វិបត្តិទឹកជំនន់ធ្ងន់ធ្ងរនៅខេត្តហាតយ៉ៃ និងខេត្តសុងក្លា នៅភាគខាងត្បូងប្រទេសថៃ បានក្លាយជាគ្រោះមហន្តរាយដ៏ធំបំផុតមិនធ្លាប់ក្នុងពេលជាច្រើនមកនេះ ដែលជំរុញឱ្យនាយករដ្ឋមន្ត្រីជិតខ្ទាតចេញពីតំណែងរបស់ថៃ លោក អានុទីន ឆានវីរៈគុល (Anutin Charnvirakul) អំពាវនាវឱ្យបង្កើតច្បាប់បន្ទាន់មួយចំនួន ដើម្បីដោះស្រាយបញ្ហានេះ។ ទោះជាយ៉ាងណា ទំនុកចិត្តលើរដ្ឋាភិបាលរបស់លោក អានុទីន ក្នុងការដោះស្រាយវិបត្តិនេះបានធ្លាក់ចុះជាខ្លាំង ខណៈកំពុងមានការព្រួយបារម្ភកាន់តែខ្លាំងអំពីការឆ្លើយតបយឺតយ៉ាវរបស់រដ្ឋាភិបាលចំពោះវិបត្តិនេះ ដោយបានចោទជាសំណួរថា តើរដ្ឋាភិបាលមិនបានត្រៀមខ្លួនគ្រប់គ្រាន់ទេឬ ក្នុងការដោះស្រាយគ្រោះមហន្តរាយទ្រង់ទ្រាយធំបែបនេះ។
ក្រុមអ្នករិះគន់បានសួរដោយផ្ទាល់ទៅកាន់លោក អានុទីន ថា តើកង្វះការត្រៀមខ្លួនរបស់រដ្ឋាភិបាល គឺជាមូលហេតុចម្បងធ្វើឱ្យទឹកជំនន់កាន់តែធ្ងន់ធ្ងរឡើងឬយ៉ាងណា។ ការឆ្លើយតបយឺតយ៉ាវនេះត្រូវបានគេមើលឃើញថា គ្រាន់តែជាការសម្រាលបញ្ហាដោយមិនបានដោះស្រាយបញ្ហាស្នូលតែប៉ុណ្ណោះ។ ក្រុមអ្នករិះគន់ ក៏បានលើកឡើងអំពីកង្វះទំនាក់ទំនងរបស់រដ្ឋាភិបាលក្នុងការផ្ដល់ដំណឹងដល់ប្រជាជននៅមុនពេលវិបត្តិនេះបានកើតឡើង ខណៈការព្យាករអាកាសធាតុបានបង្ហាញយ៉ាងច្បាស់ថា វានឹងមានភ្លៀងធ្លាក់ខ្លាំង ដែលបង្កជាទឹកជំនន់។ ប្រសិនបើរដ្ឋាភិបាលបានជូនដំណឹងដល់ពលរដ្ឋមូលដ្ឋាន និងជម្លៀសពួកគេទាន់ពេលវេលា ម្ល៉េះពួកគេនឹងមិនខាតបង់ទ្រព្យសម្បត្តិច្រើន និងជាប់គាំងនៅក្នុងផ្ទះនោះដែរ។
វិបត្តិនេះអាចក្លាយជាការវាយប្រហារនយោបាយដ៏សំខាន់មួយសម្រាប់លោក អានុទីន ជាពិសេសក្នុងចំណោមជនរងគ្រោះដោយសារទឹកជំនន់ និងប្រជាជនទូទៅ ព្រោះវាបើកឱកាសឱ្យលោកប្រឈមនឹងការរិះគន់ក្នុងដំណើរការឆ្ពោះទៅរកការបោះឆ្នោតឆ្នាំ២០២៦ ដោយមនុស្សជាច្រើនចោទសួរអំពីសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងវិបត្តិនាពេលអនាគតប្រកបដោយប្រសិទ្ធភាព។
ស្របពេលការបោះឆ្នោតឆ្នាំ២០២៦ កាន់តែខិតជិតមកដល់ សំណួរនៅតែធ្លាក់មកថា តើលោក អានុទីន អាចប្រែក្លាយវិបត្តិនេះទៅជាឱកាសបានដែរឬយ៉ាងណា ឬថា តើរដ្ឋាភិបាលរបស់លោកនឹងលិចលង់បន្ថែមទៀតជាមួយវិបត្តិនេះ។ ស្ថានភាពនេះនឹងក្លាយជាការសាកល្បងដ៏សំខាន់មួយអំពីរបៀប ដែលប្រជាជននៅភាគខាងត្បូង និងប្រទេសដទៃទៀតមើលឃើញអំពីរបៀប ដោះស្រាយបញ្ហាជាតិ និងទំនាក់ទំនងរបស់រដ្ឋាភិបាលក្នុងពេលមានវិបត្តិកើតឡើង៕
ដោយ៖ សុខ មង្គល