វិស័យអចលនទ្រព្យ

អ្នកជំនាញថា ឆ្នាំ២០២៣ ជាឱកាសសម្រាប់អ្នកមានធនធានប្រមូលទិញ អចលនទ្រព្យក្នុងទីតាំង និងតម្លៃសមរម្យ


បញ្ហារីករាត្បាតកូវីដ១៩ និងឥទ្ធិពលនៃស្ថានភាពមិនច្បាស់លាស់នៃកំណើនសេដ្ឋកិច្ចពិភពលោក បាននិងកំពុងជះឥទ្ធិពលមិនល្អជាច្រើនមកលើស្ថានភាពសេដ្ឋកិច្ចកម្ពុជានៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រួមទាំងស្ថានភាពទីផ្សារអចលនទ្រព្យកម្ពុជាផងដែរ ។ ប៉ុន្ដែ នៅក្នុងកាលៈទេសៈនៃជួបប្រឈមនឹងបញ្ហានេះ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យមួយចំនួននៅតែអះអាងថា វាក៏ជាឱកាសសម្រាប់អ្នកវិនិយោគ ដែលមានធនធាន និងសម្លឹងរកការវិនិយោគរយៈពេលមធ្យម និងវែង។
កត្តាប្រឈម និងឱកាសនៅក្នុងវិស័យអចលនទ្រព្យឆ្នាំ២០២៣
ដោយ

អ្នកជំនាញអះអាងថា សម្រាប់ឆ្នាំ២០២៣នេះ អ្នកវិនិយោគដែលមានធនធាន អាចមានឱកាសទិញបានអចលនទ្រព្យនៅក្នុងទីតាំងល្អ ជាមួយតម្លៃសមរម្យ ចំពេលស្ថានភាពតម្លៃទីផ្សារហាក់នៅទ្រឹង។

ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានខេមបូណូមីស លោកឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល និងជាអគ្គនាយកក្រុមហ៊ុន Sam Sn Realty Co.,Ltd បានកត់សម្គាល់ឃើញថា វិស័យអចនទ្រព្យលើពិភពលោក រួមទាំងកម្ពុជា ហាក់នៅរង​ផលប៉ះពាល់ និងមិនទាន់មានសញ្ញាវិជ្ជមានគួរឲ្យកត់សម្គាល់នៅឡើយទេ គិតមកទល់​ពាក់កណ្ដាល​ឆ្នាំ២០២៣នេះ។ លោកឧកញ៉ា សំ សុខនឿន បានគូសបញ្ជាក់ថា បញ្ហាប្រឈមខ្លាំង ក្នុងវិស័យអចលនទ្រព្យនៅឆ្នាំ២០២៣នេះ គឺការជាប់គាំងនៃការទិញ-លក់អចលនទ្រព្យ តែម្ដង។ បើតាមអ្នកជំនាញរូបនេះ ជាទូទៅអ្នកវិនិយោគក្នុងវិស័យ​អចលនទ្រព្យ តែងសម្លឹងមើលពីផលចំណេញ តាមរយៈទិញប្រភេទអចលនទ្រព្យណាមួយសម្រាប់លក់ទៅវិញនៅពេលឪកាសទីផ្សារមកដល់។ ក៏ប៉ុន្តែ អ្វីដែលជាការស្មានមិនដល់នោះ វិស័យអចលនទ្រព្យបានរងផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ នារយៈពេលប្រមាណ ៣ឆ្នាំមកនេះ ដោយសារតែបញ្ហាកូវីដ១៩ និងបញ្ហា​សង្គ្រាម​នៅអ៊ុយក្រែន ធ្វើប៉ះពាល់ដល់ចរន្ដសេដ្ឋកិច្ចពិភពលោក រួមទាំងកម្ពុជា។ កត្តាទាំងនេះ បានធ្វើឲ្យអ្នករកស៊ីក្នុងវិស័យនេះ ជួបប្រឈមខ្លាំង ដោយសារមិនអាចលក់បញ្ចេញ​អចលនទ្រព្យ​ទៅក្នុងទីផ្សារវិញបាន។

ទោះយ៉ាងណា បើតាមឧកញ៉ា សំ សុខនឿន ស្ថិតក្នុងបរិបទដែលវិស័យអចលនទ្រព្យកម្ពុជា ជួបវិបត្តិ វាក៏ជាឪកាសល្អសម្រាប់វិនិយោគិន ដែលមានធនធាន ឬទុនបម្រុងគ្រប់គ្រាន់ ឆ្លៀតឪកាសប្រមូលទិញអចលនទ្រព្យទុក ដើម្បីទទួលបានផលចំណេញនៅពេលដែល​ទីផ្សារអចនទ្រព្យប្រសើរឡើងវិញ។ ម្យ៉ាងវិញទៀត ស្ថិតក្នុងបរិការណ៍នេះ សម្រាប់អ្នកដែល​មានទុនបម្រុង ក៏មានឪកាសច្រើនក្នុងការស្វែងរកប្រភេទអចលនទ្រព្យដែលល្អ និងមានតម្លៃសមរម្យ ថែមទៀតផង។

ជុំវិញបញ្ហាធ្លាក់ចុះ និងហានិភ័យនៃវិស័យអចលនទ្រព្យនេះដែរ ធនាគារជាតិនៃកម្ពុជា ក៏បានប្រាប់ឲ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ពង្រឹងកិច្ចសហការ​យ៉ាងជិតស្និត​រវាងអាជ្ញាធរពាក់ព័ន្ធ ដើម្បីគ្រប់គ្រងហានិភ័យដែលអាចកើតមានឡើង និងឥទ្ធិពលរាលដាល​ទៅកាន់វិស័យផ្សេងទៀត។ ក្នុងនោះ ធនាគារជាតិនៃកម្ពុជាជំរុញគ្រឹះស្ថានធនាគារ និង​មីក្រូហិរញ្ញវត្ថុ​បង្កើនការតាមដានយ៉ាងប្រុងប្រយ័ត្ន​ចំពោះការផ្តល់កម្ចីក្នុងវិស័យអចលនទ្រព្យ ដែលអាចរងហានិភ័យពីការធ្លាក់ចុះសេដ្ឋកិច្ចសកល និងការធ្លាក់ចុះតម្រូវការក្នុងវិស័យ​អចលនទ្រព្យនៅប្រទេសចិន ផងដែរ។

សូមបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជាបានព្យាករថា នៅក្នុងឆ្នាំ២០២៣ នេះសេដ្ឋកិច្ចកម្ពុជា​នឹងអាចសម្រេចបានក្នុងកំណើន ៥,៥% ជាមួយកម្រិតអតិផរណាទាបក្នុងរង្វង់ ២%។ កំណើន​សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងគាំទ្រជាចម្បងដោយការនាំចេញទំនិញ និងការបន្ត​ងើបឡើង​លឿន​​នៃវិស័យទេសចរណ៍ និងវិស័យពាក់ព័ន្ធផ្សេងៗ ស្របពេលដែលកម្ពុជារំពឹង ការអនុវត្ត​កិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយតំបន់ RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​ទ្វេភាគីជាមួយប្រទេសផ្សេងៗ ជួយទាក់ទាញលំហូរវិនិយោគចូលមកកម្ពុជាបន្ថែមទៀត៕




អត្ថបទបន្ទាប់


តើចំណេះដឹងហិរញ្ញវត្ថុរបស់ពលរដ្ឋបច្ចុប្បន្ន ដើរទាន់នឹងការរីកលូតលាស់ក្នុងវិស័យ ហិរញ្ញវត្ថុកម្ពុជាកម្រិតណា?

ព័ត៌មាន
ការវិវឌ្ឍរបស់វិស័យហិរញ្ញវត្ថុកម្ពុជានៅរយៈពេល៥ឆ្នាំចុងក្រោយនេះ ហាក់មានការរីកលូតលាស់លឿនគួរឱ្យកត់សម្គាល់ទាំងផលិតផល សេវាកម្ម និងបច្ចេកវិទ្យ…

អ្នកជំនាញថា ការចូលជាសមាជិក CPTPP របស់អង់គ្លេស អាចទាញបានប្រយោជន៍សេដ្ឋកិច្ចតិចតួច

ព័ត៌មាន
ចក្រភពអង់គ្លេសកាលពីថ្ងៃអាទិត្យទី១៦ ខែកក្កដា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីចូលរួមជាសមាជិកផ្លូវការរបស់ កិច្ចព្រមព្រៀងវឌ្ឍនភាព និងគ្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ