នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានឌីជីថលខេមបូណូមីស លោក ង៉ែត ជូ ប្រធានក្រុមប្រឹក្សាភិបាល F.I Vision Capital និងជាអ្នកជំនាញហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា ការវិវឌ្ឍរបស់វិស័យហិរញ្ញវត្ថុកម្ពុជានៅរយៈពេល៥ឆ្នាំចុងក្រោយនេះ គឺមានការរីកលូតលាស់លឿនគួរឱ្យកត់សម្គាល់។ពោលគឺ ទាំងការវិវឌ្ឍរបស់វិស័យហិរញ្ញវត្ថុដែលជាធនាគារ ក៏ដូចជាវិស័យហិរញ្ញវត្ថុដែលមិនមែនជាធនាគារ គឺសុទ្ធតែមានការរីកលូតលាស់យ៉ាងឆាប់រហ័សដូចគ្នា។
ស្របពេលដែលវិស័យហិរញ្ញវត្ថុកម្ពុជាបច្ចុប្បន្នកំពុងមានការរីកលូតលាស់យ៉ាងឆាប់រហ័សបែបនេះ អ្នកជំនាញរូបនេះ ក៏បានកត់សម្គាល់ឃើញដែរថា ចំណេះដឹងហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋវិញ គឺហាក់នៅមានកម្រិតនៅឡើយបើធៀបទៅនឹងភាពសម្បូរបែបនៃសេវាកម្ម ផលិតផល និងបច្ចេកវិទ្យារបស់វិស័យហិរញ្ញវត្ថុដែលកំពុងមាននាពេលបច្ចុប្បន្ននេះ។ គួបផ្សំមានការវិវឌ្ឍបន្ថែមរបស់វិស័យហិរញ្ញវត្ថុដែលមិនមែនជាធនាគារ ដូចជាទាក់ទងទៅនឹងផ្សារហ៊ុន ការវិនិយោគរួមគ្នា និងនិយ័តករបរធនបាលកិច្ចទៀតសោតផងនោះ អ្នកជំនាញជឿជាក់ថា ប្រជាពលរដ្ឋត្រូវមានការបង្កើនការយល់ដឹងជាច្រើនបន្ថែមទៀតទាក់ទងទៅនឹងចំណេះដឹងហិរញ្ញវត្ថុនេះ។
លោក ង៉ែត ជូ បានសង្កត់ធ្ងន់ថា ការរីកលូតលាស់របស់វិស័យហិរញ្ញវត្ថុបច្ចុប្បន្ន គឺប្រៀបបានទៅដល់កម្រិតផ្លូវល្បឿនលឿនទៅហើយ ក៏ប៉ុន្តែចំណេះដឹងរបស់ប្រជាពលរដ្ឋវិញ ប្រៀបដូចជាការធ្វើដំណើរនៅតាមផ្លូវធម្មតានៅឡើយ។
បើតាម លោក ង៉ែត ជូ នៅពេលដែលការយល់ដឹងរបស់ប្រជាពលរដ្ឋនៅមានកម្រិតបែបនេះ វាក៏បានធ្វើឱ្យប្រសិទ្ធភាពនៃការវិវឌ្ឍក្នុងវិស័យនេះ មិនសូវមានការរីកលូតលាស់បានលឿនតាមអ្វីដែលចង់បាននោះទេ មិនតែប៉ុណ្ណោះ វាក៏អាចបណ្តាលទៅជាហានិភ័យណាមួយកើតឡើង ដែលនាំឱ្យមានការខាតបង់ផងដែរ។ ដើម្បីឱ្យការយល់ដឹងរបស់ប្រជាពលរដ្ឋដើរឱ្យទាន់ទៅនឹងការរីកលូតលាស់របស់ស័យហិរញ្ញវត្ថុបច្ចុប្បន្ន អ្នកជំនាញរូបនេះ អះអាងថា គឺទាមទារឱ្យមានការចូលរួម ពីរាជរដ្ឋាភិបាល វិស័យឯកជន ក៏ដូចជាដៃគូរអភិវឌ្ឍន៍នានា ក្នុងការបណ្តុះបណ្តាល ផ្តល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុនេះទៅដល់ប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ទៅតាមបរិបទនៃកម្រិតវប្បធម៌របស់ប្រជាពលរដ្ឋផ្សេងៗគ្នា។
យ៉ាងណាក៏ដោយចុះ លោក ង៉ែត ជូ អះអាងថា មិនមែនតែនៅកម្ពុជានោះទេ ប្រទេសជិតខាងកម្ពុជាដូចជាប្រទេសថៃ វៀតណាមជាដើមនោះ ពួកគេសុទ្ធតែទទួលស្គាល់ថា ចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់ប្រជាជនពួកគេ ក៏ហាក់នៅមានកម្រិតនៅឡើយផងដែរ ដ្បិតវិស័យហិរញ្ញវត្ថុផ្នែកខ្លះរបស់ប្រទេសទាំងនោះមានការរីកចម្រើនជាងកម្ពុជាយ៉ាងណាក្តី ប៉ុន្តែបញ្ហាប្រឈមពាក់ពន្ធ័ នឹងការយល់ដឹងផ្នែកហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ គឺមានការប្រឈមដូចគ្នាផងដែរ។
របាយការណ៍ពីធនាគារជាតិនៃកម្ពុជាបង្ហាញថា គិតត្រឹមដំណាច់ខែមេសាឆ្នាំ២០២៣ ប្រទេសកម្ពុជាមានធនាគារពាណិជ្ជចំនួន ៥៩ ធនាគារឯកទេសចំនួន ៩ និងការិយាល័យតំណាងចំនួន៦ ខណៈដែលគ្រះស្ថានមីក្រូហិញ្ញវត្ថុវិញមានចំនួន ៨៧ គ្រឹះស្ថាន។
គិតត្រឹមចុងឆ្នាំ២០២២ ការផ្ដល់ឥណទានអតិថិជន ដោយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ សរុបមានជាង ៥៦ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ ២០% ធៀបនឹងឆ្នាំ២០២១។ ជាមួយគ្នានោះ ប្រាក់បញ្ញើអតិថិជនសរុបមានប្រមាណជិត៤៥ពាន់លានដុល្លារ កើនឡើងជាង១១%៕