លោក សុខ វឿន ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC បានអះអាងថា មកទល់ពេលនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី មានសុខភាពហិរញ្ញវត្ថុរឹងមាំ និងមានចីរភាព និងកំពុងបន្តអនុវត្តយុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យដោយប្រុងប្រយ័ត្ន និងអនុលោមតាមបទប្បញ្ញត្តិប្រុងប្រយ័ត្នទាំងអស់របស់ធនាគារជាតិនៃកម្ពុជា។ ជាក់ស្ដែងគិតត្រឹមដំណាច់ឆ្នាំ២០២៥ អិលអូអិលស៊ី មានទ្រព្យសកម្មប្រមាណ១,៦ពាន់លានដុល្លារអាម៉េរិក មានអតិថិជនដាក់ប្រាក់បញ្ញើលើសពី៥៣៤.០០០នាក់ និងមានសមតុល្យប្រាក់បញ្ញើលើសពី១ពាន់លានដុល្លារអាម៉េរិក និងបណ្តាញប្រតិបត្តិការ៨៣សាខាទូទាំងប្រទេស។ ជារួម លោកបានវាយតម្លៃថា វិស័យហិរញ្ញវត្ថុនៅកម្ពុជា មានមូលដ្ឋានរឹងមាំ និងស្ថិតក្រោមការគ្រប់គ្រង និងត្រួតពិនិត្យយ៉ាងជិតស្និទ្ធពីធនាគារជាតិនៃកម្ពុជា។ វិស័យនេះមានប្រព័ន្ធបទប្បញ្ញត្តិ និងវិធានការការពារអតិថិជន និងប្រាក់បញ្ញើរបស់សាធារណជនយ៉ាងច្បាស់លាស់ ដើម្បីធានាស្ថិរភាពប្រព័ន្ធហិរញ្ញវត្ថុ។
មិនខុសគ្នានោះទេ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានអះអាងថា មកទល់ពេលនេះ ស្ថានភាពក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជា នៅតែមានស្ថិរភាពល្អ ដោយសារតែវិស័យដែលស្ថិតក្រោមអាណាព្យាបាលរបស់ធនាគារជាតិនៃកម្ពុជា នេះមានច្បាប់ និងបទបទបញ្ញត្តិត្រឹមត្រូវ។ បទបញ្ញត្តិទាំងនោះទៀតសោតត្រូវបានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុអនុវត្តតាមយ៉ាងខ្ជាប់ខ្ជួនក្រោមការត្រួតពិនិត្យដោយធនាគារជាតិនៃកម្ពុជា។ ជាក់ស្ដែង ធនាគារ អេស៊ីលីដា តែងតែធ្វើសវនកម្ម និងបោះផ្សាយរបាយការណ៍ហិរញ្ញវត្ថុជាសាធារណៈរៀងរាល់៣ខែម្ដង ដើម្បីបង្ហាញពីតម្លាភាព និងភាពរឹងមាំរបស់ខ្លួន។ ទន្ទឹមនេះលោកបណ្ឌិត ក៏បានអំពាវនាវឱ្យសាធារណជនកុំឱ្យមានការព្រួយបារម្ភចំពោះវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជា ព្រោះវិស័យនេះនៅតែមានភាពរឹងមាំ និងកំពុងអនុវត្តតាមបទបទបញ្ញត្តិច្បាប់ជាតិ និងអន្តរជាតិ។
ជុំវិញបញ្ហានេះដែរ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានអះអាងដែរថា វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា នៅតែបន្តមានភាពរឹងមាំ មានសន្ទនីយភាពគ្រប់គ្រាន់ និងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីធនាគារជាតិនៃកម្ពុជា ជាមួយនឹងសូចនាករចម្បងៗ នៃភាពប្រុងប្រយ័ត្នស្ថិតនៅកម្រិតលើសពីបទប្បញ្ញត្តិដែលបានកំណត់។ ទន្ទឹមនេះ ការចែកចាយ និងផ្សព្វផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធនឹងស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារមួយចំនួននាពេលថ្មីៗនេះ មិនបានឆ្លុះបញ្ចាំងជារួមពីប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុទាំងមូលនៅកម្ពុជានោះទេ ហើយភាពរអាក់រអួលចំពោះប្រតិបត្តិការបណ្តោះអាសន្ននៅស្ថាប័នហិរញ្ញវត្ថុណាមួយមិនគួរយកទៅបកស្រាយថា ជាការឆ្លុះបញ្ចាំងពីស្ថានភាព នៃប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុទាំងមូលនោះដែរ។ ទន្ទឹមនឹងនេះសមាគមទាំងពីរ បានអំពាវនាវដល់សាធារណជនកុំឆាប់ជឿតាមពាក្យចចាមអារ៉ាម ឬព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ពីបណ្តាញសង្គម៕
អត្ថបទ៖ បូ ដូឡា