សន្តិសុខស្បៀង

តើកម្ពុជា អាចប្រឈមនឹងវិបត្តិសន្តិសុខស្បៀងដែរឬទេ ខណៈវិបត្តិតម្លៃប្រេងឥន្ធនៈសកលហក់ឡើងថ្លៃខ្ពស់?


​​ក្រុមអ្នកជំនាញសេដ្ឋកិច្ចបានអះអាងថា ការហក់ឡើងខ្ពស់ នៃតម្លៃប្រេងឥន្ធនៈនាពេលបច្ចុប្បន្ន កំពុងដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរលើថ្លៃដើមផលិតកម្ម កសិកម្ម ដែលបង្កការរំខានដល់ការដាំដុះរបស់កសិករខ្មែរ។ ទោះជាយ៉ាងណា កម្ពុជា ត្រូវបានគេមើលឃើញថា មិនទាន់មានសញ្ញាណាមួយបង្ហាញថា អាចប្រឈមនឹងវិបត្តិសន្តិសុខស្បៀងនោះទេ ដោយសារទិន្នផលកសិផលនៅក្នុងស្រុកនៅតែមានច្រើនលើសលប់ ប៉ុន្តែផលប៉ះពាល់ខ្លាំងនឹងធ្លាក់ទៅលើប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ដែលទាមទារឱ្យមានការជួយជ្រោមជ្រែងពីរដ្ឋាភិបាលជាចាំបាច់។
សន្តិសុខស្បៀង
ដោយ

លោក ច័ន្ទ សុផល ប្រធានមជ្ឈមណ្ឌលសិក្សាគោលនយោបាយ បានលើកឡើងថា ស្ថិតក្នុងស្ថានភាពតម្លៃប្រេងឥន្ធនៈហក់ឡើងថ្លៃខ្ពស់ បានធ្វើឱ្យកសិករចំណាយថ្លៃដើមផលិតខ្ពស់ជាងមុនប្រហែល៣០% ដែលអាចធ្វើឱ្យកសិករប្រឈមនឹងការខាតពេលប្រមូលផលលក់។ ស្ថិតក្នុងស្ថានភាពថ្លៃដើមផលិតកើនឡើងខ្លាំង អ្នកជំនាញសេដ្ឋកិច្ចរូបនេះសង្កេតឃើញថា កសិករផលិតស្រូវនៅតាមតំបន់តម្លៃស្រូវធ្លាក់ចុះ ប្រឈមនឹងការផ្អាកការផលិត ឬកាត់បន្ថយការផលិត។ តែទោះជាបែបនេះក្តី អ្នកជំនាញរូបនេះសង្កេតឃើញថា មកទល់ពេលនេះមិនទាន់មានសញ្ញាណាមួយបង្ហាញថា បញ្ហានេះអាចធ្វើឱ្យប៉ះពាល់ដល់សន្តិសុខស្បៀងរបស់កម្ពុជា នោះទេ ដោយសារទិន្នផល ដែលកសិករផលិតបានលើសតម្រូវការប្រើប្រាស់ក្នុងស្រុក។ តែយ៉ាងណាលោក ច័ន្ទ សុផល យល់ឃើញថា ស្ថិតក្នុងស្ថានភាពបច្ចុប្បន្នទាមទារឱ្យរដ្ឋាភិបាលដាក់ចេញគោលនយោបាយឧបត្ថម្ភធនដល់ពលរដ្ឋខ្វះខាត ដើម្បីជួយសម្រាលការចំណាយរបស់ពួកគេ។

ជាមួយគ្នានេះ លោក សុខ សុថា ស្ថាបនិក និង ជានាយកប្រតិបត្តិសមាគមសហព័ន្ធកសិករកម្ពុជា នៃអ្នកផលិតកសិកម្មបានលើកឡើងថា ការហក់ឡើងនៃតម្លៃប្រេងឥន្ធនៈបានធ្វើឱ្យប៉ះពាល់ដល់ខ្សែច្រវាក់ផលិតរបស់កសិករយ៉ាងខ្លាំង ក្រោយតម្លៃទំនិញ និងសេវាកម្មបម្រើក្នុងវិស័យកសិកកម្មបានកើនឡើងទ្វេដង។ ទោះជាប្រឈមនឹងការកើនឡើងតម្លៃថ្លៃដើមផលិតខ្ពស់ជាងមុនក្តី ប៉ុន្តែស្ថាបនិកសមាគមសហព័ន្ធកសិករកម្ពុជា រូបនេះ អះអាងថា កសិករមិនផ្អាកការផលិតនោះទេ គ្រាន់តែអាចមានកាត់បន្ថយការផលិតតែប៉ុណ្ណោះ។ ស្ថិតក្នុងស្ថានភាពនេះលោក សុខ សុថា សំណូមពរដល់រដ្ឋាភិបាលជួយធ្វើយ៉ាងណាកុំឱ្យមានជនឆ្លៀតឱកាសដំឡើងថ្លៃទំនិញប្រើប្រាស់ក្នុងស្រុក ដែលអាចធ្វើឱ្យពលរដ្ឋកាន់តែជួបបញ្ហាប្រឈមបន្ថែមទៀត។

គួរបញ្ជាក់ថា បច្ចុប្បន្នកសិករដែលដាំដុះស្រូវ ដំឡូងមី ពោត និងបន្លែកំពុងរងសម្ពាធយ៉ាងខ្លាំងពីការឡើងថ្លៃជីកសិកម្ម ថ្នាំសម្លាប់សត្វល្អិត និងថ្លៃដឹកជញ្ជូន។ ស្ថិតក្នុងស្ថានភាពដ៏លំបាកនេះ ក្រុមកសិករបានទទូចសុំឱ្យរដ្ឋាភិបាលអន្តរាគមន៍ជួយជំរុញតម្លៃកសិផលឱ្យឡើងថ្លៃសមស្របតាមទីផ្សារប្រេងឥន្ធនៈ ដើម្បីការពារការខាតបង់ធ្ងន់ធ្ងរ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ៕

អត្ថបទ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


Metfone ដាក់ចេញជាផ្លូវការនូវគម្រោងដាតាអ៊ីនធឺណិត 5G ល្បឿនលឿនថ្មី ដ៏ទាក់ទាញ

បន្ទាប់ពីការសាកល្បងបច្ចេកទេសរយៈពេលបីខែ និងលទ្ធផលដ៏ជោគជ័យ Metfone បានប្រកាសជាផ្លូវការនូវការដាក់ឱ្យដំណើរការពាណិជ្ជកម្មនៃគម្រោងដាតា 5G ថ្ម…

តើពលរដ្ឋគួរខ្ចីប្រាក់បន្ថែម ឬមានការថ្លឹងថ្លែងបែបណាក្នុងការប្រើប្រាស់ឥណទានក្នុងស្ថានភាពសេដ្ឋកិច្ចកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា?

ជាការពិតណាស់ ឥណទាន គឺជាឧបករណ៍ហិរញ្ញវត្ថុដ៏សំខាន់មួយសម្រាប់គាំទ្រដល់តម្រូវការហិរញ្ញវត្ថុរបស់ពលរដ្ឋ ក្នុងការកែលម្អជីវភាពរស់នៅ និងជំរុញកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ