ទឹកជំនន់

ទឹកជំនន់បំផ្លាញសេដ្ឋកិច្ចថៃអស់ជាង ៤៥ពាន់លានបាត ខណៈបាតុភូតអែលនីញ៉ូកំពុងគំរាមកសិករថៃបន្ត


គ្រោះទឹកជំនន់ដ៏ធំក្នុងប្រទេសថៃនៅឆ្នាំ២០២៦នេះ បានបំផ្លាញសេដ្ឋកិច្ចថៃអស់ប្រមាណ ៤៥,០៧ពាន់លានបាត ឬប្រមាណជិត ១,៣៣ពាន់លានដុល្លារអាម៉េរិក ដោយវិស័យកសិកម្ម រងការខូចខាតធ្ងន់ធ្ងរជាងគេ ខណៈដែលការព្រួយបារម្ភអំពីបាតុភូតអែលនីញ៉ូដែលកំពុងកើនឡើង អាចនឹងធ្វើឱ្យវិស័យផលិតកម្មកសិកម្ម និងប្រាក់ចំណូលគ្រួសារកសិករថៃកាន់តែធ្លាក់ចុះដុនដាបបន្ថែមទៀតនៅក្នុងប៉ុន្មានខែខាងមុខ។
ទឹកជំនន់
ដោយ

បើតាមកាសែត Thenation ថៃ ថ្ងៃទី២៤ វិច្ឆិកា  ការិយាល័យក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិរបស់ថៃ ឬ NESDC បានរាយការណ៍ថា គ្រោះទឹកជំនន់ក្នុងចន្លោះថ្ងៃទី១៦ ខែកញ្ញា ដល់ថ្ងៃទី១០ ខែវិច្ឆិកា បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើខេត្តចំនួន ៥៨ ដែលធ្វើឱ្យប្រជាជនថៃប្រមាណ ៦,៨លាននាក់ ឬ ៩,៦៥% នៃចំនួនប្រជាជនសរុបទូទាំងប្រទេស ក្នុង ២,២១លានគ្រួសារ រងការបាត់បង់ប្រាក់ចំណូលយ៉ាងធ្ងន់ធ្ងរ។

គ្រោះទឹកជំនន់ដ៏ធំនាពេលកន្លងមក បានបង្កការខូចខាតយ៉ាងដំណំដល់ផ្ទះសំបែង ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដោយក្នុងនោះមានផ្ទះចំនួន ៨០ ១៦៩ខ្នង និងយានយន្តប្រមាណ ១០ម៉ឺនគ្រឿងរងផលប៉ះពាល់។

ក្រុមប្រឹក្សានេះ បានបង្ហាញថា ការខាតបង់សេដ្ឋកិច្ចទាក់ទងនឹងផលិតកម្ម ប្រមាណ ១,៣៣ពាន់លានដុល្លារអាម៉េរិកនេះ គឺផ្តោតសំខាន់លើវិស័យកសិកម្ម ផលិតកម្មឧស្សាហកម្ម និងសេវាកម្មទាក់ទងនឹងវិស័យទេសចរណ៍។

របាយការណ៍របស់ NESDC នេះ បានបញ្ជាក់ថា វិស័យកសិកម្មរងគ្រោះធ្ងន់ធ្ងរខ្លាំងជាងគេបំផុត ដោយការខូចខាតមានតម្លៃច្រើនដល់ទៅ ៦៥៨,១៩លានដុល្លារអាមេរិក ឬប្រហែល ៤៩,៦% នៃការខាតបង់សេដ្ឋកិច្ចសរុបដែលបានប៉ាន់ប្រមាណ ខណៈដែលវិស័យផលិតកម្មឧស្សាហកម្មរបស់ថៃ ក៏រងការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ ដោយមានគ្រឹះស្ថានឧស្សាហកម្មចំនួន ៤ ៦៣៥កន្លែង រងផលប៉ះពាល់ដោយទឹកជំនន់ដ៏ធំនេះ ដោយក្រុមប្រឹក្សានេះបានប៉ាន់ប្រមាណថា ការខាតបង់ផ្នែកផលិតកម្មនេះ មានចំនួន ៥៣៦,០៦លានដុល្លារ ដែលស្មើនឹងប្រហែល ៤០,៤% នៃការខូចខាតសេដ្ឋកិច្ចសរុបក្នុងវិស័យទាំង៣។

ចំណែកវិស័យទេសចរណ៍ និងសេវាកម្ម បានរងការខាតបង់សេដ្ឋកិច្ចប្រមាណ ១៣២,៧៦លានដុល្លារ ស្មើនឹងប្រមាណ ១០% នៃការខាតបង់សរុបនៃវិស័យទាំង៣។

ដោយឡែកសម្រាប់ការព្យាករពីផលប៉ះពាល់ដោយសារគ្រោះធម្មជាតិតទៅមុខទៀត ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ ឬ NESDC របស់ថៃ បានចង្អុលបង្ហាញថា បាតុភូតអាកាសធាតុ El Niño គឺជាហានិភ័យដ៏ធំចម្បងមួយទៀត ដែលអាចជាន់កសេដ្ឋកិច្ចថៃឱ្យកាន់តែដុនដាបបន្ថែមពីលើការខាតបង់ផ្នែកសេដ្ឋកិច្ចដោយសារគ្រោះទឹកជំនន់នៅឆ្នាំនេះ។

បាតុភូតអែលនីណូ អាចធ្វើឱ្យសីតុណ្ហភាពកាន់តែក្ដៅជាងមុន និងបរិមាណទឹកភ្លៀងថយចុះនៅក្នុងតំបន់មួយចំនួននៃប្រទេសថៃ ដែលអាចប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹកក្នុងអំឡុងពេលដាំដុះដំណាំកសិកម្មសំខាន់ៗ។

ក្រុមប្រឹក្សានេះបានព្រមានថា ការប្រែប្រួលលក្ខខណ្ឌអាកាសធាតុ អាចរំខានដល់ផលិតកម្មនៅក្នុងរដូវដាំដុះបន្ទាប់ ដែលនឹងបង្កើនសម្ពាធបន្ថែមទៀតលើទិន្នផលកសិកម្ម និងប្រាក់ចំណូលរបស់កសិករថៃ៕

អត្ថបទៈ សួន ឡង់ទី.  រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


កម្មវិធី សង្វៀនសហគ្រិនបច្ចេកវិទ្យា ឆ្នាំ២០២៦ រៀបចំដោយសហគ្រិនខ្មែរ ដើម្បីជួយអភិវឌ្ឍផ្នត់គំនិតបែបសហគ្រិនភាព និងនវានុវត្តភាពក្នុងវិស័យបច្ចេកវិទ្យា

រាជធានីភ្នំពេញ — ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២៦ — សហគ្រិនខ្មែរ (Khmer Enterprise) បានរៀបចំកម្មវិធី សង្វៀន​សហគ្រិនបច្ចេកវិទ្យា ឆ្នាំ២០២៦ …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ