មុខងារថ្មីនេះ ផ្តល់នូវជម្រើសដែលមានភាពងាយស្រួលបន្ថែម ដល់អ្នកប្រើប្រាស់ កាតនិម្មិតបាគង Visa សម្រាប់ការចំណាយ ប្រចាំថ្ងៃ ដូចជាការទិញទំនិញ ទិញអាហារ រហូតដល់ការធ្វើដំណើរ នៅគ្រប់ទីកន្លែងដែលទទួលយកការទូទាត់តាមរយៈ បច្ចេកវិទ្យា Contactless ។ ការភ្ជាប់ កាតនិម្មិត Visa ជាមួយកាបូបឌីជីថលបាគងនេះ ផ្តល់ភាពបត់បែន និងផ្តល់ ជម្រើសទូទាត់កាន់តែសម្បូរបែបដល់អ្នកប្រើប្រាស់។
ការដាក់ឱ្យដំណើរការនេះ ធ្វើឡើងស្របពេលដែលសន្ទុះនៃការទូទាត់តាមប្រព័ន្ធឌីជីថលនៅកម្ពុជាកំពុងកើនឡើងយ៉ាងខ្លាំង។ យោងតាមរបាយការណ៍ស្តីពីស្ថានភាពស្ថិរភាពហិរញ្ញវត្ថុ ឆ្នាំ២០២៥ របស់ធនាគារជាតិនៃកម្ពុជា ប្រព័ន្ធទូទាត់បាគង បាន ដំណើរការប្រតិបត្តិការរហូតដល់ប្រមាណ ១,៣៣ពាន់លាន ក្នុងឆ្នាំ២០២៥ ដែលជាកំណើន ១១៨,៧% ធៀបនឹងឆ្នាំមុន។ កំណើនដ៏លេចធ្លោនេះបង្ហាញយ៉ាងច្បាស់ពីតួនាទីកាន់តែសំខាន់នៃការទូទាត់តាមរយៈឌីជីថលក្នុងសកម្មភាពសេដ្ឋកិច្ចប្រចាំថ្ងៃ ព្រមទាំងបើកឱកាសកាន់តែទូលំទូលាយក្នុងការផ្តល់ជូនអ្នកប្រើប្រាស់នូវមធ្យោបាយទូទាត់ដែលមានភាពងាយស្រួល និងរហ័សជាងមុន។
រាល់ប្រតិបត្តិការតាមរយៈ Google Pay ត្រូវបានដំណើរការតាមរយៈ បច្ចេកវិទ្យា Tokenization របស់ក្រុមហ៊ុន Visa ដែលជំនួសលេខកាតជាមួយនឹងលេខកូដសម្ងាត់ឌីជីថល (Digital Tokens)។ ដំណោះស្រាយនេះ ជួយការពារទិន្នន័យទូទាត់ សំខាន់ៗ ដោយមិនបង្ហាញព័ត៌មានកាតទៅកាន់អ្នកលក់ ឬ រក្សាទុកនៅលើឧបករណ៍ណាមួយឡើយ ហើយការទូទាត់តាមរយៈបច្ចេកវិទ្យា Contactless កាន់តែមានភាពងាយស្រួល និងមានសុវត្ថិភាពខ្ពស់។
ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ៖ “បាគងទៅកាន់ពិភពលោក គឺជាការបោះជំហានថ្មីមួយទៀត សម្រាប់បាគង ដោយវិវត្តពីប្រព័ន្ធទូទាត់ក្នុងស្រុក ទៅជាច្រកទូទាត់ទូទាំងសាកលលោក។ កិច្ចសហការនេះ នឹងតភ្ជាប់ប្រព័ន្ធ ទូទាត់ជាតិរបស់កម្ពុជា ទៅនឹងបណ្តាញទូទាត់ជាសាកលរបស់ Visa ដោយផ្តល់ជូនប្រជាជនកម្ពុជា នូវមធ្យោបាយទូទាត់ប្រាក់ ដែលទំនើប មានភាពងាយស្រួល សុវត្ថិភាព និងអាចទុកចិត្តបាន គ្រប់ទីកន្លែង ដែលពួកគេធ្វើដំណើរ។”
លោក Luca Guidobaldi ប្រធានផ្នែកអភិវឌ្ឍន៍បច្ចេកវិទ្យាប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ក្រុមហ៊ុន Visa បានមានប្រសាសន៍ ថា៖ “អាទិភាពចម្បង ដែលមិនអាចខ្វះបានសម្រាប់ការទូទាត់តាមរយៈប្រព័ន្ធឌីជីថល គឺ ភាពងាយស្រួល សុវត្ថិភាពខ្ពស់ និងទំនុកចិត្ត។ តាមរយៈការដាក់បញ្ចូលបច្ចេកវិទ្យា Tokenization របស់ Visa ទៅក្នុង Google Pay សម្រាប់ការប្រើប្រាស់ កាតនិម្មិតបាគង Visa ក្រោមការគាំទ្រពី ធនាគារ អេស៊ីលីដា ភីអិលស៊ី យើងមិនត្រឹមតែពង្រីកជម្រើសទូទាត់ ជូនអតិថិជន ប៉ុណ្ណោះទេ ថែមទាំងជួយការពារទិន្នន័យប្រតិបត្តិការប្រកបដោយសុវត្ថិភាពខ្ពស់ផងដែរ។ កិច្ចសហការនេះឆ្លុះ បញ្ចាំងពីការ ប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Visa ក្នុងការលើកកម្ពស់បទពិសោធន៍ទូទាត់ឌីជីថលប្រកបដោយទំនុកចិត្ត ស្របតាមការវិវត្តនៃ តម្រូវការរបស់អ្នកប្រើប្រាស់នៅកម្ពុជា”។
លោកស្រី សុខ សោភា គណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ បានមានប្រសាសន៍ថា៖ “នៅធនាគារ អេស៊ីលីដា យើងតែងតែប្តេជ្ញាផ្តល់ជូនអតិថិជន និងសាធារណជន នូវដំណោះស្រាយទូទាត់ឌីជីថលប្រកបដោយភាពងាយស្រួល និង សុវត្ថិភាពខ្ពស់បំផុត។ ការដាក់ឱ្យដំណើរការសេវា Google Pay សម្រាប់អ្នកប្រើប្រាស់ កាតនិម្មិតបាគង Visa ដែលបំពេញតាម លក្ខខណ្ឌ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតឈប់ឈររបស់ធនាគារយើងក្នុងការលើកកម្ពស់បទពិសោធន៍ក្នុងការទូទាត់ និងសម្រួល ដល់ការរស់នៅប្រចាំថ្ងៃរបស់អតិថិជន តាមរយៈនវានុវត្តន៍បច្ចេកវិទ្យា។»
ស្របពេលដែលអតិថិជនកាន់តែងាកមកចាប់យកបទពិសោធន៍ឌីជីថល នោះកាបូបលុយអេឡិចត្រូនិកលើទូរស័ព្ទដៃ (Mobile Wallets) បានក្លាយជាជម្រើសដ៏ងាយស្រួល និងរហ័សទាន់ចិត្តសម្រាប់ការទូទាត់ដោយផ្ទាល់នៅតាមហាងទំនិញ ដោយមិនចាំបាច់ប្រើប្រាស់កាតរូបវន្តឡើយ។ តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយធនាគារជាតិនៃកម្ពុជា ព្រមទាំងភាគីពាក់ព័ន្ធក្នុង ក្នុងវិស័យទូទាត់សាច់ប្រាក់ ក្រុមហ៊ុន Visa នៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រីកដំណោះស្រាយទូទាត់ឌីជីថល ប្រកប ដោយសុវត្ថិភាពខ្ពស់ ដើម្បីគាំទ្រដល់អ្នកប្រើប្រាស់ និងម្ចាស់អាជីវកម្មទូទាំងប្រទេសកម្ពុជា។
នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក អ្នកប្រើប្រាស់ប្រមាណជា ៧១ភាគរយ បានប្រើប្រាស់ទូរស័ព្ទដៃក្នុងការទូទាត់ប្រាក់នៅតាមហាង និងអនឡាញ ខណៈពេលដែល ៦៣ភាគរយ ចំណាយច្រើនលើការធ្វើដំណើរកម្សាន្តជាផែនការចំណាយចម្បងរបស់ពួកគេ។ ជាមួយគ្នានេះ ទិន្នន័យរបស់ Visa ក៏បានបង្ហាញផងដែរថា ការធ្វើដំណើរកម្សាន្ត នៅតែជាប្រភេទចំណាយដ៏ធំបំផុតនៅក្នុងតំបន់។ ដោយឡែកសម្រាប់ប្រទេសកម្ពុជា ការតភ្ជាប់នវានុវត្តន៍ទូទាត់ក្នុងស្រុកជាមួយបទពិសោធន៍ឌីជីថល នឹងជួយដល់ការទូទាត់ សម្រាប់អតិថិជន ព្រមទាំងពង្រឹងការតភ្ជាប់ជាមួយសេដ្ឋកិច្ចក្នុងតំបន់។
ក្រុមហ៊ុន Visa ក៏បានចូលរួម ក្នុងការជំរុញការតភ្ជាប់នេះផងដែរ តាមរយៈការភ្ជាប់ជាមួយ កម្មវិធីទូទាត់បាគងទេសចរ ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរអន្តរជាតិភ្ជាប់ Visa កាត របស់ពួកគេ ដើម្បីធ្វើប្រតិបត្តិការទូទាត់តាមរយៈឌីជីថលបានយ៉ាងរលូន ក្នុងអំឡុងពេលស្នាក់នៅប្រទេសកម្ពុជា។