៏ចង់ផ្តល់ក្តីសង្ឃឹមថ្មីដល់ពលរដ្ឋជប៉ុនផងដែរ។ លោកស្រី បានលើកឡើងទៀតថា អ្វីដែលកំពុងតែប្រឈមនៅពេលនេះ គឺស្ថិរភាពនយោបាយ បន្ទាប់មកសេដ្ឋកិច្ច ហើយចុងក្រោយ គឺការពង្រឹងគោលនយោបាយការទូត៕
ដោយៈ សរ សុជាតិ