ប្រធានសមាគមផលិតកម្មបង្គារបស់ថៃ លោក ឯកាផូច យ៉ុដពីនីត (Ekapoj Yodpinit) បានអះអាងថា គ្រោះទឹកជំនន់បានធ្វើឱ្យប៉ះពាល់ដល់កសិករចិញ្ចឹមបង្គាសរុបប្រមាណ១ម៉ឺននាក់នៅក្នុងខេត្តខាងត្បូងប្រទេសថៃ រួមមាន ខេត្តសុងក្លា ផាថាលុង និងផាតានី។ តំបន់ភាគខាងត្បូង ជាធម្មតាអាចផលិតបង្គាបានចន្លោះពី២៧ម៉ឺនទៅ២៨ម៉ឺនតោន ឬប្រមាណ១១% នៃទិន្នផលសរុបប្រចាំឆ្នាំរបស់ប្រទេសថៃ។
បើតាមការគូសបញ្ជាក់របស់លោក ឯកាផូច គ្រាន់តែបង្គាមួយមុខមិនបូកបញ្ចូលរបស់របរផ្សេងៗនោះទេ បានរងការខូតខាតជាង១៥លានដុល្លារ ហើយបើបូកបញ្ចូលទាំងការខូចខាតឧបករណ៍ ចំណី បង្គាតូចៗ ដែលហូរតាមទឹកជំនន់ និងស្រះចិញ្ចឹមបង្គាដែរនោះ ផលប៉ះពាល់សរុបបានកើនលើស៣១លានដុល្លារ។ បច្ចុប្បន្ន សមាគម កំពុងស្នើឱ្យរាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធជួយផ្តល់ជាឧបករណ៍ និងសម្ភារៈផលិតកម្ម ប្រាក់កម្ចីគ្មានការប្រាក់រយៈពេលមួយទៅពីរឆ្នាំ និងជំនួយសម្រាប់កសិដ្ឋាន ដែលកំពុងផ្លាស់ប្តូរទៅរកប្រព័ន្ធផលិតកម្មកាបូនទាប ដើម្បីឱ្យកសិករអាចបន្តប្រតិបត្តិការរបស់ពួកគេឡើងវិញ។
ប្រធានសមាគមខាងលើបានព្រមានថា ប្រសិនបើគ្មានការស្តារឡើងវិញឱ្យបានយ៉ាងឆាប់រហ័សទេ នោះទឹកជំនន់នេះអាចបង្កផលប៉ះពាល់រយៈពេលវែងដល់ខ្សែច្រវាក់ផ្គត់ផ្គង់អាហារសមុទ្រ និងការនាំចេញរបស់ប្រទេសថៃ ខណៈប្រទេសនេះមានអ្នកចិញ្ចឹមបង្គាប្រមាណ៣ម៉ឺននាក់នៅទូទាំងប្រទេស។
ទិន្នផលបង្គារបស់ថៃ នៅឆ្នាំ២០២៥ ត្រូវបានគេព្យាករថា អាចមានក្នុងរង្វង់២៧ម៉ឺនតោន ប្រហាក់ប្រហែលនឹងឆ្នាំមុនដែរ។ ការនាំចេញបង្គារបស់ថៃ នៅក្នុងរយៈពេល១០ខែឆ្នាំ២០២៥ បានធ្លាក់ចុះ៦% ទាំងបរិមាណ និងតម្លៃ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនចំពេលមានការធ្លាក់ចុះសេដ្ឋកិច្ចសកល ដែលបានជះឥទ្ធិពលដល់តម្រូវការពីជប៉ុន ចិន, និងអាម៉េរិក៕
ដោយ៖ សុខ មង្គល